ចំណេះដឹងថ្មីៗ

តិច​និក​បំភ្លេច​មនុស្ស​ដែល​អស់ចិត្ត​ស្រឡាញ់​អ្នក​


គឺជា​រឿង​ធម្មតា​របស់ “ស្នេហា” ដែល​ត្រូវតែ​ប្រសព្វ​ជួបនឹង “ក្តី​សមបំណង” និង “ក្តី​ខកបំណង”...។ សេចក្តីសុខ និង​ក្តី​ទុក្ខសោក បើ​បាន​ជួបនឹង​ស្នេហា​ដែលល្អៗ គឺ​បានន័យថា អ្នក​សំណាងល្អ​ណាស់ ចុះបើ​ជួបនឹង​ស្នេហា​ដែល​ខកបំណង ដែល​ចង់ “បំភ្លេច” តែ​ទោះជា​ខំប្រឹង​បំភ្លេច​យ៉ាងណា ក៏​មិនអាច​បំភ្លេចបាន ព្រោះ​វា​នៅតែ​ដក់​ដិត​ជាប់​នៅក្នុង​បេះដូង​វិញ​នោះ តើ​អ្នក​ត្រូវធ្វើ​យ៉ាងណា? តើ​អ្នក​ធ្លាប់​ដាក់​សំណួរ​បែបនេះ​ចំពោះ​ខ្លួនឯង​ដែរឬទេ?

ពិត​ហើយ ដែល​ការចងចាំ​របស់​មនុស្ស​យើងម្នាក់ៗវា​ខុសគ្នា អ្នកខ្លះ​ឆាប់​ភ្លេច អ្នកខ្លះ​ក្រ​ភ្លេច​និង​អ្នកខ្លះ​មិន​ងាយ​ភ្លេច ទោះជា​ខំព្យាយាម​បំ-ភ្លេច​យ៉ាងណា ក៏​មិនអាច​បំភ្លេចបាន ក្នុង​ខួរក្បាល​នៅតែ​វឹល​វល់​នឹក​ឃើញតែ​រូបភាពចាស់ៗ រឿងរ៉ាវ​កាលពី​អតីត អារម្មណ៍ចាស់ៗពីមុន​ដែល​រូបអ្នក ឬ​គេ​ធ្លាប់បាន​ប្រគល់ឱ្យ​គ្នា​ទៅវិញទៅមក ទីកន្លែង​ដែល​ធ្លាប់​ដើរ​ដឹក​ដៃ​គ្នា​កាល​គ្រា​ដំបូង​បាយ​ក្នុង​ហាង​នេះ​ដែល​យើង​ធ្លាប់​ញ៉ាំ​ជាមួយគ្នា​ជាប្រចាំ កុន​រឿង​នោះ​ដែល​គេ ឬ​នាង​ចូលចិត្ត​មើល។ល។

ពិតមែន​ហើយ​ថា “ពេលវេលា​មិនអាច​ធ្វើឱ្យ​នរណា​ភ្លេច​នរណា​បានឡើយ” តែ​វិធី​ដែល​ល្អ​គឺ បើ​នៅតែ​មិនអាច​បំភ្លេច​គេ​បាន ក៏​ចាំ​ត្រឹមតែ​ថា​គេ​លែង​ស្រឡាញ់​យើង​ទៅបាន​ហើយ ហើយ​វិធី​មួយទៀត​គឺ តើ​ហេតុអ្វី​បានជា​អ្នក​មិន​ព្រម​ប្រមូល​ការចងចាំចាស់ៗ អនុស្សាវរីយ៍ចាស់ៗដែល​អ្នក​និង​គេ​ធ្លាប់​បានធ្វើ​រួមគ្នា​ទាំងនោះ ដាក់ចូល​ទៅក្នុង​ទីជម្រៅ​នៃ​បេះដូង រួច​ចាក់សោរ​បិទ​វា​ឱ្យ​ជិត​ឈប់​រំឭក ហើយ​រង់ចាំ​ដល់​ថ្ងៃ​ណាមួយ​ដែល​អ្នកមាន​អារម្មណ៍​ថា ត្រៀមខ្លួន​រួចរាល់​ជាថ្មី​ម្តង​ទៀតហើយ ស្នាមរបួស​ដែល​ធ្លាប់មាន​នោះ​ជា​សះស្រួលបួល​ហើយ សឹម​បើកទ្វារ​បេះដូង​ជាថ្មី​ម្តងទៀត​ក៏​មិនមែនជា​រឿង​អី​ប្លែក​ដែរ។

ចូរ​សាកល្បង​សួរ​បេះដូង​ខ្លួនឯង​ទៅ​មើលថា តើ​ចង់​មាន​សេចក្តីសុខ​ជាមួយនឹង​បច្ចុប្បន្ន​ថ្ងៃនេះ ឬ​ចង់​មាន​សេចក្តីសុខ​ជាមួយនឹង​អតីត​កាលដែល​កន្លង​ហួស​ទៅហើយ ដែល​មិនអាច​នឹង​វឹល​ត្រឡប់​មកឱ្យ​អ្នក​កែកុន​ជាថ្មីទៀត​បាន​នោះ? ចូរ​កុំភ្លេចថា ជីវិត​ត្រូវតែ​ឈានទៅ​មុខជានិច្ច ហើយ​ដែល​សំខាន់​នោះ​គឺ... ការចងចាំ​គ្រាន់តែ​ជា​ចំណែក​មួយ​តូច​ក្នុង​ជីវិត​ប៉ុណ្ណោះ មិនមែន​ក្នុង​ជីវិត​ទាំងមូល​របស់​យើង​នោះទេ៕

0 comments:

Post a Comment

Powered by Blogger.