កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧នេះធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីប្រកាសស្ដីពីការដាក់ឱ្យចរាចរក្រដាសប្រាក់ ៥០០០ រៀល និង ១០០០រៀលថ្មីជាផ្លូវការ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធី បុណ្យខួបនៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមកស្វែងយល់លក្ខណៈពិសេស និងលក្ខណៈសម្គាល់ នៃក្រដាសប្រាក់ថ្មីទាំងពីរនេះ ដោយយោងតាមសេចក្ដីរបស់ប្រកាសរបស់ធនាគារជាតិ។
លក្ខណៈពិសេស និងលក្ខណៈសម្គាល់នៃក្រដាសប្រាក់ ៥០០០រៀលថ្មី៖
១. លក្ខណៈទូទៅ
ទំហំធនបត្រ៖ បណ្ដោយ១៤២មម និងទទឹង ៦៨មម
ពណ៌ចម្បង គឺពណ៌ស្វាយ និងពណ៌ត្នោត
២. ផ្នែកខាងមុខនៃធនបត្រ
ផ្នែកកណ្ដាល ខាងស្ដាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ នៃព្រះបរមរតនកោដ្ឋព្រះបាទ នរោត្ដមសីហនុវរ្ម័ន កាលពីព្រះអង្គកំពុងបំពេញព្រះរាជបូជនីយកិច្ច ដឹកនាំចលនាទាមទារឯករាជ្យជាតិ ពីពួកអាណានិគមនិយមបារាំងសេស។ ចំណែកខាងឆ្វេងមានលេខ «៥០០០» នៅពីលើគេ បន្ទាប់មកពីជាហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា ព្រមទាំងរូបតែងលម្អ យកតាមរូបក្បាច់ហោជាង នៃអគារតុលាការកំពូល និងខាងក្រោមនោះមានលេខ-មាលាបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅ។ កាន់តែពិសេសក្រដាសប្រាក់ ៥០០០រៀលថ្មីនេះ មានរូបក្បាលនាគ ៥នៅវិមានឯករាជ្យ និងអក្សរ «ប្រាំពាន់រៀល» ព្រមទាំងអក្សរ «អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្ដន្ទាទោសតាមច្បាប់» នៅគែមខាងក្រោមនោះ។
ផ្នែកខាងស្ដាំ ជ្រុងលើមានអក្សរ «ធនាគារជាតិនៃកម្ពុជា» ព្រមទាំងមានលេខ-មាលាបោះពុម្ពដោយទឹកខ្មៅពណ៌ក្រហម និងនៅកណ្ដាលមានរូបភាពអង្គដៅខាងមុខ ដែលមើលឆ្លុះឃើញលេខ "5000” និងជ្រុងក្រោមមានលេខ «៥០០០» ព្រមជាមួយលេខ "5000” នៅពីក្រោមនោះ។
ផ្នែកខាងឆ្វេង មានលេខ "5000” ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងរូបភាពតែងលម្អពណ៌ប្រាក់យកលំនាំតាមក្បាច់ចម្លាក់នៅប្រាសាទបន្ទាយស្រី បោះពុម្ពកាត់ទទឹងក្រដាសប្រាក់ពីលើដល់ក្រោម និងជ្រុងក្រោមមាននិមិត្តសញ្ញាសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក ព្រមទាំងគំនូសបន្ទាត់ខ្លីៗជាច្រើនបង្កើតឡើងដោយលេខ «៥០០០» ដ៏តូចល្អិត។
៣. ផ្នែកខាងខ្នងនៃធនបត្រ
ផ្នែកកណ្ដាល ត្រូវបានរំលេចឡើងនូវរូបភាពរូបនាគក្បាល ៩ នៅស្ពានបុរាណកំពង់ក្ដី និងរូបតួស្ពាន មើលបញ្ឆិតពីចំហៀងខាងស្ដាំ នៅពីលើរូបស្ពានមានតែងលម្អដោយក្បាច់ចម្លាក់ នៅប្រាសាទបន្ទាយស្រី និងនៅពីក្រោមមានអក្សរ «ប្រាំពាន់រៀល»។
ផ្នែកខាងស្ដាំ ជ្រុងលើមានលេខ "5000" បោះពុម្ពតាមបន្ទាត់បញ្ឈរ នៅកណ្ដាលជារូបចម្លាក់នៅប្រាសាទបាយ័ន និងនៅជ្រុងក្រោមមានលេខ «៥០០០»។
ផ្នែកខាងឆ្វេង ជ្រុងលើមានអក្សរ «ធនាគារជាតិនៃកម្ពុជា» អក្សរ "NATIONAL BANK OF CAMBODIA” និងលេខ "2015” និងនៅកណ្ដាលមានរូបភាពព្រាលៗនៃរូបចម្លាក់ព្រះកេសទេវតានៅឯទ្វារជ័យខាងត្បូងនៅប្រាសាទបាយ័ន និងក្បាច់តែងលម្អពណ៌ប្រាក់ ផ្ដុំឡើងដោយលេខ «៥០០០» ព្រមទាំងរូបភាពអង្គដៅចំណាំខាងខ្នងដែលមើលឆ្លុះឃើញលេខ "5000” ផ្កាប់ និងនៅជ្រុងក្រោមមានលេខ «៥០០០»។
