១. កុំរំឭក
ស្នេហាដំបូងអាចជាការចងចាំដ៏ល្អ ប៉ុន្តែបើមិនអាចបន្តដំណើរជាមួយគ្នាបាន ព្យាយាមបំភ្លេចចោលឲ្យអស់ អ្វីក៏កុំរំឭកដែរ មិនថាអនុស្សាវរីយ៍នោះល្អយ៉ាងណាក៏ដោយ ព្រោះវានាំតែការឈឺចាប់មិនស្កប់ក្នុងចិត្តទេ។
២. ទុកពេលឲ្យខ្លួនឯងបន្តិច
ទោះចង់បំភ្លេច ប៉ុន្តែដំណាក់កាលឈឺចាប់សោកសង្រេង ប្រាកដជាឆ្លងមិនផុតឡើយ។ ទុកពេលឲ្យខ្លួនឯងព្យាបាលរបួសបេះដូងមួយនេះ កុំបង្ខំខ្លាំងពេក ព្រោះវាក្លាយជាដំបៅកាន់តែធំ។ អ្នកខ្លះចំណាយពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ឯអ្នកខ្លះត្រូវចំណាយដល់ខែ និងអ្នកខ្លះដល់ឆ្នាំក៏មាន។ ដូចនេះ គួរកុំបង្ខំឲ្យចិត្តឈឺចាប់ខ្លាំងពេក ទុកពេលបន្តិចវានឹងសះស្បើយដោយខ្លួនឯង។
៣. ត្រូវចាំថា អ្នកអាចមានស្នេហាម្ដងទៀត
ស្នេហាមិនមែនសុទ្ធតែជោគជ័យទេ ហើយមនុស្សជាច្រើនសុទ្ធតែឆ្លងកាត់ការឈឺចាប់ពើតផ្សារបែបនេះ។ ធ្លាប់បែកបាក់ មិនមែនមានន័យថាអ្នកឯកោរហូតឯណា ជួនកាលអ្នកថ្មីអាចនឹងល្អជាងមុនក៏ថាបាន។ ពិតណាស់កុំប្រញាប់មានស្នេហា តែដាច់ខាតកុំគិតថាបែកស្នេហាដំបូងហើយ មិនអាចរកអ្នកថ្មីមកជំនួស។
៤. កុំប្រញាប់ទទួលស្នេហ៍ថ្មី
អារម្មណ៍មនុស្សបែកបាក់ស្នេហា ប្រាកដចង់បានអ្នកលួងលោម ចង់បានភាពកក់ក្ដៅ ប៉ុន្តែវាអាចនាំបញ្ហាទៅវិញទេ។ ពេលស្នេហាថ្មី មិនសមតាមចិត្ត ក៏ចាប់ផ្ដើមនឹកដល់អ្នកចាស់ ហើយប្រៀបធៀប និងឈឺចាប់ជាថ្មី។ កុំយកអ្នកថ្មី ព្រោះតែបំពេញកន្លែងអ្នកចាស់ ព្រោះមនុស្សមិនដូចគ្នាឡើយ។
៥. គ្រួសារ មិត្តភ័ក្ដិ ជាកម្លាំងចិត្ត
បាត់បង់ស្នេហាដំបូង មិនមែនស្លាប់ឯណា ហេតុអ្វីត្រូវឈឺចាប់រហូតមិនអាចក្រោកបាននោះ។ ភាពសប្បាយអាចកើតឡើងគ្រប់ពេល ជាពិសេសក្រុមគ្រួសារ មិត្តភ័ក្ដិ ជាកម្លាំងចិត្ត នាំឲ្យអ្នកញញឹម និងមានសុភមង្គល រហូតភ្លេចអស់ទុក្ខសោកទាំងឡាយ។
៦. ដំបូងឈឺចាប់ហើយ តែពេលក្រោយនឹងប្រសើរ
ពិតណាស់ ដំបូងវាឈឺចាប់បន្តិចក្នុងការបំភ្លេចស្នេហាចាស់ បំភ្លេចមនុស្សម្នាក់ដែលនាំអារម្មណ៍រំភើបប្លែកមកក្នុងជីវិតអ្នក ប៉ុន្តែការឈឺចាប់នេះមិនមែនមានរហូតនោះទេ ព្រោះវានឹងសាបរលាបទៅតាមពេលវេលា។ កុំមានអារម្មណ៍ស្អប់ពិភពលោក ចង់សម្លាប់ខ្លួន ពេលបែកភ្លាមៗ ព្រោះអ្នកមិនដឹងថាអារម្មណ៍ថ្ងៃក្រោយយ៉ាងណាទេ។
៧. ដើរលេងឲ្យបានច្រើន ធ្វើខ្លួនឲ្យរវល់
កុំព្យាយាមឃុំខ្លួនឯងនៅក្នុងពិភពងងឹត គួរចេះរំសាយអារម្មណ៍ ដោយដើរលេងឲ្យបានច្រើន ឲ្យមានអារម្មណ៍ស្រស់ស្រាយឡើងវិញ។ ជួបមនុស្សច្រើន ដើរទៅកន្លែងថ្មីច្រើន អ្នកនឹងភ្លេចរឿងចាស់ ហើយចាប់ផ្ដើមមើលពិភពលោកក្នុងផ្លូវល្អឡើងវិញ។
ប្រភព៖ Allwomenstalk ប្រែសម្រួល៖ គង់ វិសាល
0 comments:
Post a Comment