ដើម្បីក្លាយជាអ្នកគ្រប់គ្រងដ៏ល្អបំផុត គឺទាមទារឱ្យមានលក្ខណៈសម្បត្តិជាច្រើន ទើបធ្វើឱ្យអ្នកធ្វើការក្រោមបង្គាប់ បំពេញការងារប្រកបដោយភាពកក់ក្ដៅ និងធ្វើការដោយអស់ពីសមត្ថភាព។ ចុះអ្នកគ្រប់គ្រងមានចរិតបែបណាខ្លះ ទើបធ្វើឱ្យបុគ្គលិកច្រើនតែរត់ចោលទៅរកការងារថ្មី? ខាងក្រោមនេះជាចំណុចសំខាន់ៗមួយចំនួនបង្ហាញភាពខ្វះខាតក្នុងនាមជាអ្នកដឹកនាំ ដែលធ្វើឱ្យបុគ្គលិកគ្មានទឹកចិត្តបន្តការងារជាមួយ៖
១. គ្មានផែនការច្បាស់លាស់ដឹកនាំក្រុម
ជាអ្នកគ្រប់គ្រងបុគ្គលិក ឫប្រធានផ្នែកណាមួយក្នុងក្រុមហ៊ុនមួយ ចាំបាច់ត្រូវមានផែនការច្បាស់លាស់ក្នុងការដឹកនាំក្រុម និងចាត់ចែងការងារដល់បុគ្គលិកនីមួយៗ មិនមែនចេះតែចាត់ចែងឱ្យតែរួចៗពីមួយថ្ងៃទៅមួយថ្ងៃនោះទេ។ ប្រសិនបើអ្នកគ្រប់គ្រង គ្មានផែនការការងារប្រចាំថ្ងៃ ឫប្រចាំខែប្រៀបដូចជាកាណូតគ្មានក្បាលម៉ាស៊ីនដើម្បីបញ្ជាចង្កូតឆ្ពោះទៅរកគោលដៅដូច្នេះដែរ។ ដូច្នេះកូនចៅនៅក្រោមបង្គាប់ក៏គ្មានកម្លាំងចិត្តនឹងបន្តជាមួយអ្នកគ្រប់គ្រងខ្វះនូវគុណសម្បត្តិត្រង់ចំណុចនេះដែរ។
២. ខ្វះការលើកទឹកចិត្តបុគ្គលិក
កូនចៅដែលមានមេកោយចេះផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្តនៅពេលជួបបញ្ហា ឫឧបសគ្គក្នុងការងារ មិនថាស្ថិតក្នុងកាលៈទេសៈណាក៏គ្មានថ្ងៃរត់ចោលមេរបស់ខ្លួនឯងឡើយ។ ប៉ុន្តែអ្នកគ្រប់គ្រងដែលមិនចេះលើកទឹកចិត្តរាប់បញ្ចូលទាំងការលើកសរសើរ ឫការដំឡើងប្រាក់ខែ នៅពេលបុគ្គលិកធ្វើការល្អយ៉ាងណាក៏ដោយនោះ មិនយូរទេបុគ្គលិកនឹងអស់ទឹកចិត្តក្នុងការបន្តការងារទៀតហើយ។ ដូច្នេះការលើកទឹកចិត្តប្រៀបដូចជាឱសថដ៏មានប្រសិទ្ធភាព ជំរុញឱ្យបុគ្គលិកបំពេញការងារដោយអស់ពីសមត្ថភាព មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
៣. លើកគម្រោងតែរុញឱ្យតែកូនចៅធ្វើ
ជាការពិតក្នុងភាពជាអ្នកដឹកនាំតែងមានផែនការ ឫគម្រោងថ្មីៗក្នុងការជំរុញឱ្យការងារកាន់តែរីកចម្រើន។ ប៉ុន្តែទន្ទឹមនឹងការលើកឡើងគម្រោងនីមួយៗ មិនថាល្អប៉ុណ្ណាក៏ដោយ គឺត្រូវចូលរួមអនុវត្តជាមួយបុគ្គលិកក្រោមបង្គាប់ខ្លះ មិនមែនព្រលែងចោលយករួចខ្លួននោះទេ។ ការចូលរួមជាមួយបុគ្គលិកមិនមែនជាការបន្ទាបខ្លួនទេ តែជាការបង្ហាញអំពីការយកចិត្តទុកដាក់លើការងារ និងបុគ្គលិកដើម្បីឱ្យផែនការ ឫគម្រោងនោះទទួលបានភាពជោគជ័យ។
៤. ទម្លាប់អត្តនោម័តិលើគំនិតខ្លួនឯង
ទទួលស្គាល់ថា ជាអ្នកគ្រប់គ្រង តែងមានអាទិភាពក្នុងការលើកឡើងនូវគំនិតរបស់ខ្លួន តែមិនមែនមានន័យថា មិនឱ្យទទួលយកយោបល់បុគ្គលិកនោះទេ។ ប្រសិនបើអ្នកគ្រប់គ្រងចូលចិត្តសម្រេចកិច្ចការដោយផ្អែកតែលើគំនិតខ្លួនឯង ទម្លាក់ការងារឱ្យកូនចៅដោយមិនមានសួរយោបល់ខ្លះ នោះហើយបង្ហាញភាពខ្វះខាតគុណសម្បត្តិជាអ្នកដឹកនាំ ហើយក៏គ្មានអ្នកណាអាចធ្វើការជាមួយបានយូរដែរ។
៥. ទម្លាប់ហីអើតែតាមមាត់អ្នកដទៃ
នៅត្រង់ចំណុចនេះមានន័យថា អ្នកគ្រប់គ្រងមិនចេះថ្លឹងថ្លែងពីសមត្ថភាពបុគ្គលិករបស់ខ្លួន ជឿតែតាមពាក្យអ្នកដទៃនិយាយ មិនមើលការអនុវត្តការងារជាក់ស្ដែង។ ដូច្នេះភាពជាអ្នកដឹកនាំត្រូវចេះមើលសមត្ថភាពបុគ្គលិកឱ្យច្បាស់លាស់ និងសុក្រឹតបំផុតមិនមែនចង់អ្នកណាថា ល្អ គឺល្អ អ្នកណាថាមិនល្អ គឺមិនល្អ តាមតែពាក្យញុះញង់ពីអ្នកដទៃនោះឡើយ។
៦. មានគំនិតលំអៀងលើកូនចៅ
នៅក្នុងក្រុមមួយមានបុគ្គលិកអត្តចរិតផ្សេងៗពីគ្នា អ្នកខ្លះពូកែរឿងការងារ ប៉ុន្តែមិនពូកែរឿងយកចិត្ត តែបុគ្គលិកខ្លះសមត្ថភាពការងារមិនប៉ុន្មាន តែរឿងយកចិត្តគឺជាជំនាញតែម្ដង។ ដូច្នេះបើថ្នាក់ដឹកនាំ មិនចេះបែងចែងសមត្ថភាពរបស់បុគ្គលិក ដោយលំអៀងលើមនោសញ្ចេតនានោះ ប្រាកដជាគ្មានកូនចៅណាចង់ធ្វើការជាមួយនោះទេ ព្រោះមានសមត្ថភាពប៉ុណ្ណាក៏នៅចាញ់អ្នកចេះយកចិត្តយកថ្លើម។ ជាអ្នកដឹកនាំត្រូវបែងចែកក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះបុគ្គលិកស្មើៗគ្នា ទើបជារឿងល្អប្រសើរបំផុត៕
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
ប្រភព៖ គំនិតអ្នកជោគជ័យ និង Sabay.com.kh
0 comments:
Post a Comment