ចំណេះដឹងថ្មីៗ

មិនដែលដឹងសោះ! សូម្បីតែ «អារម្មណ៍» ក៏អាចបង្កផលប៉ះពាល់ដល់រាងកាយ និងសុខភាពទាំងមូលបានដែរ!






ជាការពិតណាស់ រាងកាយរបស់មនុស្ស ទទួលរងឥទ្ធិពលពី ការគិត សកម្មភាព និងអារម្មណ៍របស់ខ្លួន ដែលគេហៅថា “ទំនាក់ទំនងរវាងចិត្ត និងរាងកាយ”។ ក្នុងនោះការគ្រប់គ្រង និងដោះស្រាយអារម្មណ៍អវិជ្ជមាន គឺមានសារសំខាន់ណាស់ ពីព្រោះអារម្មណ៍មិនល្អ ដែលត្រូវបានរក្សាទុក ក្នុងរយៈពេលយូរនឹងបង្កជាមហន្តរាយសុខភាព ជាក់ជាមិនខាន នៅរយៈពេលណាមួយខាងមុខ។

ខាងក្រោមនេះ គឺជាផលប៉ះពាល់ ដែលបណ្តាលមកពីប្រភេទអារម្មណ៍អវិជ្ជមានមួយចំនួន ៖

១. ខឹង

ការខឹង គឺជាអារម្មណ៍ ដ៏ខ្លាំងក្លាមួយបែប ដែលអាចបណ្តាលមកពីការឈឺចាប់ ខកចិត្ត ស្មុគ្រស្មាញ ឬភ័យ។ ជាធម្មតា អារម្មណ៍ខឹង ត្រូវបានបញ្ចេញមកទាំងកំរោល ដែលបង្កជាគ្រោះថ្នាក់សុខភាពរបស់មនុស្ស។ កំហឹង មានឥទ្ធិពលធ្វើឲ្យអ្នក ប្រឈមមុខនឹងការកើត ជំងឺសរសៃឈាមបេះដូង។ អរម៉ូនស្រ្តេស ដូចជា adrenaline noradrenaline និង cortisol នឹងមានការកើនឡើងក្នុងរាងកាយ រួចបណ្តាលឲ្យតំបន់ឆ្លើយតបអារម្មណ៍ របស់ខួរក្បាល មានប្រតិកម្មខ្លាំង រហូតរុញឈាមឡើងឲ្យស្ទះដល់បេះដូង ជាពិសេស អ្នកគិតអ្វីមិនចេញទាំងអស់។ ការសិក្សាមួយក៏បានលើកឡើងដែរថា កំហឹងបង្កើតថាមពលមួយ ដែលធ្វើឲ្យមនុស្សមិនដឹងខុស មិនដឹងត្រូវ ថែមទៀតផង។



២. ការបារម្ភ ខ្វល់ខ្វាយ

ការមានអារម្មណ៍ព្រួយបារម្ភ មិនឈប់ឈរ អាចបង្កជាបញ្ហាដល់លំពែង និងក្រពះ មានសភាពចុះខ្សោយ។ វាធ្វើឲ្យមានការផ្លាស់ប្តូរមុខងារនៃ សារធាតុបញ្ជូនសញ្ញាសរសៃប្រសាទ ជាពិសេសសារធាតុ Serotonin ។ ការព្រួយបារម្ភ ទៅលើបញ្ហាដដែលៗ នឹងអាចបង្កជាបញ្ហាសុខភាពដូចជា ក្អួតចង្អោរ រាគរូស ឈឺក្រពះ និងបញ្ហាសុខភាពរ៉ាំរ៉ៃផ្សេងទៀត។ កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត អ្នកនឹងអាចមានការឈឺចាប់ត្រង់ដើមទ្រូង ឡើងសម្ពាធឈាម ប្រព័ន្ធភាំពស៊ាំចុះខ្សោយ លេងមិនលក់ និងប្រែជាចាស់មុនអាយុថែមទៀតផង។



