ជំនឿ និង ហោរាសាស្ត្រ

​​ក្បួន​ចិន ក្នុង​ការ​មើល​ភិន​ភាគ​ជន​ខិល​ខូច​!


ប្រជា​ជន​ចិន​មាន​ទម្លាប់​វាយ​តម្លៃ​មនុស្ស​តាមលក្ខណៈ​ទ្រង់ទ្រាយ​របស់​មនុស្ស។ ខាងក្រោម​នេះ គឺ​មាន ៧ ចំណុច សម្រាប់​កត់សម្គាល់​ជនខិលខូច​របស់​ជន​ជាតិ​ចិន​៖​

១.មើលពីក្រោយត្រចៀកឃើញថ្ពាល់ មើលចំពីមុខគ្មានមនោសញ្ចេតនា
ចំពោះភិនភាគមនុស្សដែលមានឆ្អឹងថ្ពាល់រីកធំចេញក្រៅ ដែលអាចមើលឃើញពីក្រោយត្រចៀកឃើញ​ថ្ពាល់នោះ គឺជាពពួកជនដែលគ្មានមនោសញ្ចេញនា និងគ្មានចិត្តធម៌មេត្តាអ្វីឡើយ ហើយក៏ជាមនុស្សក្បត់ផងដែរ។ ម្យ៉ាងទៀត បើក្នុងថ្ងៃណាមួយបានជួបនឹងរឿងជម្លោះដ៏ខ្លាំងក្លា​ណាមួយ ឬក៏ធ្លាក់ខ្លួនចូលក្នុងគ្រាលំបាកលំបិននោះ គឺប្រាកដជាហ៊ានរើបម្រះដោយមិនគិតពីអ្នកដទៃ​ស្លាប់ ឬរស់ឡើយ ដូច្នេះអាចនិយាយបានថាជា ជនកំណាចឃោរឃៅជាទីបំផុត។

២. ប៉ប្រិចភ្នែកញឹកញាប់
ប្រសិនបើជាមនុស្សមានទម្លាប់ប៉ប្រិចភ្នែកញឹកញាប់ ជាធម្មតាតែងតែលួចសម្លក់សម្លឹងដែលធ្វើឱ្យអ្នកដទៃមានអារម្មណ៍មិនល្អ ដូច្នេះប្រហែលជាស្ថិតក្នុងប្រភេទមនុស្សដែលមានចិត្តពុំទៀងត្រង់ឡើយ។ ម្យ៉ាងទៀត ប្រសិនបើបន្ថែមលើមានភិនភាគកែវភ្នែក-សខាងលើប្រស្រីភ្នែកស្ថិតជាប់ត្របកភ្នែកខាងក្រោម ដោយបន្សល់ផ្ទៃពណ៌-សនៅផ្នែកខាងលើ ឬភ្នែកត្រីកោណ គឺរឹតតែជាជនដែលមានល្បិចកលយ៉ាងពិសពុលជាទីបំផុត។ ដូច្នេះចូរមានស្មារតីប្រុងប្រយ័ត្នជានិច្ច។

៣.ក្តោងច្រមុះវៀច ចូលចិត្តនិយាយមួលបង្កាច់
ចំពោះមនុស្សដែលមានទ្រង់ទ្រាយក្តោងច្រមុះវៀច ឬស្នាមចង្អូរវៀច គឺភាគច្រើនជាមនុស្សដែលមានចិត្តវៀចវេរ។ ម្យ៉ាងទៀត ដោយសារតែមានបញ្ញាវាងវៃបន្តិចបន្តួច ដូច្នេះហើយទើបជារឿយៗមានការនិយាយដោះសាររយកតែរួចខ្លួន រហូតហ៊ាននិយាយមួលបង្កាច់អ្នកដទៃទៀតផង។​ជួនកាលដើម្បីផលប្រយោជន៍អ្វីមួយៗ គឺពិតជាហ៊ានប្រព្រឹត្តនីវអំពើដ៏ថោកទាបមួយជាក់ជាមិនខាន។

