ធ្លាប់ឆ្ងល់ទេ!!! ហេតុអ្វីបានជាក្មេងខ្លះយំ គ្មានទឹកភ្នែក?
ឪពុកម្ដាយជាច្រើនតែងមានចម្ងល់ថា ហេតុអ្វីបានជាក្មេងមួយចំនួននៅពេលដែលយំ និងស្រែកឮខ្លាំង ប៉ុន្ដែមិនមានទឹកភ្នែក? នេះជាមូលហេតុអ្វើអោយពូកគេបារម្ភថា ក្មេងអាចនឹងកើតមានបញ្ហាអ្វីមួយ ប៉ុន្ដែការពិតទៅវាអាចបណ្ដាលមកពីការមានជាតិទឹក មិនគ្រប់គ្រាន់ក្នុងរាងកាយ ដែលអាការខ្វះជាតិទឹក អាចបណ្ដាលមកពីមូលហេតុដូចខាងក្រោម។
១-ការទទួលបានជាតិទឹកមិនគ្រប់គ្រាន់ ដូចជាផឹកទឹក ឬបៅទឹកដោះគោបានតិច។ ភាគច្រើនគេសង្កេតឃើញនៅពេលដែលកូនឈឺ ធុញអាហារ ឈឺធ្មេញ ឈឺពោះ មានដំបៅក្នុងមាត់ ឬឈឺបំពង់កជាដើម។
២-ការបាត់បង់ជាតិទឹកពីរាងកាយ ដូចជា ក្អួតចង្អោ ឬរាករួស ក្ដៅខ្លួនបែកញើសជាដើម។ នៅពេលដែលរាងកាយបាត់បង់ជាតិទឹកវាអាចបណ្ដាលអោយមានអាការមួយចំនួនកើតឡើង ដូចជា ជីពចរដើរញាប់ មាត់ស្ងួត ភ្នែកខូង ថ្ពាល់យារ យំគ្មានទឹកភ្នែក នោមតិច និងមានពណ៌ដិតខ្លាំង ក្នុងករណីធ្ងន់ធ្ងរខ្លាំង វាអាចបណ្ដាលអោយសម្ពាធឈាមទាបបាន។ ក្នុងករណីកូនអ្នកជាក្មេងដែលមានសុខភាពល្អ ទទួលទានអាហារបានតាមធម្មតា មិនមានអាការនានាបង្ហាញថា ខ្វះជាតិទឹក ព្រមទាំងបៅដោះបានដូចធម្មតា និងសង្កេតឃើញថា កូននោមដូចធម្មតា អ្នកមិនចាំបាច់អោយកូនផឹកទឹកបន្ថែមនោះឡើយ ព្រោះការផឹកទឹកច្រើនលើសពីតម្រូវការ អាចធ្វើអោយកូនមិនចង់បៅទឹកដោះម្ដាយធ្វើអោយទទួលបានសារធាតុអាហារ និងថាមពលមិនគ្រប់គ្រាន់។
ទារកនៅពេលដែលមានអាយុលើសពី៦ខែ អ្នកអាចផ្ដល់អាហារបន្ថែមលើការបៅទឹកដោះម្ដាយ។ ប៉ុន្ដែនៅមានមនុស្សមួយចំនួនមានជំនឿខុសថា នៅពេលដែលក្មេងមានអាយុលើសពី៦ខែ ទឹកដោះម្ដាយគ្មានប្រយោជន៍នោះទៀតឡើយ ឬមានបរិមាណមិនគ្រប់គ្រាន់សម្រាប់តម្រូវការរបស់កូន។ ដូចនេះវិធីដែលល្អបំផុតគឺអ្នកគួរបន្ដអោយកូនបៅទឹកដោះម្ដាយ និងចាប់ផ្ដើមអោយកូនទទួលទានអាហារបន្ថែមផ្សេងៗ ដូចជា ទឹកដោះគោម្សៅ ឬទឹកស៊ុបបន្លែ បបរ ឬបាយកិន ជាដើម។
ក្រៅពីនេះមូលហេតុដែលកូនយំមិនចេញទឹកភ្នែក អាចបណ្ដាលមកពីក្រពេញទឹកភ្នែកធ្វើការមិនទាន់ពេញលេញ ហើយវានឹងវិវឌ្ឍនៅពេលដែលកូនធំជាងនេះបន្ដិច។ ម្យ៉ាងទៀតវាអាចបណ្ដាលមកពីកូនស្រែក ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់ឪពុកម្ដាយក៏ថាបាន៕
ប្រែសម្រួលដោយ៖ នីតា
ប្រភព៖ Knowledge
0 comments:
Post a Comment