ឧកញ៉ា គឺជាគោរមងារសម្រាប់បុគ្គលណា ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនក្នុងបរិមាណកំណត់ ដើម្បីកសាងសមិទ្ធផលជាប្រយោជន៍ដល់សង្គមជាតិ។ នៅកម្ពុជា បុគ្គលដែលបានទទួលងារជាឧកញ៉ា មានបរិមាណកើនឡើងជារៀងរាល់ឆ្នាំ។ ប៉ុន្តែទន្ទឹមនឹងការកើនឡើងនេះ គេសង្កេតឃើញថា តម្លៃនៃបុគ្គលជាឧកញ៉ា ក៏ធ្លាក់ចុះគួរឲ្យកត់សម្គាល់ដែរ។
![]() |
ឧកញ៉ា គឺជាគោរមងារសម្រាប់បុគ្គលណា ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនក្នុងបរិមាណកំណត់ ដើម្បីកសាងសមិទ្ធផលជាប្រយោជន៍ដល់សង្គមជាតិ។ |
ឧកញ៉ា គឺជាគោរមងារ ផ្ដល់ឲ្យសម្រាប់បុគ្គលដែលបានកសាងប្រយោជន៍សម្រាប់ប្រទេសជាតិ។ នៅកម្ពុជា គោរមងារជាឧកញ៉ាមានតាំងពីបុរាណមកម្ល៉េះ ដោយកាលណោះ ឧកញ៉ា គឺជាឋានន្ដររបស់មន្ដ្រីរាជការ ចាប់តាំងពីចៅហ្វាយខេត្ត សេនាបតី ស្ដេចត្រាញ់ មេទ័ព និងអ្នកជំនួញជាដើម។ បុគ្គលដែលមានគោរមងាជាឧកញ៉ា សុទ្ធសឹងតែជាបុគ្គលដែលមានចំណេះដឹងខ្ពង់ខ្ពស់ មានស្នាដៃបំរើផលប្រយោជន៍ជាតិច្រើន និងមានការគោរពស្ញប់ស្ញែងពីសង្គមទូទៅ។ នៅក្នុងសង្គមខ្មែរនាសម័យមុន ឧកញ៉ា មានចំនួនតិចតួចបំផុត។ ជាក់ស្ដែង នៅក្នុងសម័យសង្គមរាស្ត្រនិយម បុគ្គលដែលបានទទួលគោរមងារជាឧកញ៉ា មានចំនួនមិនដល់១០នាក់ផង។
ខុសពីសម័យមុន នៅក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២នេះ សប្បុរសជនណាដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជូនរដ្ឋ ជាថវិកាឬជាសម្ភារៈ ដែលមានតម្លៃលើសពី១០ម៉ឺនដុល្លារឡើងទៅ នឹងត្រូវរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ពីព្រះមហាក្សត្រ ដើម្បីទ្រង់ព្រះរាជទានគោរមងារជាឧកញ៉ា។
ការស្រាវជ្រាវក្រៅផ្លូវការ ដែលត្រូវបានចុះផ្សាយជាសាធារណៈលើទំព័រកាសែតក្នុងស្រុកយ៉ាងហោចណាស់៣ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ អំពីកំណើនឥតឈប់ឈរនៃចំនួនឧកញ៉ានៅកម្ពុជា។ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០៤ កម្ពុជាមានឧកញ៉ាយ៉ាងហោចណាស់២០០នាក់។ រហូតដល់ឆ្នាំ ២០០៩ ចំនួនឧកញ៉ាបានកើនឡើងដល់៤០០នាក់ និងបន្តកើនឡើងដល់៧០០នាក់ គិតត្រឹមដើមឆ្នាំ២០១៤។ នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៥នេះ បុគ្គលយ៉ាងហោចណាស់២០នាក់ បានទទួលគោរមងារជាឧកញ៉ា។ នេះបើផ្អែកតាមសៀវភៅព្រះរាជកិច្ច ចេញផ្សាយចាប់ពីខែមករាដល់ចុងខែមេសាកន្លងទៅថ្មីៗនេះ។
កំណើននៃចំនួនឧកញ៉ានៅកម្ពុជា ត្រូវបានអ្នកវិភាគសង្គមផ្សារភ្ជាប់ទៅនឹងកំណើននៃចំនួនពាណិជ្ជករ។ ពាណិជ្ជករ ដែលចង់បានងារជាឧកញ៉ា ដើម្បីមុខមាត់ កិត្តិយស និងភាពងាយស្រួលនៅក្នុងការប្រកបរបររកស៊ីផ្ទាល់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ឧកញ៉ាខ្លះបានប្រើប្រាស់គោរមងារនេះ ទៅតាមអំពើចិត្តរបស់ខ្លួន បង្កជាផលវិបាកយ៉ាងច្រើនដល់ប្រជាពលរដ្ឋនិងសង្គមជាតិ។