៤.ចុងច្រមុះស្រួចគ្មានសាច់ សម្បូរទៅដោយល្បិចកល
តាមធម្មតា គេច្រើនសម្កាល់ជនខិលខូចទៅលើប្រភេទមនុស្សដែលមាន ចុងស្រមុះស្រួច គ្មានសាច់ អាចឆ្លុះបញ្ជាំងថា ជាអ្នកមានចិត្តស្រាល និង​​សម្បូរទៅដោយល្បិច​កល ដ៏ពិសពុលទៀតផង។ ម្យ៉ាងទៀត បើមានក្តោងចម្រុះកោងដូចចំពុះសត្វសេក ឬក៏ឆ្អឹងចម្រុះលេចធ្លោចេញខ្លាំង គឺសំដៅទីលើមនុស្សដែលមានអត្តចរិតចូលចិត្តបំផ្លិចបំផ្លាញផលប្រយោជន៍របស់អ្នកដទៃ។

៥. បបូរមាត់ស្នើង មាត់វៀច ចូលចិត្តប្រឌិតរឿងមិនពិត

តាមពិត មនុស្សដែលមានបបូរមាត់ស្តើងជាអ្នកលាក់ពុត ដូច្នេះពាក្យសម្តីរបស់គេមិនត្រូវជឿជាក់ពេកទេ។ មនុស្សប្រភេទនេះ ជាអ្នកចូលចូលចិត្តប្រឌិតរឿងមិន ពិត ហើយក៏ជាអ្នកចូលចិត្តនិយាយអាក្រក់ពីអ្នកដទៃទៀតផង។

ចំពោះមនុស្សមាត់វៀច គឺជាប្រភេទមនុស្សបានត្រឹមតែអឺអើតែមាត់ប៉ុណ្ណោះ ហើយជួនពេលខ្លះ មិនអាចគ្រប់គ្រងខ្លួនឯងបាន ក៏បញ្ចេញនូវពាក្យសម្តីទ្រគោះបោះបោកលើអ្នកដទៃទៀតផង ដូច្នេះពិបាកក្នុងការរស់នៅជាមួយគ្នា។

៦.អណ្តាតស្រួច ធ្មេញរង្វើល
អណ្តាតស្រួចវែង ដែលគេហៅថា “អណ្តាតពស់” នោះ គឺជាមនុស្សពូកែខាងវោហារ ប៉ុន្តែមានអត្តចរិតក្រឡិចក្រឡុច និងរប៉ិលរប៉ូច ពិបាកជឿទុកចិត្ត។ រីឯអ្នកដែលមានធ្មេញរង្វើលដុះមិនស្មើគ្នា ឬក៏ចន្លោះប្រហោងច្រើន ជារឿយៗនិយាយសម្តីចេញហើយមិនប្រកាន់ពាក្យសច្ចៈ ហើយតែងតែនិយាយប៉ះពាល់ដល់អ្នកដទៃ។ ម្យ៉ាងទៀត ជាមនុស្សមាត់ដាច ព្រោះពុំអាចចេះលាក់អាថ៌កំបាំង។

៧.ដើរក្បាលរុលទៅមុខ ចូលចិត្តបញ្ចេញកាយវិការ

ចំពោះការបោះជំហានដើរ ក៏អាចទស្សន៍ទាយបាននូវអត្តចរិតរបស់មនុស្សគ្រប់រូបដែរ។ ចំពោះជនខិលខូច គេអាចកត់សម្គាល់បានថា ពេលដើរម្តងៗគឺភាគច្រើនតែងតែជំទើតកែងជើងផុត​ពីដី និងងោកក្បាលទៅមុខ ការបោះជំហានអាចឆ្លុះបញ្ចាំងពីមនុស្សមានល្បិចកលច្រើន ដូច្នេះត្រូវប្រុងប្រយ័ត្ន៕

ប្រភពពី៖ Facebook Liwei Hong

0 comments:

Post a Comment

Powered by Blogger.