គតិបណ្ឌិត

[អត្ថបទអប់រំចិត្ត]: ស្រលាញ់ខ្លួនឯង ជឿជាក់លើខ្លួន​ឯង!


ខ្ញុំមានអារម្មណ៍ថា ខ្ញុំ​គ្មានតម្លៃអ្វីទាល់តែសោះ គ្មានតម្លៃនឹងសាកសមធ្វើអ្វីមួយ ឬ ទទួលបានអ្វីមួយទាល់តែសោះ ។​ តើ​ខ្ញុំ​មានអ្វីខ្លះដែលល្អ ដែល​សាកសមនឹង​ទទួលបាននូវរបស់ទាំងអស់នោះ ។ ខ្ញុំ​គ្មានជំនាញពិតប្រាកដ ។ ខ្ញុំ​មិនមែនជា​កូនដែលចេះជួយ​ទុក្ខធុរះឪពុកម្តាយ ជាកូនកំជិល ដេកចាំតែឪពុកម្តាយធ្វើអោយ និង បំរើ ។​ ពេលមានបញ្ហា ខ្ញុំហាក់តែងទំលាក់កំហុសទៅលើអ្នកដទៃ និង ទៅលើខ្លួនឯង ។ ខ្ញុំពូកែតែនិយាយ តែ​ធ្វើមិនកើត ។ មានគំនិត តែ​មិនដែលមានឆន្ទះក្នុងការ​ធ្វើ​វាចេញអោយបានសំរេច ។​ បានត្រឹមតែការនិយាយ តែបើធ្វើមែនទែនគឺមិនមានអ្វីជាលទ្ធផលដុំកំផួន ។ គ្មានឯករាជ្យភាពខ្លួនឯង ។​ ពឹងអាស្រ័យទៅលើ​អ្នកដទៃក្នុងការបំពេញការងារ ។ លទ្ធផលការងារកើតចេញពី​ស្នាដៃអ្នកដទៃ ។ ខ្វះភាពជឿជាក់ក្នុងការធ្វើវាដោយខ្លួនឯង ។ មានការរំពឹងទុកចង់បានខ្ពស់ តែ​ភ័យខ្លាច ខ្វះភាពក្លាហានក្នុងការធ្វើវា ។ តើ​ខ្ញុំមានសិទ្ធ ឬ មានសមត្ថភាពអ្វីក្នុងការប្រាប់អ្នកដទៃអំពី​ការគ្រប់គ្រងភាព​តានតឹងចិត្ត បើ​ខ្ញុំ​ខ្លួនឯង​មិនអាច​គ្រប់គ្រង​អារម្មណ៍ខ្លួនឯងបានផង ។ តើ​ខ្ញុំ​មានអ្វីក្នុងការប្រាប់​អ្នក​ដទៃ​អោយ​ធ្វើ​ជា​បុគ្គលិកល្អ មកធ្វើការទាន់ម៉ោង ខិតខំប្រឹងធ្វើការ បើខ្លួនឯង​មិនអាច​ធ្វើ​វា​បានផង ។ តើ​ខ្ញុំ​មានសិទ្ធិអ្វីក្នុងការរិះគន់អ្នកដទៃ អ្នកនយោបាយ បើ​ខ្ញុំ​ខ្លួន​ឯង​មិនទាន់អាច​ធ្វើជា​កូនល្អ​ក្នុង​គ្រួសារ​បានផង ។ តើ​ខ្ញុំ​មានអ្វី​ដែល​អាច​ផ្តល់​អោយ​សង្គម បើ​ខ្ញុំ​មិន​ទាំង​អាច​ផ្តល់ជូនគ្រប់គ្រាន់ដល់គ្រួសារផង ។ តើ​ខ្ញុំ​មានសិទ្ធិអ្វីក្នុងការ​ទាមទារ​ អោយ​សង្គមនេះ​ក្លាយជា​សង្គមល្អ​ បើ​ទាំង​ខ្លួនឯង​មិនអាច​ជួយ​ដោះស្រាយ​បញ្ហា​ក្នុងគ្រួសារបានផង ។ តើ​ខ្ញុំ​មាន​សិទ្ធិអីក្នុង​ការ​រិះគន់​អ្នក​ដទៃ បើ​ខ្ញុំ​ខ្លួន​ឯង​មិនអាច​ទ្រាំបាន​ផង​ជាមួយនឹង​ពាក្យ​ស្តីបន្ទោសបន្តិចបន្តួចពី​ឪពុកម្តាយ​ខ្លួន​ឯង ។

