ហេតុអ្វីអ្នកនៅតែដោះខ្លួនមិនរួចពីបំណុលគេ?
គ្មានអ្នកណាម្នាក់ចង់ជំពាក់បំណុលគេនោះឡើយ តែបើជំពាក់បំណុលគេហើយដោះខ្លួនមិនរួច នោះអ្នកកំពុងប្រឈមមុខមាត់ជ្រោះភាពក្រីក្រមួយហើយ។ ទោះបីជាពេលខ្លះលោកអ្នកខិតខំព្យាយាមស្វែងរកប្រាក់បានច្រើនជាងមុនក៏ដោយ ប៉ុន្តែវាមិនមានប្រសិទ្ធភាពសោះក្នុងការដោះបំណុលទាំងនោះ។
បើដូច្នេះមែននោះ ប្រិយមិត្តសាកល្បងពិនិត្យមើលដើមចមសំខាន់ៗទាំង៨ខាងក្រោមនេះវិញម្តងមើល៍ ថាហេតុអ្វីបានជាលោកអ្នក ដោះបំណុលមិនរួចសោះ?
១) ចំណាយច្រើនជាងចំណូល
ប្រសិនបើអ្នកពិនិត្យមើលបញ្ជីចំណាយរបស់អ្នកប្រចាំខែដូចជា ការបង់ប្រាក់នៅធនាគារ ថ្លៃជួលផ្ទះស្នាក់នៅ រថយន្ត ប័ណ្ណធានារ៉ាប់រង ការហូបចុក ស្លៀកពាក់ក្នុងកម្រិតខ្ពស់ និងការចំណាយផ្សេងៗទៀត ខណៈដែលប្រាក់ចំណូលរបស់អ្នកមានតិចតួចស្តួចស្តើងប៉ុណ្ណោះ ទាំងនេះនឹងធ្វើឲ្យអ្នកពិបាកងើបរួចចេញពីបំណុលគេណាស់។ ប្រសិនបើអ្នកចង់ឲ្យបំណុលរបស់អ្នកធ្លាក់ចុះ អ្នកត្រូវតែកាត់បន្ថយទំហំចំណាយរបស់ខ្លួនឲ្យមកក្នុងកម្រិតមួយទាបមួយជាអប្បបរមា ពោលគឺតិចជាងប្រាក់ចំណូលរបស់អ្នកកាន់តែច្រើនកាន់តែប្រសើរ។
២) គ្មានប្រភពចំណូលបន្ថែម
នៅពេលដែលស្ថានភាពមួយគឺជាលាភសំណាងក្លាយជាក្តីទន្ទឹមរង់ចាំរបស់អ្នក នោះវាកាន់តែច្បាស់ណាស់ថា អ្នកមិនអាចគេចផុតពីបំណុលរបស់គេនោះឡើយ ត្បិតអីអ្នកក៏គ្មានលទ្ធភាពស្វែងរកប្រាក់ចំណូលបន្ថែមទៀតលើប្រាក់ចំណូលដែលមានស្រាប់។ ការងារថែមម៉ោង ឬ ក្រៅម៉ោងសុទ្ធសឹងតែជាដំណោះស្រាយអាចធ្វើឲ្យអ្នកអាចស្វែងរកប្រាក់ចំណូលបជួយដោះស្រាយបញ្ហាជីវភាពរបស់អ្នកបានមួយអន្លើ។
៣) ចំណាយគ្មានទិសដៅ
តើអ្នកដឹងទេថា ក្នុងមួយខែៗអ្នកបានយកលុយទៅចំណាយលើអ្វីខ្លះ? បើអ្នកមិនបានដឹងចម្លើយនេះច្បាស់លាស់ទេ នោះបញ្ជាក់ថា ការគ្រប់គ្រងហិរញ្ញវត្ថុកំពុងស្ថិតនៅក្នុងហានិភ័យខ្ពស់ ហើយអ្នកនៅតែជាទាសករប្រាក់បំណុលរបស់គេ។ ប៉ុន្តែ បើអ្នកអាចរកឃើញចម្លើយនេះ បានពិតប្រាកដ អ្នកនឹងចាប់ផ្តើមសម្លឹងមើលឡើងវិញពីការចំណាយដែលចាំបាច់ និងមិនចាំបាច់ សម្រាប់រៀបចំគម្រោងនៅពេលក្រោយឲ្យមានប្រសិទ្ធភាពជាងមុន។
៤) គ្មានគម្រោងចំណាយលើហិរញ្ញវត្ថុ
តើអ្នកនឹងត្រូវចំណាយប្រាក់របស់អ្នកទៅលើអ្វីខ្លះ? បើអ្នកឆ្លើយថា ៖«មិនដឹងទេ» តើអ្នកអាចគេចផុតពីបំណុលបានយ៉ាងដូចម្តេចទៅ? សំណួរនេះជាការដាស់តឿនមួយដល់លោកអ្នក ឲ្យរៀបចំគម្រោងមួយយ៉ាងច្បាស់លាស់ក្នុងការបែងចែកប្រាក់ចំណូលរបស់ខ្លួន សម្រាប់ការចំណាយក្នុងខែនីមួយៗ។ ចំណុចនេះ លោកអ្នកអាចរៀនតាមយុទ្ធសាស្ត្របែកចែកប្រាក់ចំណូលពីមហាសេដ្ឋីចិនលោក លីកាស៊ីង ដែល TheBENWS បានចុះផ្សាយនៅពេលកន្លងមក ដើម្បីទុកជាពន្លឺលើគម្រោងចំណាយហិរញ្ញវត្ថុរបស់អ្នក។
