ជំនឿ និង ហោរាសាស្ត្រ

តើ​ខ្មោច​គឺជា​អ្វី​?


​នេះ​គឺជា​សំណួរ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន ពិសេស​អ្នកមាន​ជំនឿ​និង​អ្នកវិទ្យាសាស្ត្រ​ឈឺក្បាល​វិលមុខ និង​ជជែក​គ្នា​បែក​ច្រ​វែ​តែ​ត​ដោយ​អ្នក​មានជំនឿថា វា​ពិត​ជាមាន​ខ្មោច​មែន តែ​អ្នកខ្លះ​ថា​វា​គ្មាន​ខ្មោច​ស្អី​ទេ​។



តែ​ទោះ​យ៉ាងណាក៏ដោយ ក៏​នៅតែ​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​នៅតែ​មានជំនឿថា ខ្មោច​ពិតជា​មាន ហើយ​ថែមទាំង​ភាគច្រើន​សុទ្ធតែ​ខ្លាច​ខ្មោច​ទៀតផង​។ នោះ​គឺ​ខ្មោច​ជា​វិញ្ញាណ​អ្នក​ដែល​ស្លាប់ទៅ​បង្ហាញខ្លួន ឬ​រូប ឬ​ស្រមោល របស់ខ្លួន​តាម​អ្វីដែល​គេ​ហៅថា វិញ្ញាណ ឬ​កម្លាំង​នៃ​វិញ្ញាណ​ចេញពី​រូប​កាយ​។

​អ្នកខ្លះ​លើក​ថា ហេតុអ្វី​ពេលខ្លះ​គេ​មិនអាច​ឃើញ​ខ្មោច​បែរជា​ខ្មោច​មើលឃើញ​មនុស្ស​។ ក្រុម​អ្នក​អភិរក្ស​វិញ្ញាណ​សាស្ត្រ​លើក​ថា នេះ​ដោយសារ​ថាមពល​នៃ​កែវភ្នែក​របស់​មនុស្ស​យើង មិនមាន​កម្លាំង​ខ្លាំងក្លា​អាច​មើល​នូវ​វិញ្ញាណ​ដែលមាន​លក្ខណៈផ្សេងៗ ឬ​ចំហាយ​នៃ​ដួងវិញ្ញាណ​នោះបាន ដូចជា​យើង​ពុំ​អាច​មើលឃើញ​ខ្យល់ ឬ​រលក​សំឡេង​បានឡើយ​។ ប្រសិនបើ​យើង​គ្រាន់តែ​គិតថា អ្វីដែល​យើង​មើលមិនឃើញ​ហើយ​បែរ ជា​យើង​សន្និដ្ឋានថា “​គ្មាន​” នោះ​វា​ពិតជា​ការសន្និដ្ឋាន​ដ៏​ធ្វេសប្រហែស​មួយ​។​



​នៅលើ​លោក​នេះ ទោះបី​មនុស្ស​យើង​ប្រកាន់​នូវ​ជំនឿ​សាសនា ឬ​មិនមាន​សាសនា ប៉ុន្តែ​ពួកគេ​សុទ្ធតែ​មានជំនឿថា មាន​វិញ្ញាណ​អមនុស្ស​ដែល​គេ​តែងតែមាន​អារម្មណ៍​ភ័យខ្លាច​។ ក្នុងនោះ​សូម្បីតែ​សត្វចតុប្បាទ​ដូចជា គោ ក្របី ឆ្កែ​... តើ​មាន​មនុស្ស​ណា​និយាយ​អំពី​ខ្មោច​ព្រាយ​បិសាច​ធ្វើ​ឲ្យ​វា​ខ្លាច ហេតុអ្វី​ក៏​សត្វ​ទាំងនោះ​មានការ​ភ្ញាក់ផ្អើល​រត់ មាន​អ្វី​មក​បន្លា​ចវា ហេតុអ្វី​ក៏​ឆ្កែ​លូ​ក្រលួច (​អ្នកខ្លះ​ថា​វា​លូ​ឃើញ​ខ្មោច អ្នកខ្លះ​ថា​វា​រក​ឈ្មោល​)​។ គេ​ពុំ​អាច​ដឹង​ជំនួស​ពពួកសត្វ​ទាំងនោះ​ថា​តើ​វា​ឃើញ​ខ្មោច ឬ​អត់​នោះទេ ប៉ុន្តែ​សត្វ​តែងតែមាន​ញាណ​ទី​៦ វា​អាច​ដឹងបាន​មុន បើទោះបីជា​វា​ឃើញ ឬ​មិនឃើញ​ក៏ដោយ ក្នុងនោះ​ដូចជា​ពពួក​ស្រមោច​មុនពេល​មាន​ភ្លៀង វា​តែងតែ​នាំគ្នា​ជញ្ជូន​កូន​ដៅ​រក​កន្លែង​ផុតពី​ទឹក​។​ល​។​

