ចំណេះដឹងថ្មីៗ

តើ​ជន​ជាតិចិន​ចូលមក​រស់នៅ​លើទឹក​ដី​កម្ពុជា​តាំងពី​ពេលណា​?


ភ្នំពេញ៖ កំណត់ត្រាដំបូងបំផុតនៃការតាំងទីលំនៅរបស់ប្រជាជនចិននៅកម្ពុជា គឺចាប់តាំងពីចុងសតវត្សរ៍ទី១៣ ។ នៅពេលដែលបេសកជនចិនឈ្មោះ ជូតាក្វាន់ មកទស្សនាកម្ពុជានៅក្នុងឆ្នាំ១២៩៦ គាត់បានកត់ត្រាថា មានវត្តមានរបស់ប្រជាជនចិននៅតំបន់អង្គរ។ ជាច្រើនឆ្នាំក្រោយមក នៅដើមទសវត្សរ៍ឆ្នាំ១៦០០ អ្នកដើរសមុទ្រជនជាតិព័រទុយហ្គាល់ បានកត់ត្រាថា មានប្រជាជនចិនបានតាំងទីលំនៅក្នុងរាជធានីភ្នំពេញ។ នៅអំឡុងពេលដូចគ្នានេះដែរ លោក លីម តូ ខៀង (Lim To Khieng) អ្នកជំនួញឯកជនចិនម្នាក់ ក៏បានសង្កេតឃើញដូចគ្នានេះដែរ នៅពេលដែលគាត់បានមកដល់ប្រទេសកម្ពុជា ដើម្បីធ្វើជំនួញ។


In the 14th century, ancient Chinese paintings recorded the traditional living conditions of the Khmer people, who were strong in agriculture, fishing and hunting. There were also records of local trade and regional exchanges. Moeun Nhean
ក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីការដួលរលំនៃរាជវង្សមីងនៅក្នុងឆ្នាំ១៦៤៤ ឧត្តមសេនីយ៍ចិន ស្ថិតនៅក្រោមការទំនុកបម្រុងពី Mac Cuu និង Duong Ngan Dich បាននាំជនភៀសខ្លួនចិនជាច្រើននាក់ ពីខេត្តហ្វូជាន(Fujian) និង ក្វាងទុង(Guangdong)ទៅតាំងលំនៅ នៅកូសាំងស៊ីន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជា។ សូមបញ្ជាក់ថា មួយចំនួននៃជនភៀសខ្លួនទាំងនេះ ក៏បានតាំងទីលំនៅផងដែរ នៅក្នុងខេត្តតាកែវ និង ខេត្តកំពត។

អន្ដោប្រវេសន៍ជនជាតិចិនទាំងនេះ ភាគច្រើនបំផុតជាបុរស ហើយពួកគេបានយកស្ត្រីខ្មែរធ្វើជាភរិយា។ កូនចៅជំនាន់ក្រោយរបស់ពួកគេ បានធ្វើសមាហរណកម្មយ៉ាងលឿនចូលទៅក្នុងសហគមន៍ក្នុងតំបន់ តាមរយៈការបញ្ចូលខ្លួនឯងជាលក្ខណៈសង្គមនិងសេដ្ឋកិច្ច ទៅក្នុងសហគមន៍កសិកម្មរបស់ប្រជាជនខ្មែរបុរាណ។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏អន្តោប្រវេសន៍ចិនមួយចំនួន បានរក្សាទុក ការប្រតិបត្តិតាមមីង(Ming) នូវការរក្សាម៉ូតសក់បែបជនជាត់ចិនរហូតដល់សតវត្សទី១៨ ។


This painting was adopted from the original ancient one that noted the diplomacy between the Ming dynasty of China and the Khmer empire during the 14th century. Moeun Nhean

ប្រជាជនចិនដែលកំពុងមានវត្តមាននៅលើទឹកដីកម្ពុជា មានបីប្រភេទ ប្រភេទទីមួយ គឺ ពលរដ្ឋខ្មែរដែលមានដើមកំណើតចិន ដែលបានធ្វើចំណាកស្រុកពីប្រទេសចិនមករស់នៅលើទឹកដីកម្ពុជាតាំងពីយូរមកហើយ សព្វថ្ងៃបានក្លាយទៅជាពលរដ្ឋខ្មែរស្របច្បាប់។ ប្រភេទទីពីរ គឺ ចិនកាត់ខ្មែរ ឬ ខ្មែរកាត់ចិន គឺសំដៅយក ក្រុមមនុស្សដែលជាកូនចៅរបស់គូសម្ព័ន្ធដែលផ្សំផ្គុំឡើងរវាងចិននិងខ្មែរ (ប្ដីចិន ប្រពន្ធខ្មែរ ឬ ប្ដីខ្មែរ ប្រព្ធចិន)។ ពួកគេជាប្រជាជនដែលកើតនៅលើទឹកដីកម្ពុជា និង មានសញ្ជាតិជាពលរដ្ឋខ្មែរ។ ប្រភេទទីបី គឺជាអត្តប្រវេសន៍ចិនដែលចូលមកស្រុកខ្មែរក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែ តុលា ឆ្នាំ ១៩៩១ ។ ពួកគេភាគច្រើនមកពី សិង្ហបុរី តៃវ៉ាន់ ហុងកុង និង ចិនដីគោក។ ក្នុងចំណោមពួកគេ មានមុខរបរខុសៗគ្នា ដូចជា មន្ត្រីការទូត ពាណិជ្ជករ វិនិយោគគិន គ្រូវបង្រៀនភាសាចិន អ្នកផ្សាយសាសនា វិស្វករ កម្មករជំនាញ។ល។