លក្ខណៈពិសេស និងលក្ខណៈសម្គាល់នៃក្រដាសប្រាក់ ១០០០រៀលថ្មី៖
១. លក្ខណៈទូទៅ
ទំហំធនបត្រ៖ បណ្ដោយ១៤២មម និងទទឹង ៦៨មម
ពណ៌ចម្បង គឺពណ៌ផ្ទៃមេឃ និងពណ៌ខៀវ និងពណ៌លឿងទុំ
២. ផ្នែកខាងមុខនៃធនបត្រ
ផ្នែកកណ្ដាល ខាងស្ដាំត្រូវបានរំលេចឡើងនូវឆាយាល័ក្ខណ៍នៃព្រះបរមរតនកោដ្ឋព្រះបាទ នរោត្ដមសីហនុវរ្ម័ន កាលពីព្រះអង្គគង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិ។ ចំណែកខាងឆ្វេងមានលេខ «១០០០» នៅពីលើគេ បន្ទាប់មកពីជាហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា ព្រមទាំងរូបតែងលម្អ យកតាមរូបក្បាច់ហោជាង នៅប្រាសាទ នៃព្រះបរមរាជវាំង និងខាងក្រោមនោះមានលេខ-មាលាបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅ។ កាន់តែពិសេសក្រដាសប្រាក់ ១០០០រៀលថ្មីនេះ មានរូបក្បាលនាគ ៥នៅប្រាសាទបឹងមាលា និងអក្សរ «មួយពាន់រៀល» ព្រមទាំងអក្សរ «អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្ដន្ទាទោសតាមច្បាប់» នៅគែមខាងក្រោមនោះ។
ផ្នែកខាងស្ដាំ ជ្រងលើមានអក្សរ «ធនាគារជាតិនៃកម្ពុជា» ព្រមទាំងមានលេខ-មាលាបោះពុម្ពដោយទឹកខ្មៅពណ៌ក្រហម និងនៅកណ្ដាលមានរូបភាពអង្គដៅខាងមុខ ដែលមើលឆ្លុះឃើញលេខ "1000” និងជ្រុងក្រោមមានលេខ «១០០០» ព្រមជាមួយលេខ "1000” នៅពីក្រោមនោះ។
ផ្នែកខាងឆ្វេង មានលេខ "1000” ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងរូបភាពតែងលម្អពណ៌ប្រាក់យកលំនាំតាមក្បាច់ចម្លាក់នៅប្រាសាទបន្ទាយស្រី បោះពុម្ពកាត់ទទឹងក្រដាសប្រាក់ពីលើដល់ក្រោម និងជ្រុងក្រោមមាននិមិត្តសញ្ញាសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក ព្រមទាំងគំនូសបន្ទាត់ខ្លីៗជាច្រើនបង្កើតឡើងដោយលេខ «១០០០» ដ៏តូចល្អិត។
៣. ផ្នែកខាងខ្នងនៃធនបត្រ
ផ្នែកកណ្ដាល ត្រូវបានរំលេចឡើងនូវរូបភាពព្រះទីនាំងទេវាវិនិច្ឆ័យមើលបញ្ឆិតពីចំហៀងពីជ្រុងមុខខាងឆ្វេង និងនៅពីក្រោមនោះមានអក្សរ «១ពាន់រៀល»។
ផ្នែកខាងស្ដាំ ជ្រុងលើមានលេខ "1000" បោះពុម្ពតាមបន្ទាត់បញ្ឈរ នៅកណ្ដាលជារូបចម្លាក់គ្រុឌឈរទ្រចែងប្រាសាទព្រះរាជដំណាក់ច័ន្ទ និងនៅជ្រុងក្រោមមានលេខ «១០០០»។
ផ្នែកខាងឆ្វេង ជ្រុងលើមានអក្សរ «ធនាគារជាតិនៃកម្ពុជា» អក្សរ "NATIONAL BANK OF CAMBODIA” និងលេខ "2016” និងនៅកណ្ដាលមានរូបភាពព្រាលៗនៃរូបចម្លាក់ដាក់តាំងនៅព្រះបរមរាជវាំង នៃអតីតព្រះមហាក្សត្រព្រះបាទនរោត្ដម ទ្រង់ឈរប្រថាប់លើព្រះទីនាំងពាលី ព្រមជាមួយក្បាច់តែងលម្អពណ៌ប្រាក់ ផ្ដុំឡើងដោយលេខ «១០០០» ផ្ទុយគ្នា និងនៅជ្រុងក្រោមមានលេខ «១០០០»។
តាមសេចក្ដីប្រកាសរបស់ធនាគារជាតិ នៃកម្ពុជាចាប់ពីថ្ងៃប្រកាសនេះតទៅ ធនបត្រប្រភេទ ៥០០០រៀល និង ១០០០រៀលគំរូថ្មី ត្រូវបានដាក់ឱ្យធ្វើចរាចរទន្ទឹមគ្នាជាមួយធនបត្រជាតិប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយរួចមកហើយ។ ដូច្នេះសាធារណជនត្រូវពិនិត្យ-សម្គាល់ធនបត្រគំរូថ្មីនេះឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការភ័ន្តច្រឡំ៕
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
ប្រភពពី៖ Sabay.com.kh
0 comments:
Post a Comment