បាតដៃរបស់យើងម្នាក់ មានសភាពខុសប្លែកពីគ្នា។ ជោគវាសនា និងអនាគត ក៏ខុសគ្នាដែរ។ ចាស់ៗបុរាណលោកបានចែកប្រភេទនៃបាតដៃជា ៨ប្រភេទ ហើយក៏បានធ្វើការទស្សន៍ទាយពីបាតដៃនីមួយៗ ដែលបង្ហាញឲ្យឃើញពីអ្វីដែលបម្រុងនឹងកើតឡើងនាពេលអនាគត។
១. លក្ខណៈបាតដៃដែលសំខាន់នោះគឺ មានសាច់នឹងឆ្អឹងសមគ្នា បើឆ្អឹងដុះស្រួចឡើងមកមិនល្អ បើបាតដៃមានសាច់ស្រោបឆ្អឹងមិនជិត ទាយថា មិនល្អច្រើនអភ័ព្វ បើសាច់ចេញក្រាស់បរិបូណ៍ល្អណាស់ បើឆ្អឹងច្រើន សាច់តិច អ្នកនោះនឹងពឹងញាតិមិនបានឡើយ។
២. លក្ខណៈបាតដៃល្អនោះគឺ បាតដៃទន់ល្មើយដូចសំឡី សម្បុរល្អិតដូចសម្ពត់សម្ពល់អញ្ចាញដៃមានខ្សែតូចដូចសូត្រពណ៌ក្រហម ស្រដៀងនឹងជាតិហិង្គុល, ក្ដៅឧណ្ឌៗនៅជានិច្ច មិនត្រជាក់ស្រេង ខ្នងដៃកំពង់ដូចខ្នងអណ្ដើក កណ្ដាលបាតដៃខួចដូចសំបកស៊ុតមាន់ ឆ្អឹង និងថ្នាំងដៃរលីងស្អាត មិនដុះប៉ោង ស្បែកធូរសាច់ក្រាស់ បើជនណាមានបាតដៃដូច្នេះ គង់នឹងមានបុណ្យវាសនា បើមិនដូច្នេះទេ គង់នឹងបរិបូណ៌ដោយទ្រព្យសម្បត្តិ។
៣. លក្ខណៈបាតដៃអាក្រក់នោះគឺ បាតដៃរឹង, គគ្រាត ពណ៌ស្ងួត ស្លេក ក្រៀម ខ្លោចស្រអ័ព្វខ្មៅ មិនស្រស់ថ្លា សរសៃធំធ្លោស ឆ្អឹងធំកោងខ្ពស់ សាច់តិចជាឆ្អឹងបាតដៃស្ដើង លក្ខណៈដូចពោលមកនេះ ច្រើនបានសេចក្ដីលំបាក ទាំងអាយុក៏មិនយឺនយូរ។
៤. បាតដៃធំ ម្រាមតូច កាលអាយុនៅតិច ទុកទ្រព្យសម្បត្តិមិនគង់, បាតដៃពណ៌ដូចថ្លើមជ្រូក ច្រើនបានទៅក្នុងទ័ពសឹក បើមិនដូច្នេះទេ ច្រើនចាកចោលទីលំនៅ, បើមនុស្សស្គមបាតដៃស្ដើងមិនជាអ្វីទេ មនុស្សស្គម បាតដៃធាត់ល្អណាស់, មនុស្សធាត់បាតដៃមិនមានសាច់ មិនល្អ, មនុស្សធាត់ បាតដៃក្រាស់មានសាច់ច្រើន ជាណាស់ហោង។ បើបាតដៃល្អ តែអញ្ចាញដៃអាក្រក់ កាលនៅតូចទ្រព្យសម្បត្តិនឹងវិនាសខ្ចាត់ខ្ចាយ, បើលក្ខណៈអញ្ចាញដៃល្អ តែបាតដៃអាក្រក់ ដល់ចាស់នឹងមានទ្រព្យតែល្មមប្រមាណ បាតដៃសម្បុរល្អិតតែធូរ ទោះនឹងមានក៏ត្រូវនឿយព្រួយ, បាតដៃមានប្រជ្រុយដាំដែង