៣. កើតទុក្ខ

ក្នុងមួយជីវិតនេះ ទុក្ខព្រួយ គឺជាអារម្មណ៍ដែលមនុស្សគ្រប់ៗរូបតែងចង់ចៀសវាងជានិច្ច។ នេះក៏ដោយសារតែវាអាចបង្កជាបញ្ហាសុខភាព ដូចជាធ្វើឲ្យសួតចុះខ្សោយ ពិបាកដកដង្ហើម និងមានសភាពអស់កម្លាំង។ នៅពេលដែលអ្នកមានអារម្មណ៍កើតទុក្ខ អ្នកប្រែជាដកដង្ហើមចូលមិនគ្រប់គ្រាន់ និងដកដង្ហើមចេញច្រើនទៅវិញ រួចអាចបណ្តាលឲ្យកើតជាជំងឺហឺតទៀតផង។ ជាក់ស្តែង នៅពេលដែលអារម្មណ៍ទុក្ខសោក នឹងទៅធ្វើឲ្យសួតចុះខ្សោយរូច វានឹងត្រលប់មកធ្វើឲ្យមានបញ្ហាដល់បេះដូងវិញ។ វាក៏អាចបំផ្លាញសម្រស់ស្បែក ខ្វះអុកស៊ីសែនក្នុងឈាម និងបង្កជាអាការៈទល់លាមកទៀតផង។



៤. ភាពតានតឹង ឬស្រ្តេស

ក្នុងករណីដែលអ្នក កំពុងជួបប្រទះបញ្ហាស្រ្តេស ឬតានតឹងលើសលុប វានឹងអាចបង្កជាការឡើងសម្ពាធឈាម ពិបាកដកដង្ហើម កើតដំបៅ និងរលាកត្រង់ពោះវៀន។ មិនត្រឹមតែប៉ុណ្ណោះ វាអាចធ្វើឲ្យកូឡេស្តេរ៉ូលកើនឡើង បង្កជាបញ្ហាដល់បេះដូងថែមទៀតផង។ រោគសញ្ញារបស់ ស្រ្តេសមួយចំនួនមានដូចជា ឈឺក្បាលប្រកាំង ញ័រទ្រូង ស្រាលក្បាល ល្ហិតល្ហៃ គេងមិនលក់ ក្អួតចង្អោរ និងធ្វើឲ្យលែងចង់ទទួលទានអាហារ។ ភាពតានតឹង ឬស្រ្តេស អាចបណ្តាលឲ្យកើតជាជំងឺផ្សេងៗជាច្រើនទាក់ទងនឹង សរសៃឈាម សាច់ដុំ ប្រដាប់បន្តពូជ ជាដើម ថែមទៀតផង។



៥. ភាពឯកោ

ភាពឯកោ គឺជាអារម្មណ៍ដែលអាចធ្វើឲ្យមនុស្សស្រក់ទឹកភ្នែក និងស្រង៉េះស្រងោចយ៉ាងខ្លាំង ដែលនេះធ្វើឲ្យមានបញ្ហាដល់សួត និងធ្វើឲ្យចលនាអុកស៊ីសែន មិនអាចផ្លាស់ទីក្នុងរាងកាយបានប្រក្រតីឡើយ។ វាអាចបណ្តាល ឲ្យអ្នកឧស្សាហ៍ផ្ទុះកំហឹង និងអាចកើតជំងឺធ្លាក់ទឹកចិត្តថែមទៀត ពីព្រោះនៅពេលដែលអ្នកឯកា ខួរក្បាលនឹងបញ្ចេញអរម៉ូនស្រ្តេស (Cortisol) បង្កជាអាការៈធ្លាក់ទឹកចិត្តតែម្តង។ ជាងនេះទៅទៀត ភាពឯកា នឹងធ្វើឲ្យប៉ះពាល់ដល់កម្រិតសម្ពាធឈាម ការគេងរបស់មនុស្ស ជាពិសេស ប៉ះពាល់បេះដូង សុខភាពផ្លូវចិត្ត និងប្រព័ន្ធភាពស៊ាំតែម្តង។