៥) គ្មានប្រាក់សន្សំសម្រាប់ការវិនិយោគ
តើអ្នកមានបានសន្សំប្រាក់សម្រាប់ការវិនិយោគដែរឬទេនៅពេលកន្លងមក? បើចម្លើយរបស់អ្នកជាអវិជ្ជមាន វាច្បាស់ណាស់ថា អ្នកកំពុងបោះលុយឲ្យអ្នកដទៃ។ អ្នកនៅតែជាប់បំណុលងើបមុខមិនរួច ពីព្រោះថាផ្ទុយពីការចំណាយប្រាក់ដើម្បីបង្កើតចំណូល អ្នកថែមទាំងខ្ជះខ្ជាយប្រាក់ទុកឲ្យបំណុលដឹកមុខគ្រប់ពេល។
៦) ចំណាយលើអ្វីដែលខ្លួនចង់បាន មិនចំណាយលើអ្វីដែលខ្លួនត្រូវការ
តើអ្នកចំណាយលុយតម្រូវសម្ភារប្រើប្រាស់ ឬ ទិញសម្ភារប្រើប្រាស់តម្រូវទៅនឹងលទ្ធភាពចំណាយរបស់អ្នក? អ្នកអាចសាកល្បងគិតបន្តិចថា បើអ្នកព្យាយាមចំណាយលើសម្ភារៈមិនចាំបាច់មួយចំនួនកាន់តែច្រើនជាជាងលទ្ធភាពចំណាយរបស់លោកអ្នក វាពិបាកធ្វើឲ្យលោកអ្នកដកខ្លួនចេញពីរណ្តៅបំណុលគេណាស់។ ជាការប្រសើរ និងរកឲ្យឃើញប្រសិទ្ធភាពនៅក្នុងចំណុចនេះ អ្នកត្រូវចំណាយលុយឲ្យចំទិសដៅ និងមានប្រសិទ្ធភាពបំផុត ដូចជាទិញអ្វីដែលចាំបាច់ មិនត្រូវទិញអ្វីដែលអ្នកចង់បាននោះឡើយ។
៧) ខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍
តើអ្នកធ្វើការប៉ុន្មានម៉ោងក្នុងមួយថ្ងៃ? តើអ្នកបានលៃលកពេលវេលាមួយចំនួនក្រៅពីនេះ ដើម្បីស្វែងរកប្រាក់ចំណូលបន្ថែមដែរឬទេ? វាមិនជាចម្លើយដ៏ត្រឹមត្រូវនៃសំណួរទាំងពីរនេះនោះឡើយ ដរាបណាអ្នកបានបណ្តោយពេលវេលាមានតម្លៃមួយចំនួនឲ្យរសាត់អណ្ដែតតាមខ្យល់ ហើយមិនអាចប្រើប្រាស់ពេលវេលាទាំងនោះសម្រាប់ស្វែងរកប្រាក់ចំណូលបន្ថែម។ ជាការល្អប្រសើរ អ្នកត្រូវធ្វើខ្លួនឯងជាមនុស្សម្នាក់ដែលរវល់បំផុត តែការរវល់របស់អ្នកទៅលើរឿងមានប្រយោជន៍ទាំងផ្តល់ចំណេះដឹង ឬ ស្វែងរកប្រាក់ចំណូលសម្រាប់ខ្លួនឯង។
៨) ឃើញដំរីជុះ ជុះតាមដំរី
បើអ្នកបណ្តោយឲ្យខ្លួនឯងធ្លាក់ចូលក្នុងបរិបទសង្គមហក់លោតតាមមនុស្សមួយក្រុមដែល សម្បូរទៅដោយមាសប្រាក់ និងពោរពេញដោយសម្ភារនិយម រថយន្តទំនើប ផ្ទះវីឡា រស់នៅយ៉ាងហ៊ឺហា ខណៈដែលខ្លួនអ្នកនៅក្រតោកយ៉ាកគ្មានលទ្ធភាព នោះមហិច្ឆតាគ្មានសច្ចធម៌របស់អ្នកនឹងបំផ្លាញអ្នកដោយមិនដឹងខ្លួន។ ចូលកែទម្លាប់នៃការគិតដូចចៅចាក់ស្មុគរបស់អ្នកឡើងវិញ សម្លឹងមើលពីយុទ្ធសាស្ត្រដែលធ្វើឲ្យអ្នកអាចរកប្រាក់បានកាន់តែច្រើន ជាជាងទៅលើអ្វីដែលធ្វើឲ្យអ្នកចំណាយប្រាក់ឥតប្រយោជន៍៕
0 comments:
Post a Comment