គួររម្លឹកដែរថា ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និង ដើមទសវត្សរ៍ឆ្នាំ១៩៧០ ពួកគេគឺជាក្រុមជនជាតិភាគតិចដែលមានចំនួនច្រើនជាគេបំផុតនៅកម្ពុជា ដែលមានប្រមាណ ៤២៥ ០០០ នាក់។ ប៉ុន្តែ ត្រឹមឆ្នាំ ១៩៨៤ ក្រុមជនជាតិភាគតិចចិន នៅសល់តែ ៦១ ៤០០ នាក់ ប៉ុណ្ណោះ។ ការថយចុះចំនួននូវក្រុមជនជាតិភាគតិចចិននេះ គឺដោយសារតែពួកគេបានចូលរួមក្នុងសង្គ្រាម, សេដ្ឋកិច្ចធ្លាក់ចុះ, ការសម្លាប់រង្គាលនៅក្នុងរបបខ្មែរក្រហម, ការធ្វើទុក្ខបុកម្នេញពីភាគីវៀតណាដែលបាលចូលមកគ្រប់គ្រងកម្ពុជាក្រោយឆ្នាំ១៩៧៩ និង ការភៀសខ្លួនទៅប្រទេសទីបីក្នុងសម័យសង្គ្រាម។ នៅក្នុងអំឡុងទសវត្សរ៍៨០ ជនជាតិចិនត្រូវបានគេហៅថាក្រុម«៣៥១»។ លេខ៣៥១នេះ គឺសំដៅលើសហគមន៍ចិនដែលរស់នៅក្នុងប្រទេសកម្ពុជា។ កាលណោះ សិទ្ធិរបស់សហគមន៍ចិនរស់នៅកម្ពុជាត្រូវបានគេកម្រិតមួយផ្នែកដោយសារតែឥទ្ធិពលវត្តមាននៃអាជ្ញាធរវៀតណាមនៅលើទឹកដីកម្ពុជា។

បច្ចុប្បន្ន ចំនួនពលរដ្ឋខ្មែរដែលមានដើមកំណើតចិន ចិនកាត់ខ្មែរ និង អន្តោប្រវេសន៍ចិនដទៃទៀត កំពុង កើនឡើងនៅកម្ពុជាជាបន្តបន្ទាប់ ដោយសារតែកម្ពុជាប្រកាន់យករបបទីផ្សារសរី និង រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលចិន។ តាមការប៉ាន់ស្មាន ត្រឹម ឆ្នាំ ២០១៣ ពលរដ្ឋខ្មែរដែលមានដើមកំណើតចិន និង ចិនកាត់ខ្មែរ មានប្រមាណ១៥២ ០៥៥ នាក់ ស្មើ១%នៃប្រជាជនកម្ពុជាសរុប។ ភាគច្រើននៃពួកគេ រស់នៅរាជធានីភ្នំពេញ, ខេត្តកំពង់ធំ, ខេត្តបាត់ដំបង, ខេត្តកំពត, ខេត្ត កំពង់ចាម និង ខេត្តមួយចំនួនទៀត។
ទោះជាពលរដ្ឋខ្មែរដើមកំណើតចិននិងចិនកាត់ខ្មែរមានចំនួនមិនច្រើនក៏ដោយ ក៏ពួកគេបានចូលរួមក្នុងវិស័យផ្សេងៗភាគច្រើនក្នុងសង្គមខ្មែរដែរ។ ជាទូទៅ ពួកគេមិនត្រូវបានរើសអើងឬមើលងាយដោយពលរដ្ឋខ្មែរទេ។ ពួកគេ ត្រូវបានគេមើលឃើញថា បានដើរតួនាទីនាំមុខគេនៅក្នុងវិស័យអាជីវកម្មនៅកម្ពុជា ក៏ដូចជានៅក្នុងឆាកនយោបាយរបស់ប្រទេសកម្ពុជាផងដែរ។

ពលរដ្ឋខ្មែរដើមកំណើតចិន ចិនកាត់ខ្មែរ និង ប្រជាជនចិនដទៃទៀត មានវត្តមានច្រើនក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា និង ត្រូវបានគេប៉ាន់ប្រមាណថា ពួកគេជាម្ចាស់ភាគហ៊ុនមួយចំណែកយ៉ាងធំក្នុងវិស័យនេះ។ ជារួម ភាគច្រើននៃពួកគេ មានឥទ្ធិពលពិសេសនៅក្នុងវិស័យធនាគាររបស់កម្ពុជា ដែលជាសហគ្រាសផ្តល់ប្រាក់កម្ចី សហគ្រាសប្ដូរប្រាក់ ស្ថាប័នហិរញ្ញវត្ថុខ្នាតតូច និង សហគ្រាសពាក់ព័ន្ធដទៃទៀត៕

អត្ថបទ៖ សច្ចវិទូ
ប្រភព៖ ថ្មីៗ

0 comments:

Post a Comment

Powered by Blogger.