ការបានគ្នាជាប្តីប្រពន្ធ គឺជារឿងមួយដ៏អស្ចារ្យណាស់ ព្រោះអ្នកទាំងពីរពិតជាធ្លាប់បានកសាងនិស្ស័យនឹងគ្នា ហេតុនេះចូរអ្នកកុំបញ្ចប់និស្ស័យនេះ ដោយគ្រាន់តែរឿងមួយចំនួន ដែលកើតមានក្នុងគ្រួសារ។ ម្យ៉ាងទៀតក្នុងនាមជាប្តីប្រពន្ធ មានតួនាទីទទួលខុសត្រូវចំពោះសេចក្តីសុខ សេចក្តីថ្លៃថ្នូរសុភមង្គលក្នុងគ្រួសារ តើអ្នកពិតជាចង់បំផ្លាញវាដោយគ្រាន់តែរឿងបន្តិចបន្តួចក្នុងគ្រួសារមែនទេ?។
ជាប្តីប្រពន្ធ អ្នកគួរតែនិយាយគ្នាអោយបានច្រើននៅមុនពេលគេង ពីព្រោះគ្រែមួយ ខ្នើយមួយ គឺជាកន្លែងប្រជុំរបស់អ្នកទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយក្នុងឆាកជីវិត ដោយអ្នកមិនត្រូវយករឿងគ្រួសារ របស់អ្នកទៅនិយាយនៅលើគ្រែផ្សេងនោះទេ អាចនិយាយថា ចង្កៀងផ្ទះអ្នកណាភ្លើងផ្ទះអ្នកនោះ។
ដំបូន្មានរបស់ចាស់ៗ ប្រៀនប្រដៅថាចូលកុំនាំភ្លើងក្រៅចូលក្នុង ភ្លើងក្នុងចេញក្រៅ មានន័យថា កុំប្រមូលយករឿងខាងក្រៅមកក្នុងគ្រួសារ រឺកុំយករឿងក្នុងគ្រួសារទៅអោយគេឯងដឹង។ ប្ដីខឹងប្រពន្ធខំអត់មានន័យថា បើម្នាក់ខឹងហើយ មានអារម្មណ៍មិនល្អហើយ រករឿងឈ្លោះប្រកែកគ្នាហើយ សូមអ្នកទាំងពីរខាំមាត់សង្កត់ចិត្ត ទ្រាំកុំឈ្លោះ ទ្រគោះបោះបោក រឺហៅថា កុំយកកំហឹងទល់និងកំហល់។
កុំហៅគ្នា ឆ្កែឆ្មា ពេលឈ្លោះគ្នា ព្រោះពេលអ្នកត្រូវគ្នាវិញ អ្នកពិតជាមើលមុខគ្នាមិនត្រង់នោះទេ ចូលកុំឈ្លោះ រឺរករឿងគ្នាពេលម្នាក់កំពុងឈឺ ត្រូវអត់ទ្រាំ មើលថែគ្នា។ រឿងមួយទៀតកុំយកវង្សត្រកូលមកធ្វើជាខ្នងបង្អែក តាំងខ្លួនឯងជាអ្នកគ្រប់គ្រង និងកុំអាងជម្លោះ អាងទ្រព្យ អាងរូបសម្បត្តិ ចំពោះគ្នានឹងគ្នា ព្រោះអ្នកទាំងពីរទោះជាយ៉ាងណា គឺជាប្តី ប្រពន្ធ។
មិនគួរប្រើដៃជើង ពេលឈ្លោះគ្នា កុំឈ្លោះគ្នាចំពោះមុខកូនៗ ព្រោះវានឹងធ្វើជាគំរូអាក្រក់ជាទីបំផុតសម្រាប់កូនៗរបស់អ្នក។ ពាក្យទូន្មានទាំងនេះ គេតែងលឺអាចារ្យប្រៀនប្រដៅពេលកូនៗរៀបការ ប៉ុន្តែមានភាគតិចណាស់ដែលអាចចងចាំពាក្យទាំងនេះបាន ព្រោះពេលខ្លះសាមីខ្លួនជាអ្នករៀបការមិនទាំងដឹងផងថា ខ្លួនកំពុងតែក្លាយជាអ្នកទទួលខុសត្រូវលើគ្រួសារមួយ។
សរុបមក ពេលបានគ្នាជាប្តី ប្រពន្ធត្រូវចេះស្រឡាញ់គ្នា បង្កើតពេលវេលាសប្បាយរីករាយឲ្យគ្នាឲ្យបានច្រើន យកអាសាគ្នា បារម្ភពីគ្នា លួងលោមគ្នា ព្យាយាមជៀសវាងនៅជម្លោះ និងរឿងអាក្រក់ៗ ពេលនោះជីវិតអ្នកទោះក្របន្តិចក្ដី ក៏អ្នកអាចមានភាពផ្អែមល្ហែមដែរ នេះហើយទើបជារស់ជាតិ នៃសេចក្ដីសុខ និងសុភមង្គលនៅក្នុងគ្រួសារដែលអ្នកចង់បាន៕
ប្រភព៖ Sabay.com
0 comments:
Post a Comment