ជំនឿ និង ហោរាសាស្ត្រ

ខ្នាយតាន់ ឬ ចែកាច់ ត្រូវ​ប្រជា​ជន​ខ្មែរ​មាន​ជំនឿ​យ៉ាង​ដូច​ម្តេច?



ប្រជាជន​ខ្មែរ​រស់​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ពួក​គេ​នៅ​តែ​មាន​ជំនឿ​ថា ខ្នាយ​តាន់​របស់​ជ្រូក​ព្រៃ គឺ​ជា​វត្ថុ​ស័ក្តិ​សិទ្ធិ​ ដែល​នាំ​មក​នូវសិរី​មង្គល និង​សេចក្តី​សុខ​ចម្រុង​ចម្រើន។ ជំនឿ​លើ​ខ្នាយ​តាន់​ជ្រូក​ព្រៃ​ក៏​កើត​មាន​ទៅ​ដល់​ប្រជា​ជន​ខ្មែរ​ភាគ​តិច​ ដែល​រស់​នៅ​តាម​ច្រក​របៀង​នៃ​ព្រំដែន​ខ្មែរ លាវ​​ផង​ដែរ។



ជន​ជាតិ​ខ្មែរ​លើ​ទាំង​នេះ​មាន​ដូច​ជា​ពួកទំពូន ព្នង និង​ស្ទៀង ជាដើម ដែល​ភាគ​ច្រើន​នៃ​ពួក​នេះ​ពាក់​ខ្នាយ​តាន់​ជ្រូក​ព្រៃ​ជា​ប្រចាំ​ថ្ងៃ​ទៀត​ផង។ ការ​មាន​ជំនឿ​លើ​ខ្នាយ​តាន់​ជ្រូក​ព្រៃ​របស់​ប្រជា​ជន​ខ្មែរស្ទើរ​តែ​មាន​លក្ខណ:​ជាទូទៅ​ក្នុង​សង្គម​ខ្មែរ ជា​ពិសេស​នៅ​តំបន់​ជួរ​ភ្នំ​ដង​រែក និង​នៅ​តំបន់​ព្រៃភ្នំ​ដែល​គេ​យល់​ឃើញ​ថា ជា​តំបន់​អាថ៌​កំបាំង​ប្រកប​ដោយ​បារមី និង​វត្ថុ​ស័ក្តិ​សិទ្ធិ ឬក៏​ជា​កន្លែង​រស់នៅ​ដ៏​សុខ​សាន្ត​របស់​សត្វ​ជ្រូក​ព្រៃ​ដោយ​វត្ត​មាន​នៃ​មើម​ដំឡូង​ព្រៃ​យ៉ាង​សម្បូរ។

ការ​ស្រាវជ្រាវ​របស់​យើង​បាន​ឱ្យដឹង​ថា ជ្រូក​ព្រៃ​មាន​ទម្លាប់​រស់​នៅ​ជា​ហ្វូង​របស់​វា ហើយ​នៅក្នុង​ហ្វូង​ជ្រូក​នីមួយៗ គេ​ឃើញ​មាន​មេហ្វូង​មួយ​ជា​ជ្រូក​ឈ្មោល​ដែល​ មិន​ត្រឹម​តែ​មាន​មាឌធំ ហើយ​ខ្លាំង​ជាង​គេ​ទេ វា​ថែម​ទាំង​កាច​សាហាវ​ទៀត​ផង។ នៅក្នុង​ខណៈ ពេល​ដែល​មាន​កូន​ជ្រូក​ព្រៃ​ទើប​នឹង​កើត​មក មេហ្វូង​ជ្រូក​ព្រៃ​ដ៏​កាច​សាហាវ​ខ្លាំង​នេះ​សម្លាប់​នូវ​កូន​ជ្រូក​ព្រៃ​ឈ្មោល​ណា ដែល​វា​ទទួល​ស្គាល់​ថា​មាន​​មហិទ្ធិឫទ្ធិ​ដូច​វា។