​​ព្រះ​សំវរ​វិជ្ជា​បណ្ឌិត សុខ ប៊ុនធឿន ព្រះចៅអធិការ​វត្ត​ន​ន្ទ​មុន្នី និង​ជា​ព្រះ​វិន័យ​ធម៌​អនុគណ​ខណ្ឌមានជ័យ មាន​សង្ឃដីការ​លើកឡើង​ថា តាម​ព្រះពុទ្ធសាសនា រឿង​ខ្មោច ឬ​វិញ្ញាណ​ខ្មោច​ពិតជា​មាន​មែន​។ ព្រះ​តេជគុណ​មាន​សង្ឃដីកា​ថា មនុស្ស​ស្លាប់ទៅ​ព្រលឹង វិញ្ញាណ​អ្នកស្លាប់​នោះ មានការ​បែងចែក​ជា​៣​ប្រភេទ​។ ទី​១ គឺ​មនុស្ស​ដែល​ស្លាប់​ភ្លាមៗ​មិន​កំណត់ពេល​ដូច​អ្នកស្លាប់​តៃហោង ដូចជា​ចង​.​ក គ្រោះថ្នាក់​ចរាចរណ៍ ឬ​ដោយ​ប្រការ​ប៉ះទង្គិច​ក្រៅពី​ជំងឺ គឺ​ព្រលឹង ឬ​វិញ្ញាណ​នោះ ពុំ​អាច​ទៅរក​ចាប់​ភព​ថ្មីៗ​ភ្លាមៗ​ទេ​។

មិនតែប៉ុណ្ណោះ​ថែមទាំង​មាន​ថាមពល​ខ្លាំង​រហូត​ពុំ​ដឹងខ្លួន​ឯង​ថា​ស្លាប់​ទៀតផង​។ ទី​២ ស្លាប់​ភ្លាម​កើត​ភ្លាមនោះ គឺ​ក្រុម​ពពួក​ដែល​បានធ្វើ​បុណ្យ ធ្វើអំពើ​កុសល​ល្អ ពេល​ជិត​ស្លាប់​ក៏​នឹកឃើញ​អំពើ​ល្អ​ក៏​កើ​តទៅ​ទីឋាន​ល្អ និង​មនុស្ស​ទេវតា​។​សម្រាប់​អ្នក​សាង​អំពើ​បាប​ច្រើន ច្រើនតែ​មុន​ស្លាប់​ក៏​នឹកឃើញ​អំពើអាក្រក់​របស់ខ្លួន​ជម្រុញ​ឲ្យ​ព្រលឹង​វិញ្ញាណ​ទៅ​កើត​ទៀត តែ​កើត​នៅ​ទីឋាន​មិន​សមគួរ​។

ទី​៣ ស្លាប់​ហើយ​មិនកើត​វិញ​ទេ គឺ​សម្តៅ​ដល់​ព្រះសម្មាសម្ពុទ្ធ និង​ព្រះអរហន្ត​ដែល​លោក​បានសម្រេច​គុណធម៌​ខ្ពស់​។ មិនមែន​តែ​នៅ​កម្ពុជា​យើង​ទេ មនុស្សលោក​ភាគ​ខាងកើត​កាលពីមុន​គ្រិស្ត​រាជ ជាពិសេស​ជន​អម្បូរ អៃ​ឃុ​ប បុរាណ មានជំនឿថា សេចក្តីស្លាប់​មិនមែនជា​ការបញ្ចប់​ជីវិត​នោះទេ ក៏ប៉ុន្តែ​ជាការ​ចាប់កំណើត​សារជាថ្មី​នៅក្នុង​លោក​នៃ​វិញ្ញាណ​។ 



នៅក្នុង​ក្បួនតម្រា​នៃ​សេចក្តីស្លាប់​របស់​ជន​អម្បូរ​អៃ​ឃុ​ប​បាន​គូសបញ្ជាក់ថា “​នៅពេល​សេចក្តីស្លាប់​ចូល​មកដល់​រាងកាយ​ដែល​ជាទី​អាស្រ័យ របស់​វិញ្ញាណ​ដល់ទី​បញ្ចប់​ក្នុងការ​បំពេញការងារ​វិញ្ញាណ និង​ញែក​ចេញពី​រាងកាយ​។ នៅពេលនោះ​ទូក​មាស​ក៏បាន​អណ្តែត​មក​ទទួល​វិញ្ញាណ រួច​អណ្តែត​ទៅតាម​ទ​ន្ល​នៃ​សេចក្តីស្លាប់​”​។

​​នៅពេល​ថ្ងៃ​ធ្វើដំណើរ​ក្រោម​ផ្ទៃដី​ដែល​ងងឹត​សូន្យសុង​គ្មាន​ពន្លឺ​ពី​ទេវតា លុះដល់​ពេលយប់​ក៏​ផុស​មក​ធ្វើដំណើរ​នៅលើ​ភពផែនដី​ក្រោម​ពន្លឺ​ដួង​ចន្ទ្រា និង​ហ្វូង​តារា​។ បន្ទាប់ពី​ការថ្លឹងថ្លែង​អំពើ​ល្អ និង​អាក្រក់​ពី​បេះដូង​ហើយ​នោះ ក៏ត្រូវ​ទូក​មាស​បញ្ជូន​វិញ្ញាណ​ត្រឡប់​ទៅកាន់​សង្ខារ​ចាស់​មុនពេល​លះបង់​សង្ខារ​ទៅ​រស់រានមានជីវិត​ឡើងវិញ​នៅក្នុង​ពិភពលោក​ម្តងទៀត​។ ជន​ហិណ្ឌូ​ប្រទេស​ឥណ្ឌា​សម័យបុរាណ​មានជំនឿថា​ជីវិត​គឺ​ការកើត​ហើយ​ស្លាប់​វិល​បន្ត​គ្នា​។ មនុស្ស​កាលណា​អស់ខ្យល់​ដង្ហើម​ហើយ​នោះ ក៏​ធ្វើដំណើរ​ទៅកាន់​លោក​នៃ​វិញ្ញាណ​ ។ សូមរងចាំអាននូវភាគបន្ត !!

ប្រភពពី៖ DTN-News

0 comments:

Post a Comment

Powered by Blogger.