អាពាហ៍ពិពាហ៍ ជារឿងសំខាន់មួយសម្រាប់យុវវ័យ ព្រោះវាជារឿងអនាគតដែលមិនអាចធ្វើតាមតែការនឹកឃើញនោះទេ។ ជីវិតគ្រួសារមានសុភមង្គល ឬទៅជាយ៉ាងណា ក៏អាស្រ័យទៅការគ្រប់គ្រងរបស់អ្នក និងដៃគូរបស់អ្នកដែរ ដូច្នេះអ្នកគួរតែមានគម្រោងខ្លះ មុនពេលឈានដល់អាពាហ៍ពិពាហ៍។ ទាំងនេះសុទ្ធតែជាអ្វីដែលអ្នកគួរតែពិភាក្សាជាមួយគ្នា មុនពេលសម្រេចចិត្តរៀបការ៖
១. ពិភាក្សាចំពោះការប្រើប្រាស់លុយកាក់ និងគម្រោងការងារ
គួរតែគិតគូរអំពីការចាត់ចែងលុយកាក់ដែលអ្នកមាន ថាតើគួរតែបើកគណនីសន្សំ ឬក៏វិនិយោគទៅលើអ្វីមួយ ដើម្បីរក្សា ឬរកចំណូលបានខ្លះទៀត។ ម្យ៉ាងទៀត អ្នកក៏គួរតែពិភាក្សាគ្នាអំពីការងារដែលត្រូវធ្វើ និងអ្វីដែលអ្នកទាំងពីររំពឹងទុកថានឹងមានផងដែរ។ តើអ្នកសម្រេចចិត្តធ្វើការទាំងពីរនាក់? តើការងារដែលអ្នកធ្វើមានស្ថិរភាពដែរឬទេ? ហើយថាតើ ប្រាក់ខែអ្នកអាចផ្គត់ផ្គង់គ្រួសារអ្នកបានដែរឬក៏អត់?
២. គម្រោងមានកូន
ពិភាក្សាថាតើអ្នកគួរតែយកកូននៅពេលណា? រៀបការហើយភ្លាម ឬក៏ក្រោយរៀបការរយៈពេលយូរ? ហើយគម្រោងយកកូនប៉ុន្មាន? ព្រោះវាអាចឲ្យអ្នកងាយស្រួល នៅពេលដែលអ្នករៀបចំទុកដាក់រឿងនេះរួច។
៣. ទីតាំងចង់រស់នៅ
តើអ្នកជាមួយ និងដៃគូចង់រស់នៅកន្លែងណា? ទីក្រុង ឬ ជនបទ? ហើយពន្យល់ពីហេតុផលដែលអ្នកជ្រើសរើសទីនោះ ព្រោះវាអាចប៉ះពាល់ដល់ការធ្វើការរបស់អ្នក ការផ្ដល់សេវាការអប់រំដល់កូនអ្នក ហើយវាអាចជិត ឬឆ្ងាយពីគ្រួសារអ្នក។
៤. ពិភាក្សាលើជំនឿសាសនាដែលអ្នកទាំងពីរប្រកាន់យក
បើសិនជាអ្នកទាំងពីរកាន់សាសនាដូចគ្នានោះមិនជាបញ្ហាទេ តែបើខុសគ្នាវិញអ្នកគួរតែពិភាក្សាគ្នាថាតើវាអាចប៉ះពាល់ដល់ចំណងអាពាហ៍ពិពាហ៍អ្នកដែរឬទេ? តើអ្នកអាចសម្របខ្លួនបានឬក៏អត់? ហើយបើអ្នកមានកូន តើនឹងឲ្យកូននោះកាន់សាសនាអ្វី?
៥. ពិភាក្សាលើការបែងចែកការងារ
វាជាការល្អ បើអ្នកអាចនិយាយពីការងារដែលអ្នកអាចធ្វើបាន ហើយដៃគូអ្នកអាចធ្វើបាន ដូចជា ការធ្វើការងារផ្ទះ ចម្អិនអាហារ ដើរផ្សារទិញអាហារ ឬក៏សម្ភារៈផ្សេងៗ។ អ្នកអាចជួយគ្នាធ្វើវា កុំប្រចាំថាវាជាការងារស្រី ឬប្រុស ដូច្នេះវានឹងធ្វើឲ្យគ្រួសារអ្នកមានសុភមង្គល។
៧. ពិភាក្សាអំពីគ្រួសារ
អ្នកគួរតែគិតពីគ្រួសារទាំងមូល មិនមែនតែប្ដីប្រពន្ធ និងកូននោះទេ តែវារួមផ្សំទាំងឪពុកម្ដាយសាច់ញាតិសងខាង ថាតើអ្នកអាចផ្ដល់ពេលឲ្យពួកគាត់បានកម្រិតណា? ដូចជា ការដើរកម្សាន្ត ជួបជុំគ្នា ចែករំលែកឲ្យគ្នាបានប៉ុណ្ណា? ដើម្បីកុំឲ្យមានបញ្ហានៅថ្ងៃក្រោយ។
ចំណុចទាំងប៉ុន្មានខាងលើអាចជាគន្លឹះដើម្បីឲ្យអ្នកគិតពិចារណាក្នុងការបង្កើតគ្រួសារមួយ ដើម្បីកុំឲ្យចំណងគ្រួសារនោះងាយនឹងប្រេះស្រាំដែលធ្វើឲ្យអ្នកមានការសោកស្ដាយ និងឈឺចាប់៕
អត្ថបទ៖ កញ្ញា
ប្រភពពី៖ Sabay.com.kh
0 comments:
Post a Comment