ចំណេះដឹងថ្មីៗ

ស្រលាញ់គេម្នាក់ឯង ចុងក្រោយ.....


មានមនុស្សល្អៗជាច្រើនដែលស្រលាញ់យើង ប៉ុន្ដែខ្លួនឯងបែរជាជ្រើសរើសស្រលាញ់មនុស្សម្នាក់ដែលគេមិនដែលចាប់អារម្មណ៍លើយើងទៅវិញ ។ គេថាការស្រលាញ់គឺមិនដែលសាកសមពិតមែន ខ្លួនឯងនិយាយច្រើន តែបែរជាទៅស្រលាញ់អ្នកដែលមិនចេះមាត់កអ្វីសោះ ខ្លួនឯងមិនស្អាត តែបែរជាទៅស្រលាញ់គេអ្នកស្អាត ខ្លួនឯងរៀនមិនពូកែ តែបែរជាស្រលាញ់អ្នកដែលរៀនពូកែ ស្រលាញ់គេទាំងដឹងថាយើងគ្មានអ្វីដែលយកទៅប្រៀបជាមួយគេបានឡើយ ។

ដឹងថាមិនសាកសមជាមួយគេដែរ ប៉ុន្ដែនៅតែទ្រាំស្រលាញ់ទាំងឈឺចាប់ខ្លាំង ។ ថាល្ងង់ក៏ថាបាន ប៉ុន្ដែអ្នកដែលឆ្លងកាត់អារម្មណ៍បែបនេះទើបអាចយល់បាន ។ ពេលខ្លះចង់ឈានជើងចេញពីជីវិតគេទៅឲ្យឆ្ងាយ ឈប់នឹក ឈប់ខ្វល់ ឈប់ផ្ញើសារ ឈប់ខល តែធ្វើមិនបាន ហាមចិត្តខ្លួនឯងមិនឲ្យនឹកគេទៀតរឹតែធ្វើមិនបាន ។

កាលពីមុនធ្លាប់តែជាមនុស្សម្នាក់ដែលរឹងមាំ តែពេលនេះបែរជាមកទន់ជ្រាយជាមួយនឹងរឿងស្នេហាទៅវិញ ។ យល់ថាខ្លួនឯងកំសាកដែរ ប៉ុន្ដែចង់បណ្ដោយឲ្យអារម្មណ៍បែបហ្នឹង ហើយក៏គិតថាថ្ងៃក្រោយវាប្រហែលជាមានមេរៀនថ្មីពីការឆ្លងកាត់រឿងទាំងអស់នេះ ។ ថាទៅបើអ្នកដែលមិនធ្លាប់ឆ្លងកាត់អារម្មណ៍នេះក៏ប្រហែលជាគិតថាយើងកំសាក ទន់ជ្រាយ និងមិនគួរឲ្យអាណិតទេ ប៉ុន្ដែប្រសិនបើគេឆ្លងកាត់អារម្មណ៍នេះ ប្រហែលជាគេអាចយល់ដូចយើងនៅក្នុងពេលនេះដែរ ។

អារម្មណ៍ស្រលាញ់គេតែម្ខាង យំក៏គ្មានអ្នកដឹង ឈឺចាប់ក៏គ្មានអ្នកយល់ ។ ពេលខ្លះហត់នឿយ តែមិនព្រមបោះបង់ចោលសោះ នៅតែគិតថាតស៊ូ ​ហើយគិតក្នុងចិត្តថាបន្ដិចទៀតវានឹងជោគជ័យ ។ យកជោគជ័យលើការងារ ឬការរៀនសូត្រ ងាយជាងយកជោគជ័យលើស្នេហា ព្រោះស្នេហាមិនមានពាក្យថាជោគជ័យ ឬបរាជ័យនោះទេ ។ វាមានតែការឈឺចាប់ និងសុភមង្គល ។ យ៉ាងណាក៏បានត្រឹមតែរអ៊ូរទាំចំពោះភាពហត់នឿយ តែមិនអាចបោះបង់ចោលការតាំងចិត្តដដែល ត្រូវតែស៊ូឲ្យដល់ទីបំផុតនៃពេលវេលាដែលត្រូវបញ្ចប់ ៕

អត្ថបទ៖ Nadech
ប្រភពពី៖ KohThmey

0 comments:

Post a Comment

Powered by Blogger.