ចុងក្រោយនេះ អំពើរបស់ឧកញ៉ា សុខ ប៊ុន ដែលបានប្រើប្រាស់អំពើហិង្សាលើកញ្ញា សាសា បានទទួលការបរិហាររិះគន់យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន។ បើទោះបីជាឧកញ៉ានេះ បានទទួលស្គាល់កំហុស និងបានសន្យាថាមិនឲ្យរឿងនេះកើតឡើងទៀតក៏ដោយ ក៏សាធារណៈមតិនៅតែថ្កោលទោសដដែល។
មិនមែនមានតែឧកញ៉ា សុខ ប៊ុន ប៉ុណ្ណោះទេ ដែលប្រព្រឹត្តគំរូអាក្រក់ដល់សង្គមកម្ពុជា។ ក៏មានផងដែរ ឧកញ៉ា ថោង សារ៉ាត់។ ឧកញ៉ា ថោង សារ៉ាត់ ដែលត្រូវបានតុលាការរកឃើញថា ជាមេក្លោងសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ។ និង ឧកញ៉ា គឹម ម៉ាវិន្ថា ដែលបានសម្លាប់ប្រពន្ធចុង ព្រមទាំងកូនស្រីអាយុ៦ឆ្នាំរបស់ខ្លួន ហើយយកសពទៅបោះចោលនៅជ្រោះពេជ្រនិល កាលពីឆ្នាំ២០១៤។
ក្រៅពីការប្រព្រឹត្តរបស់បុគ្គល ក្រុមហ៊ុនមួយចំនួនដែលមានម្ចាស់ជាឧកញ៉ា ក៏បានបង្ករឿងរ៉ាវក្ដីក្ដាំគួរឲ្យកត់សម្គាល់ដែរ។ ក្រុមហ៊ុនកោះកុង SEZ របស់ឧកញ៉ា លី យ៉ុងផាត់ មានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយពលរដ្ឋជាង១៣០គ្រួសារ អស់ពេលយូរឆ្នាំ មុននឹងដោះស្រាយបញ្ចប់កាលពីដើមខែកក្កដាកន្លងទៅនេះ។ រីឯក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព នៅតែត្រូវសង្គមស៊ីវិលចោទប្រកាន់ពីការកាប់បំផ្លាញព្រៃឈើ បើទោះបីជាឧកញ៉ារូបនេះ ធ្លាប់អះអាងពីភាពត្រឹមត្រូវស្អាតស្អំរបស់ក្រុមហ៊ុនខ្លួនក៏ដោយ។
ទង្វើមិនគប្បីរបស់ឧកញ៉ាមួយចំនួន ឬការចោទប្រកាន់ទៅលើឧកញ៉ាមួយចំនួនថាប្រព្រឹត្តខុសឆ្គង បានធ្វើឲ្យតម្លៃរបស់ឧកញ៉ានៅកម្ពុជាធ្លាក់ចុះ។ តម្លៃរបស់ឧកញ៉ាធ្លាក់ចុះ មិនមែនមានន័យថា ឧកញ៉ាទាំងអស់នៅកម្ពុជាសុទ្ធតែប្រព្រឹត្តមិនល្អនោះទេ។ ប៉ុន្តែពាក្យស្លោកខ្មែរថា ត្រីមួយត្រក ស្អុយមួយ ស្អុយទាំងអស់។ បើទោះបីជាឧកញ៉ាខ្លះជាមនុស្សល្អ ហើយបានចូលរួមកសាងជាតិអស់ពីកម្លាំងកាយចិត្តយ៉ាងណាក្ដី ក៏អំពើល្អទាំងនេះ មិនអាចទៅលុបលាងអំពើអាក្រក់ ដែលឧកញ៉ាមួយចំនួនទៀតប្រព្រឹត្តនោះឡើយ។
ដូច្នេះ ដើម្បីស្ដារតម្លៃនៃឧកញ៉ាឡើងវិញ បុគ្គលដែលមានងារជាឧកញ៉ា គួរតែពិចារណាពីការប្រព្រឹត្តរបស់ខ្លួនឡើងវិញ។ សម្រាប់សង្គមកម្ពុជាសព្វថ្ងៃ ងារជាឧកញ៉ាលែងមានតម្លៃទៀតហើយ ប្រសិនបើងារនោះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់បម្រើតែផលប្រយោជន៍ខ្លួននិងបក្សពួក ដោយមិនខ្វល់ពីទុក្ខលំបាករបស់អ្នកក្បែរខាងទេនោះ។
ការប្រព្រឹត្តរបស់បុគ្គលដែលមានងារឧកញ៉ា ជារឿងមួយ។ ប៉ុន្តែនីតិវិធីនៃការផ្ដល់គោរមងារជារឿងមួយផ្សេងទៀត ដែលគួរតែត្រូវបានគិតគូរពង្រឹងឡើងវិញដែរ ដើម្បីឲ្យគោរមងារជាឧកញ៉ានេះ មានតម្លៃពិតប្រាកដ។ ព្រោះសូមកុំភ្លេចថា នៅពេលប្រព្រឹត្តមិនគប្បី មិនមែនមានតែឧកញ៉ាទេ ដែលត្រូវគេរិះគន់។ រដ្ឋាភិបាលដែលបានស្នើឈ្មោះឧកញ៉ានោះ ក៏រងការរិះគន់ផងដែរ៕
ប្រភព៖ RFI
0 comments:
Post a Comment