ភ្នំពេញ៖ សាលារាជធានីភ្នំពេញ កំពុងពិចារណាចេញច្បាប់កំណត់បិទហាង ក្លឹបកម្សាន្តនានា នៅត្រឹមម៉ោង១២យប់ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលកម្ពុជាខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា ការពិចារណាកំណត់នេះ គឺអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានលើកឡើងជាវិធានការដើម្បីទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងរៀងរាល់ថ្ងៃ ដែលជាបញ្ហាប្រឈមខ្លាំង និងមិនមានការថយចុះនៅឡើយ។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា ៖ “យើងបានដឹងហើយ គ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាឃាតកសម្លាប់ប្រជាពលរដ្ឋកម្ពុជាយើងជារៀងរាល់ថ្ងៃ ។ យើងកំពុងព្យាយាមកាត់បន្ថយបញ្ហានេះ ហើយភាគច្រើននៅរាជធានីភ្នំពេញគ្រោះថ្នាក់ចរាចរ ដែលបណ្ដាលឲ្យស្លាប់និងរបួស សុទ្ធតែ៨០ភាគរយដោយសារតែស្រវឹង”។
ជាការពិតបើក្រឡេកមើលទៅ ទីក្រុងភ្នំពេញគឺសំបូរទៅដោយកន្លែងកម្សាន្តសម្រាប់យុវវ័យ ដោយកន្លែងទាំងអស់នោះរួមមាន ក្លឹបកំសាន្ត ខារ៉ាអូខេ និងបារជាដើម ហើយអាជីវកម្មទាំងអស់នេះ បានគ្របដណ្ដប់គ្រប់ច្រកល្ហក មិនថាផ្លូវតូច ឬផ្លូវធំឡើយ។ ប្រសិនរដ្ឋាភិបាលអនុម័តនូវច្បាប់បិទហាងកម្សាន្តត្រឹមម៉ោង១២យប់ នោះនឹងជៈឥទ្ធិលយ៉ាងខ្លាំងដល់ម្ចាស់អាជីវកម្ម ហើយក្នុងនោះក៏មានបុគ្គលិកដែលធ្វើការពេលរាត្រីផងដែរ។
សូមបញ្ជាក់ឡើងវិញដែរថា ចំពោះការកំណត់ច្បាប់នេះ រដ្ឋាភិបាលនៅមិនទាន់អាចកំណត់បាននៅឡើយទេ ព្រោះសាលារាជធានីនៅកំពុងពិចារណា និងធ្វើយ៉ាងណាឲ្យច្បាប់នេះមានតុល្យភាពត្រឹមត្រូវ៕
ប្រភព៖ Business Cambodia
0 comments:
Post a Comment