បន្លែ គឺជាជីវជាតិចាំបាច់សម្រាប់បំប៉នរាងកាយ។ ដើម្បីការលូតលាស់ល្អនៃរាងកាយ គេលើកទឹកចិត្តមនុស្សឲ្យបរិភោគបន្លែឲ្យបានច្រើន។ ប៉ុន្តែ បច្ចុប្បន្ន និយាយរឿងបន្លែ ប្រជាជនសម្ដែងក្ដីបារម្ភស្ទើរតែទូទៅទៅហើយ អំពីសារធាតុគីមីនៅជាប់នឹងបន្លែ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។
ទោះបីមើលទៅឃើញស្អាតហើយស្រស់ក្ដី បន្លែអាចនឹងជាប់ជាមួយនឹងសំណល់ជាតិគីមីពីថ្នាំពុលកសិកម្មដែលគេប្រើលើវានៅពេលដាំដុះ។
បើដូច្នេះ តើយើងត្រូវឈប់ទទួលទានបន្លែ មែនទេ? ចម្លើយគឺមិនមែនទេ។ ការលែងទទួលទានបន្លែដោយសារតែខ្លាចបារម្ភរឿងសុវត្ថិភាព មិនមែនជាដំណោះស្រាយទេ ព្រោះថា បើរាងកាយយើងគ្មានជាតិបន្លែសោះ ក៏យើងអាចប្រឈមនឹងបញ្ហាខ្វះអាហារូបត្ថម្ភដូចគ្នា។
ជាពលរដ្ឋសាមញ្ញ យើងមិនអាចទៅហាមឃាត់ការនាំចូលបន្លែពីប្រទេសជិតខាង ហើយក៏មិនអាចមានលទ្ធភាពពិសោធដឹងថា តើបន្លែណាមានផ្ទុកជាតិគីមីពុល ឬគ្មានដែរ។
ប៉ុន្តែ មានវិធីសាមញ្ញមួយចំនួន ដែលយើងអាចធ្វើបាន ដើម្បីសុខភាពផ្ទាល់ខ្លួនយើង ដើម្បីសុខភាពគ្រួសារ កូនចៅយើងបាន។ វិធីនោះ រួមមានដូចខាងក្រោម៖
- ទី១ - លាងសម្អាតបន្លែ និងត្រាំទឹកអំបិលរយៈពេល ២០នាទី។ ចាក់ទឹកក្នុងចានដែក ជាមួយនឹងសូលុយស្យុងអំបិល ១០%។ បន្ទាប់មក ច្របល់បន្លែចុះឡើងៗឲ្យសព្វ រួចហើយត្រាំក្នុងទឹកអំបិលនេះ ឲ្យបាន ២០នាទី។
- ទី២ - បន្ទាប់មក ស្រង់បន្លែទាំងនេះលាងសម្អាតចេញ និងចិតសំបកបន្លែណាដែលមានសំបក រួចហើយស្រុះទឹក្ដៅដាំពុះ ៥នាទី ឬឆារ ឬស្ងោរចម្អិនវា។
ម្យ៉ាងទៀត ការរៀបចំបន្លែដោយរបៀបនេះ អាចកម្ចាត់មេរោគ ឬបាក់តេរីដែលអាចតោងជាប់នឹងបន្លែ បានផងដែរ។
ដូច្នេះ ដើម្បីសុខភាពខ្លួនអ្នក គ្រួសារអ្នក កូនចៅ និងមនុស្សជាទីស្រលាញ់របស់អ្នក ចូរអនុវត្តខ្ជាប់ខ្ជួននូវវិធីសាមញ្ញៗដូចបានរៀបរាប់ខាងលើ និងចែករំលែកដល់អ្នកដទៃទៀតផង៕
ប្រភពពី៖ Cambonomist
0 comments:
Post a Comment