ខ្ញុំពិតជាមើលមិនឃើញនោះទេនូវតម្លៃជីវិតរបស់ខ្ញុំ ។​ តើ​ខ្ញុំ​ចង់ធ្វើអ្វីអោយពិតប្រាកដក្នុងពេលអនាគត ។ តើ​ខ្ញុំ​ពិត​ជា​មាន​អ្វីដែល​ចាំបាច់​ក្នុងការធ្វើ​អ្វី​ផ្តល់​អោ​យ​អ្នកដទៃ​បានដែរឬទេ? បើ​ក្នុងពេលនេះ​ខ្ញុំ​មិន​អាច​សូម្បីតែ​បំពេញ​សេចក្តី​ត្រូវ​ការ​របស់ខ្លួន​ឯង​បាន​ផង?

ខ្ញុំ​ពិតជាមានអារម្មណ៍ធុញទ្រាន់ណាស់ ជាមួយនឹង​អ្វីៗនៅជុំវិញខ្លួនខ្ញុំ ។ ខ្ញុំ​ពិតជាមានអារម្មណ៍ធុញទ្រាន់ណាស់ជាមួយ​នឹង​ខ្លួនឯង ។ ខ្ញុំ​មិនមែនជា​អ្វីដែលខ្ញុំ​ចង់មាន ។ ខ្ញុំ​មិនចូលចិត្តខ្លួនឯង ។ ខ្ញុំខ្សោយណាស់ ទន់ជ្រាយណាស់ ងាយ​បោះបង់ណាស់ ។ តាំងពីតូចរហូតមកដល់ពេលនេះ​ តើ​ខ្ញុំ​សំរេចអ្វីបាន​ខ្លះនៅក្នុងជីវិត ?

ធម្មជាតិហាក់ផ្តល់អ្វីល្អៗដល់ខ្ញុំច្រើនណាស់ តែ​ខ្ញុំហាក់មិនចេះប្រើប្រាស់វា និង ថែររក្សា​វាអោយ​បានល្អ​ ។ អ្វីៗហាក់កំពុង​បាត់បង់​ទៅវិញហើយ ទាំងខ្ញុំមិនបានប្រើប្រាស់វា ។

ខ្ញុំ​ប៉ងចង់ចេះដឹង តែខ្ញុំខ្ជិលអាន ។ ខ្ញុំចង់ពង្រឹង​ភាសាអង់គ្លេស​ តែខ្ញុំ​ខ្ជិលរៀន ។ ខ្ញុំចង់ចេះលេងភ្លេង តែ​ខ្ញុំ​ខ្ជិលហ្វឹកហាត់ ។ ខ្ញុំចង់បានអាហារូបករណ៍ តែខ្ញុំ​មិនចង់​បំពេញទម្រង់​ពាក្យសុំ ព្រោះវាលំបាក ។ ខ្ញុំចង់បានប្រាក់ខែច្រើន តែខ្ញុំ​ហាក់ខ្ជិលធ្វើការ មិនខិតខំអភិវឌ្ឍន៍ខ្លួនឯង ។ ខ្ញុំចង់បាន​តួនាទីល្អ តែ​ខ្លាចការលំបាកក្នុងការបំពេញតួនាទីនោះ ។ ខ្ញុំ​មាន​ការចង់បានល្អៗច្រើន តែ​វា​គ្រាន់តែ​ជាក្តីស្រមៃ​ ដែល​គ្មាន​សកម្មភាពតែប៉ុណ្ណោះ ។ វា​គ្មានប្រយោជន៍អ្វីទេ សំរាប់ខ្ញុំ ។ ខ្ញុំ​គ្រាន់តែ​ពូកែគិត តែ​មិន​ពូកែធ្វើ ។ ខ្ញុំ​ខ្វះ​ការប្តេជ្ញាចិត្ត ខ្វះឆន្ទះក្នុងការ​ជំនះការលំបាក ។ តើ​ខ្ញុំ​មានអ្វីល្អខ្លះទៅ ? ខ្ញុំពិតជាមានអ្វីល្អ តែ​តើ​ខ្ញុំ​ពិតជា​មានឆន្ទះក្នុងការប្រើវា​ដែរឬទេ?

