ជឿទេ ម្ដាយគឺជាស្ត្រីដ៏អាក្រក់ម្នាក់?
ម្ដាយនឹងមានឈ្មោះជាមនុស្សអាក្រក់លើកដំបូងចាប់តាំងពីពេលដែលកូនកើតចេញមក។ ឪពុកប្រហែលជារំខានដោយសារសម្រែកកូនយំមិនព្រមគេង។
មកពីម្ដាយមិនបាននៅជិតកូន! អញ្ចឹងម្ដាយត្រូវទៅជិត ហើយយកកូនទៅគេងនៅបន្ទប់ផ្សេងកុំឲ្យរំខានប្ដី។ ពេលឮសំឡេងអីបន្តិច ម្ដាយភ្ញាក់ ស្ទុះទៅមើលកូនព្រោះខ្លាចកូនយំ។
ពេលជីដូនជីតាមកលេង ពួកគាត់ថាម្ដាយមិនបានបញ្ចុកកូនឲ្យគ្រប់គ្រាន់ មិនបានបញ្ចុកតាមពេលកំណត់ មិនលេងជាមួយកូន មិនស្រឡាញ់កូន មិនប្រដៅកូន..... គ្រប់យ៉ាងគឺខុសទាំងអស់។ បន្ទាប់ពីនោះ សាច់ញាតិ ឬអ្នកជិតខាងក៏មកលេង។ ដំបូន្មានក៏ចាប់ផ្ដើមហូរមក៖ ម៉េចក៏បញ្ចុកកូនអញ្ចឹង ម៉េចឲ្យកូនដេកបែបហ្នឹង ចង់សម្លាប់កូនមែន....?
ពេលកូនលេងជាមួយអ្នកផ្សេង ម្ដាយចាំមើលដោយប្រុងប្រយ័ត្នខ្លាចរំខានគេ ហើយត្រៀមខ្លួនជានិច្ចដើម្បីទាញកូនចេញបើមានរឿងអ្វីធ្វើឲ្យគេរំខាន។
ពេលមានអ្នកអាចទុកចិត្តបានជួយមើលកូនមួយភ្លែតៗម្ដាយអរណាស់។ មិនមែនគាត់ទៅសម្រាកទេ តែត្រូវឆ្លៀតពេលបន្តិចទៅបញ្ចប់ការងារឲ្យហើយ។ ដល់កូនមានគ្រោះថ្នាក់ ឪពុកចាប់ផ្ដើមឡូឡា៖ ម៉េចមិនមើលកូន? ម៉េចបានបណ្ដោយឲ្យវាមុតដៃ?....
ពេលធ្វើដំណើរទៅណាមកណាហើយកូនយំ មនុស្សគ្រប់គ្នាចាប់ផ្ដើមសម្លឹងទៅម្ដាយ។៖ ម៉េចបានបណ្ដោយឲ្យកូនយំ? ម៉េចមិនលួងកូន? ហើយបើដឹងថាមានកូនតូចពិបាកចឹងមកធ្វើអី?....
ពេលកូនចូលរៀន ងារជាស្ត្រីមានកំហុសក៏មិនទាន់បញ្ចប់ដែរ។ គាត់នឹងត្រូវបានគេប្រាប់ឲ្យចំណាយពេលបន្ថែមនៅជាមួយកូនផង! ជួយធ្វើការងារគ្រូដាក់ឲ្យផង! ត្រូវអប់រំចរិតកូនឲ្យល្អផង! ត្រូវគ្រប់គ្រងកូនឲ្យល្អផង។ ពេលប្រឡងបញ្ចប់មិនជាប់ ឬរកការងារមិនបានធ្វើ វាជាកំហុសរបស់ម្ដាយដែលបរាជ័យក្នុងការអប់រំគេ។ ឪពុកក៏តាំងនិយាយ៖ ព្រោះតែម្ដាយហ្នឹងប៉ិនអាណិតកូនពេកបានជាវាខូច ប្រឡងមិនជាប់។ បន្ទាប់ពីប្ដី ដល់វេនជីដូនជីតាម្ដង......។
ជីវិតជារឿងលំបាកមួយសម្រាប់ម្ដាយគ្រប់រូប។ គាត់មិនមែនជាទេវតាទេ។ គាត់មិនមែនចេះគ្រប់សព្វទេ តែគាត់ជាមនុស្សអត់ធ្មត់ មានមេត្តា ចេះសន្ដោស ចេះដោះស្រាយបញ្ហា និងចេះធ្វើការសម្រេចចិត្តបានសមស្រប។
ម៉ែទទួលកំហុសទាំងនេះដោយសារតែគាត់ព្យាយាមធ្វើឲ្យមនុស្សដែលគាត់ស្រឡាញ់បំផុតក្លាយជាមនុស្សល្អ។ ត្រូវចាំថា គ្មាននរណាល្អឥតខ្ចោះទេ។ ការស្ដីបន្ទោសខ្លួនឯងរបស់គាត់វាគ្រប់គ្រាន់ហើយ ព្រោះថាគាត់ជាមនុស្សម្នាក់ដែលធ្វើការងារដ៏លំបាកបំផុត មានតម្លៃបំផុត និងចំណាយពេលយូរបំផុត តែមិនទទួលបានប្រាក់ខែ មិនបានពាក្យថាអរគុណ គ្មានពាក្យសរសើរ ហើយក៏គ្មានប្រាក់លើកទឹកចិត្តដែរ។
អ្នកមិនចាំបាច់ត្រូវទៅចំណាយអ្វីទេ គ្រាន់តែពេលស្ត្រីម្នាក់នោះពិបាកចិត្ត ត្រូវនៅជិតគាត់ ពេលស្ត្រីម្នាក់នោះយំ ត្រូវអោបគាត់ ហើយនិយាយថា "កូនស្រឡាញ់ម៉ែ"៕
ប្រភពអត្ថបទពី៖ Kanha.sabay.com.kh
ប្រភព៖ Brightside ប្រែសម្រួល៖ Chhai Yarith
0 comments:
Post a Comment