៦. ភាពភ័យខ្លាច

ការភ័យខ្លាច គឺជាអារម្មណ៍មួយ ដែលធ្វើឲ្យមនុស្សបាត់បង់នូវ ទំនុកចិត្ត ទឹកចិត្ត ការជឿជាក់ ពីខ្លួន។ ភាពភ័យខ្លាចអាចបណ្តាលឲ្យ កើតជាជំងឺថប់អារម្មណ៍ ដែលអាចបង្កជាបញ្ហាដល់តម្រងនោម ក្រពេញនោម និងប្រព័ន្ធបន្តពូជ ថែមទៀតផង។ ការដែលទម្លាប់កើតមានអារម្មណ៍ភ័យខ្លាចបែបនេះ នឹងធ្វើឲ្យថាមពលរាងកាយចុះខ្សោយ ដកដង្ហើមក៏មិនដល់គ្នា ចលនាឈាមរត់ក៏មិនប្រក្រតី ហើយជាងនេះទៅទៀតនោះ គឺដៃជើង របស់អ្នកហាក់ដូចជាជាប់គាំង ថែមទៀត។ ដូចដែលលើកឡើងខាងលើ អារម្មណ៍ភ័យខ្លាច ប៉ះពាល់តម្រងនោមខ្លាំង ពីព្រឡខួរក្បាលមិនអាចគ្រប់គ្រងវាបាន រួចធ្វើឲ្យអ្នកចេះតែរាន់នោម រហូតតម្រងនោមនោះ ចុះខ្សោយ។



៧. ភ្ញាក់ ឬតក់ស្លុត

អារម្មណ៍ភ្ញាក់ ឬស្លុត កើតឡើងដោយសារ ស្មារតីខ្សោយ និងកើតចេញពីសកម្មភាពដែលមិនបានរំពឹងទុកណាមួយ។ វាអាចបង្កជាបញ្ហា ដល់លំនឹង របស់រាងកាយ និងបង្កជាអារម្មណ៍ភ័យខ្លាចបាន ព្រោះសូម្បីតែប្រព័ន្ធសរសៃប្រសាទ ក៏ជាប់គាំងដែរ។ អារម្មណ៍បែបនេះ ផ្តល់ផលប៉ះពាល់តម្រងនោម និងបេះដូង ឲ្យចុះខ្សោយខ្លាំង។ ជួនកាល មានអាការៈញ័រទ្រូង គេងមិនលក់ និងតានតឹងទៀតផង។



៨. ការស្អប់ និងការខ្វះការអត់ធ្មត់

អារម្មណ៍នៃការស្អប់ និងមិនចេះអត់ធ្មត់ អាចប៉ះពាល់ដល់ពោះវៀន និងសុខភាពបេះដូងរបស់អ្នក រហូតបណ្តាលឲ្យមានបញ្ហាឈឺទ្រូង ឬញ័រទ្រូង និងជំងឺលើសឈាម។ អារម្មណ៍ទាំង ២ នេះ នឹងធ្វើខួរក្បាលបញ្ចេញអរម៉ូនស្រ្តេស ក្នុងរាងកាយ ទើបបណ្តាលឲ្យឡើងឈាម និងមានចង្វាក់បេះដូងមិនប្រក្រតី។ ជាងនេះទៅទៀតនោះ ភាពមិនអំនត់ គឺអាចបណ្តាលឲ្យអ្នកប្រឈមនឹងបញ្ហាថ្លើម ពីព្រោះម៉ូលេគុលដង្ហើម ដែលកើតចេញពីអារម្មណ៍របស់អ្នកនឹងមានជាតិពុល រហូតអាចធ្វើឲ្យថ្លើម និងប្លោកនោមចុះខ្សោយ។



៩. ការច្រណែន ឬប្រច័ណ្ឌ

អារម្មណ៍ច្រណែន ឬអារម្មណ៍ប្រច័ណ្ឌនេះ ប់ះពាល់ដល់ខួរក្បាល ប្លោកនោម និងថ្លើមរបស់អ្នកខ្លាំងជាងគេ។ អារម្មណ៍ច្រណែនបែបនេះ នឹងធ្វើឲ្យអ្នកភ្លេចអស់នូវរឿងរ៉ាវអ្វីៗ រូចគិតតែពីខ្លួនឯងថាត្រូវ។ លើសពីនេះ វាបង្កជាភាពតានតឹង តប់ប្រមល់ និងធ្លាក់ទឹកចិត្តទៀតផង ពីព្រោះរាងកាយផលិតអរម៉ូន adrenaline និង noradrenaline ច្រើនហួសកម្រិត នៅក្នុងឈាម។ មួយវិញទៀត នៅពេលអ្នកមានអារម្មណ៍ច្រណែន ចង្វាក់បេះដូងរបស់អ្នក នឹងលោតញាប់ជាងមុន និងអាចធ្វើឲ្យសម្ពាធឈាមកើនឡើង។



ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន ដើម្បីរក្សាសុខភាពផ្លូវចិត្ត ក្នុងការគ្រាប់គ្រងអារម្មណ៍របស់អ្នក ៖