អ្នក​ស្រុក​រស់នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​បានឱ្យដឹង​ថា ការ​បំផ្លាញ​កូន​ខ្លួន​ឯង​ដូច្នេះ បណ្តាល​មក​ពី​មេហ្វូង​ខ្លាច​ក្រែង​កូន​ឈ្មោល​នៅ​ក្នុង​ហ្វូង​នោះ​នឹង​ដណ្តើម​អំណាច​ធ្វើជា​មេហ្វូង​ទៅ​ថ្ងៃ​ក្រោយ។ ទម្លាប់​របស់​ជ្រូកព្រៃ​នេះ ពុំមែន​ជា​រឿង​ចៃដន្យ​នៅក្នុង​សង្គម​សត្វ​ដែល​ធ្វើឱ្យ​មាន​ការ​រន្ធត់​ចិត្ត​នោះទេ តែ​នេះ​ជា​ច្បាប់​ធម្មជាតិ ។

ពេល​មេហ្វូង​ជិត​ស្លាប់ ទើប​វា​ទុក​កូន​ឈ្មោល​ណា​ដែល​ប្រកប​លក្ខណៈ​សម្បត្តិ​រឹងមាំ​មាន​ដុះ​ខ្នាយ​វែង​ ជាង​គេ​បន្តិច ដើម្បី​ទុក​ដឹកនាំ​ហ្វូង​ជ្រូកព្រៃ​បន្ត​ពី​វា​ទៀត។ ចំពោះ​មេហ្វូង​ជ្រូក​ព្រៃ​ដល់ពេល​ដែល​វា​ចាស់​ជរា​ខ្លាំង​ទៅ វា​ដើរ​ទៅ​រក​កន្លែង​ណា​ស្ងាត់ និង​មាន​ដើម ឈើ​ផង ដើម្បី​យក​ខ្នាយ​តាន់​របស់​វា​ទាំង​ពីរ​ទៅ​កាច់​បំបាក់​ទុក​បង្កប់​ចោល​នៅ​នឹង​ដើម​ឈើ​នោះ។



មហិទ្ធិឫទ្ធិ​របស់​ខ្នាយ​តាន់​នៅ​ត្រង់​ថា បារមី ឬ​វត្ថុ​ស័ក្តិ​សិទ្ធិ​ជា​ពន្លឺ​នៅ​លើ​ថ្ងាស​ជ្រូកព្រៃ​ដែល​តាម​ថែ​រក្សា​ គាំពារ​ជា​និច្ចកាល។ បារមី​នេះ​ឯង​ដែល​ពិបាក​នឹង​មាន​នរណា​ម្នាក់​អាច​សម្លាប់​វា​ដោយ​ងាយ​បាន​ឡើយ។

ហេតុ​ដូច្នេះ​ហើយ ​ប្រជាជន​ខ្មែរ​នៅ​តាម​តំបន់​ព្រៃភ្នំ​ដងរែក និង​តំបន់​ខ្ពង់​រាប​ដទៃ​ទៀត មាន​ជំនឿ​ថា អ្នក​ដែល​រើស​បាន​ខ្នាយ​តាន់​ជ្រូកព្រៃ​យក​មក​ពាក់ គឺ​គេ​នឹង​មាន​សេចក្តី​សុខ​សិរី​សួស្តី​ជា​ពុំខាន។ បារមី​នៃ​ខ្នាយ​តាន់​នេះ​នឹង​នៅ​រក្សា​ការ​ពារ​មិនឱ្យ​សត្រូវ​ជិត​ឆ្ងាយ​ណា​មក​បៀត​បៀន ឬ​យក​ឈ្នះ​លើ​ខ្លួនគេ​បាន​ឡើយ។



អ្នកមាន​ខ្នាយ​តាន់​ជ្រូក​ព្រៃ​តែង​តែ​កាន់​ត្រណម​មួយ​ចំនួន​យ៉ាង​ ខ្ជាប់​ខ្ជួន​ហើយ​គួប​ផ្សំ​នឹង​មន្ត​អាគម​បន្ថែម​ផង​នោះ​ធ្វើឱ្យ​ខ្នាយ​តាន់​ ជ្រូក​ព្រៃ​ដែល​មាន​បារមី​កាន់​ស្រាប់​កាន់តែ​ខ្លាំងក្លា​មួយ​កំរិត​ថែម​ទៀត។


0 comments:

Post a Comment

Powered by Blogger.