នឹងមានទ្រព្យសម្បត្តិ ហើយនឹងមានបុណ្យផង, បើបាតដៃមានអញ្ចាញដ៏ប្លែកចម្លែក អ្នកនោះគង់នឹងមានយសស័ក្ដិ, បើសរសៃតាមឆ្អឹងខ្លួនឡើងស្ទុង អ្នកនោះខ្លួនជាសុខ តែចិត្តជាទុក្ខ, បើថ្នាំងម្រាមប៉ោងធំ ប្រហោងម្រាមដៃឃ្លាតគ្នា អ្នកនោះច្រើនខ្ជិលច្រអូស បើបាតដៃពណ៌លឿងត្រជាក់ដូចទឹក អ្នកនោះច្រើនយល់សប្ដិអាក្រក់ ហើយស្រៀវខ្លាចភិតភ័យ, បើបាតដៃក្ដៅឧណ្ឌៗ ពណ៌ឈាមក្រហម អ្នកនោះមានតាំងពីតូចដល់ធំ មិនសូវឈឺចាប់ បើបាតដៃឆ្វេងកាត់ ដៃស្ដាំមិនកាត់ អ្នកនោះមានញាតិតិច បើកាត់ទាំងសងខាង ច្រើនឃ្លាតពីញាតិហោង។
៥. លក្ខណៈបាតដៃដែលសមគួរនោះគឺ មនុស្សស្គមដៃស្ដើង មនុស្សធាត់ដៃក្រាស់, មនុស្សធំ ដៃធំ, មនុស្សតូចដៃតូច, មនុស្សល្អដៃល្អ, មនុស្សអាក្រក់ដៃអាក្រក់ បើក្រហមចាស់ស្រស់ អញ្ចាញដៃខ្សែតូចល្អះល្អ គង់នឹងមានបុណ្យវាសនាប្រាកដហោង។
៦. លក្ខណៈបាតដៃដែលមិនសមគួរនោះគឺ បាតដៃធំម្រាមខ្លី អ្នកនោះច្រើនត្រូវគេនិន្ទា, ឆ្អឹងធំ សរសៃអណ្ដែត អ្នកនោះបានសុខតិច មានទុក្ខច្រើន, ខ្នងដៃឆ្អឹងឡើងខ្ពស់ អ្នកនោះតាំងពីតូចដល់ធំ ត្រូវនឿយព្រួយច្រើន កាយតូច ដៃធំ ច្រើនជាអ្នកចាយវាយប្រាក់កាស។
៧. ពណ៌សាច់បាតដៃដែលសមគួរដល់រដូវកាលនោះ គឺរដូវក្ដៅមានញើស រដូវភ្លៀង ស្រស់ថ្លា មិនស្ងួតក្រៀម, រដូវរងារ ស្ងួតក្រៀម, ដូច្នេះទើបត្រូវតាមរដូវកាល អ្នកនោះនឹងមានសេចក្ដីសុខសប្បាយ។ បើរដូវក្ដៅត្រឡប់ទៅជាស្ងួតក្រៀម រដូវរងា ត្រឡប់ទៅជាញើស អ្នកនោះនឹងពិបាក មិនមានសតិបញ្ញាអ្វីឡើយ។
៨. បើខ្នងដៃសរសៃឡើង បាតដៃសាច់រឹង អ្នកនោះជាមនុស្សមាំមួន ឧស្សាហ៍តែនឿយព្រួយច្រើន បើសរសៃរៀបរយ សាច់ណែននឹងមានទ្រព្យស្ដុកស្ដម្ភ, បាតដៃ ខ្នងដៃ មានពណ៌សាច់ដូចគ្នា ជាលក្ខណៈដ៏វិសេសណាស់។ បើបាតដៃពណ៌ផូរផង់ ល្អជាងខ្នងដៃ អ្នកនោះនឹងមានទ្រព្យច្រើន, បើបាតដៃខ្មៅជាងខ្នងដៃ ជាអ្នកខ្សត់ទ្រព្យ។
0 comments:
Post a Comment