រៀបការជាថ្ងៃមង្គលពិសេសសម្រាប់មនុស្សគ្រប់រូប ហើយជាវេលាជួបជុំមួយសម្រាប់ញាតិមិត្តជិតឆ្ងាយផងដែរ។ យ៉ាងណាមិញ ដំណើរការនៃការរៀបចំពិធីមង្គលនេះ មិនមែនចេះតែរលូនគ្មានបញ្ហានោះទេ អ្នកខ្លះមិនបានគិតដិតដល់ អាចនឹងជួបបញ្ហាជិតដល់ថ្ងៃពិសេសនេះ បើកក់រោងការ ចុងភៅ ឬ សម្អាងការ មិនបាន។
រោងការ៖ ធម្មតាបើកូនកំលោះក្រមុំ ដេញពេលាបានហើយគួរតែទៅកក់សេវាកម្មសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងពិធីនេះឲ្យបានយ៉ាងហោចណាស់ក៏៥ខែមុនដែរ ករណីអ្នកមិនអាចរៀបចំពិធីនេះនៅផ្ទះបាន។ នេះបើតាមការឲ្យដឹងពីអ្នកនាង សិលា ដែលទើបនឹងរៀបការរួចកាលពីពេលថ្មីៗ។
កន្លែងរៀបចំពិធីពិតជាសំខាន់ បើសិនអ្នកសម្រេចចិត្តបានច្បាស់លាស់ថាយកហាងរៀបការហើយ ចឹងក្រោយដេញពាលារួច គួរស្រូតរួសរាន់ទៅកក់ហាង បើកក់បានមុន អ្នកក៏អាចសន្សំលុយបានមួយកម្រិតដែរ។ សិលា បានឲ្យដឹងទៀតថា៖ "បើកក់ពីចម្ងាយអាចបានធូរថ្លៃ បើកៀកថ្ងៃពេកថ្លៃហើយ ជួនកាលអត់មានទៀត ចឹងយកល្អគួរតែកក់មុនយ៉ាងហោចណាស់ក៏ ៥ ទៅ ៦ខែដែរ ជាពិសេសបើចំរដូវការទៀត ដឹងតែអត់មានម៉ង។"
ចុងភៅ៖ បន្ទាប់ពីកក់ហាងរួចរាល់ កុំភ្លេចរឿងចុងភៅ វាសំខាន់ខ្លាំងណាស់។ សិលា អះអាងទៀតថា បើសិនជាម្ហូបមិនឆ្ងាញ់ និងប៉ះចំចុងភៅ ដែលរិះថាំ នោះភ្ញៀវប្រាកដជាមិនសប្បាយចិត្ត ជួនកាលអាចនឹងនិយាយដើមផងក៏ថាបាន។ ចឹងត្រូវប្រាកដប្រជាជាមួយ ចុងភៅ និយាយគ្នាមុនឲ្យបានច្បាស់លាស់ ធម្មតាបើដល់ថ្ងៃការជួបបញ្ហា ក្រុមគ្រួសារច្បាស់ជាមិនហ៊ានតវ៉ាជាមួយចុងភៅឡើយ ត្បិតអីជាថ្ងៃមង្គល មានតែខាំមាត់សង្កត់ចិត្ត។ សិលា បន្ត។
សម្អាងការ៖ ដោយឡែករឿងសំខាន់មួយទៀតគឺ សម្អាងការ អ្នកខ្លះទៀតអាចនឹងកក់មុនរហូតដល់១ឆ្នាំឯណោះ។ ការជ្រើសរើសសម្អាងការគឺសំខាន់ ជាពិសេសលើការតុបតែងសម្រាប់កូនក្រមុំ។ ម្ចាស់សម្អាងការ វីន អ្នកស្រី ធាវី បានឲ្យដឹងថា៖ "បើកក់មុនត្រឹមតែ ២ ឬ ៣ខែ អាចនឹងពិបាក ព្រោះរដូវរៀបការ មានភ្ញៀវច្រើន ដែលគេបានកក់មុនយូរ ចឹងខាងបងមិនមែនចេះតែទទួលទេ។ ខាងបងមានគោលការណ៍ត្រឹមត្រូវ យើងមិនចង់ឲ្យអ្នកមកកក់ និងខាងសម្អាងការជួបបញ្ហា ពេលដែលដល់ថ្ងៃ ខុសការសន្យានោះទេ។ ចឹងពួកគាត់គួរតែមកកក់មុនយ៉ាងហោចណាស់ក៏កន្លះឆ្នាំដែរអូន។"
គូស្នេហាទម្រាំស្រលាញ់គ្នាឈានមកដល់ថ្ងៃពិសេសនេះ បានឆ្លងកាត់ឧបសគ្គជាច្រើន ដូច្នេះបើសម្រេចថារៀបការហើយ គួរតែប្រុងប្រយ័ត្ន ចំពោះករណីដែលបានរៀបរាប់ខាងលើ ដើម្បីកុំឲ្យជួបបញ្ហាអំឡុងពេលរៀបចំមង្គល។ តែមិនមែនមានន័យថារៀបការរៀបចំតែប៉ុណ្ណឹងនោះទេ អ្នកមានភារកិច្ចរៀបចំការងារផ្សេងៗទៀត គួរតែយកចិត្តទុកដាក់ដូចគ្នា គ្រាន់តែ ៣មុខនេះវាចាំបាច់ដែលអ្នកគួរតែគិតគូមុនយូរខែទើបមិនជួបបញ្ហា៕
អត្ថបទ៖ ថា ម៉ាលីដា
ប្រភពពី៖ Sabay.com.kh
0 comments:
Post a Comment