# បង្ហាញអារម្មណ៍តាមវិធីដែលសមស្រប ៖ ប្រសិនបើអ្នកកំពុងមានបញ្ហា ស្រ្តេស កើតទុក្ខ ឬតប់ប្រមល់ក្នុងចិត្តនោះ អ្នកមិនត្រូវទុកវានៅក្នុងចិត្តទេ ព្រោះវានឹងបង្កជាជំងឺផ្សេងជាក់ជាមិនខាន។ ជំនួសមកវិញ អ្នកគួរនិយាយវាចេញមកក្រៅ ជាមួយមនុស្សដែលជិតស្និទ្ធ (គ្រួសារ ឬមិត្តភក្តិ) ទើបជាការប្រសើរ។

# រស់នៅឲ្យមានតុល្យភាព ៖ សូមអ្នកកុំព្យាយាមយកអារម្មណ៍មិនល្អពីកន្លែងធ្វើការ ពីសាលា ឬពីផ្ទះមកតាមខ្លួនជាប់រហូតទេ។ នេះក៏មិនមែនមានន័យថា អ្នកត្រូវធ្វើពុតជាសប្បាយចិត្តដែរ ពីព្រោះមនុស្សម្នាក់ៗ ត្រូវតែមានគំនិតវិជ្ជមាន។ ការសិក្សាជាច្រើន បានបង្ហាញថា ការរក្សាគំនិតវិជ្ជមាន អាចធ្វើឲ្យជីវិតកាន់តែមានភាពស្រស់បំព្រង និងជួយសុខភាពឲ្យកាន់តែល្អទៀតផង។ ហេតុនេះ អ្នកត្រូវចេះ ស្វែងរកវិធីផ្សេងៗ ដែលអាចឲ្យខ្លួនឯងសប្បាយចិត្ត មិនមែនបៀមទុក្ខរហូតទេ។

# អភិវឌ្ឍន៍ភាពអត់ធន់របស់អ្នក ៖ មនុស្សដែលមានភាពអត់ធន់ខ្ពស់ អាចដោះស្រាយបញ្ហាតានតឹង បានយ៉ាងងាយស្រួល។ អ្នកអាចអភិវឌ្ឍន៍ភាពអត់ធន់របស់អ្នកបានដោយវិធីជាច្រើន ដូចជា ការជួយគាំទ្រពីអ្នកជុំវិញ រក្សាគំនិតសុទិដ្ឋិនិយម ទទួលយកការផ្លាស់ប្តូរ និងរក្សាទស្សនៈវិស័យរបស់ខ្លួន។

# រក្សាចិត្ត និងរាងកាយឲ្យស្ងប់ ៖ នេះជាវិធីសាស្រ្តបែបបន្ធូរបន្ថយអារម្មណ៍ ដោយអ្នកគ្រាន់តែ សមាធិ ស្តាប់ចម្រៀង ច្រៀងចម្រៀង ឬហាត់យូហ្គា។ សកម្មភាពទាំងនេះ នឹងជួយឲ្យអារម្មណ៍របស់អ្នកស្ងប់ស្រលះ ជាក់ជាមិនខាន។

# ថែទាំខ្លួនឯង ៖ ដើម្បីអាចមានសុខភាពផ្លូវចិត្ត ក្នុងការគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ អ្នកត្រូវតែចេះថែទាំរាងកាយរបស់ខ្លួនផងដែរ ដោយទទួលទានអាហារដែល ផ្តល់សុខភាពល្អ ឲ្យបានទៀងទាត់ ជាពិសេស ត្រូវគេងឲ្យបានគ្រប់គ្រាន់ និងកុំភ្លេចធ្វើលំហាត់ប្រាណឲ្យសោះ ពីព្រោះវាអាចកាត់បន្ថយ ភាពតានតឹងបាន។ ចៀសវាងទទួលទានច្រើនជ្រុល ឬសេពគ្រឿងស្រវឹង ពីព្រោះវាមិនមែនបង្កផលប៉ះពាល់តែសុខភាពរាងកាយប៉ុណ្ណោះទេ វាក៏អាចបង្កបញ្ហាដល់សុខភាពផ្លូវចិត្ត ផងដែរ៕



ប្រភព៖ Top 10 Home Remedies | family doctor
ប្រភពប្រែសម្រួលដើមពី៖ Khmerload.com

0 comments:

Post a Comment

Powered by Blogger.