ជោគជ័យរបស់ខ្ញុំ​ កើតឡើង​ច្រើន​ជាងនៅពេល​ដែលខ្ញុំ​ស្ថិតក្នុងវ័យកុមារ ។ តែ​ពេលដែលខ្ញុំ​ចាប់ផ្តើមធំធាត់ឡើង ជោគជ័យដែលខ្ញុំសំរេចបានហាក់កាន់តែតិចទៅ តិចទៅ ។ ខ្ញុំ​ហាក់ពេញចិត្តជាង ជាមួយនឹង​ខ្លួនឯង​ក្នុងវ័យកុមារ ។ ខ្ញុំ​ខិតខំណាស់ ។ ខ្ញុំ​តស៊ូណាស់ ក្នុងការ​សិក្សា ។ តែអ្វីៗ​ហាក់ដូចជា​ខុសប្លែកនៅពេលដែល​ខ្ញុំ​ធំឡើង ។ ខ្ញុំ​នៅតែស្រលាញ់ការសិក្សា តែ​ខ្ញុំ​មិនបានអនុវត្តចេញនូវអ្វី​ដែល​ខ្ញុំ​គិតឬចង់នោះទេ​ ។ ខ្ញុំមិនដឹងសូម្បីតែខ្លួនឯងចង់បានអ្វីផង ។ បរាជ័យណាស់ខ្ញុំ ។

តើខ្ញុំចង់បានអ្វី?

ខ្ញុំចង់បានជំនឿចិត្តមួយចំពោះខ្លួនឯង ។ ខ្ញុំ​ចង់អោយខ្លួនឯងជាមនុស្សម្នាក់ក្លាហាន ហ៊ានធ្វើអ្វីដែលគួរធ្វើ មិនខ្លាចកំហុស​ មិន​ភិតភ័យដោយសារ​ពាក្យរិះគន់ ហ៊ាននិយាយអ្វីដែល​ចង់និយាយ ។​ ហ៊ានសំរេចចិត្តទាក់ទងនឹង​រឿង​មិនសំខាន់​ ដោយ​មិនសាំញាំច្រើន ។ ហ៊ានធ្វើការផ្លាស់ប្តូរ ដើម្បីឈោងចាប់ឬទទួលបាននូវបទពិសោធន៍ដែលថ្មី ។ មានឯករាជ្យភាព​ ក្នុងការបំពេញកិច្ចការងារ ។ មានការខិតខំប្រឹងប្រែង​ មិនងាយបោះបង់ តស៊ូ ជំនះបញ្ហា និង ចេះ​ដោះស្រាយបញ្ហា​ដែល​ប្រឈម ។ ចេះមានភាពបត់បែនក្នុងការ​ឆ្លើយតបភ្លាមៗជាមួយនឹង​បញ្ហា​ដែល​មាន ។ មានទំលាប់រស់នៅ​សកម្មជាងមុន ។ ចេះទំនាក់ទំនងល្អ​ជាមួយមនុស្សជុំវិញខ្លួន ។ ផ្តោតក្នុងការធ្វើអ្វីដែលអាចធ្វើបាន ជាជាង​មិនធ្វើឬបោះបង់​វាដោយសារ​តែ​មិនមានអ្វីគ្រប់គ្រឿង ។ មាន​ឆន្ទះក្នុងការឆ្ពោះទៅមុខ ទំលុះការលំបាក ទឹកមុខពោរពេញដោយក្តីសង្ឃឹម មិនរារែក មិនអល់អែក ឈានជើងទៅមុខពោរពេញដោយ​ស្មារតីភ្លឺថ្លា និងពោរពេញដោយភាព​ជឿជាក់ និងមានជំនឿថា ខ្ញុំពិតជាអាចធ្វើវាបាន ។ ខ្ញុំ​អាចនឹង​ត្រូវការការគាំទ្រពីខាងក្រៅ តែ​អ្វីដែល​មិនអាចខ្វះបាន គឺការគាំទ្រ​ពីខាងក្នុង ។ វាជាកម្លាំងចិត្តចេញពីក្នុងខ្លួន ។ វាជាជំនឿដែលខ្ញុំមានចំពោះខ្លួនឯង ។​ ​

តើអ្វីទៅដែល​អាច​ជួយ​ខ្ញុំ​អោយ​បង្កើតបាននូវ​ជំនឿចិត្តនេះ?

ខ្ញុំ​គិតថា វាមិនមែនកើតចេញពីអ្នកដទៃ​នោះទេ ។ តែជា​អ្វីដែល​កើតចេញពី​ខ្ញុំ​ខ្លួនឯង ។ វា​អាច​កើតចេញពីទង្វើដែលខ្ញុំ​ធ្វើ​ជាប្រចាំថ្ងៃក្នុង​ការរស់នៅ ។ វា​អាច​កើតចេញពីការគិត​ដែល​ខ្ញុំ​និយាយប្រាប់​មក​កាន់ខ្លួន​ឯង ។ វា​ជាសមត្ថភាព​ក្នុង​ការ​សង្កេត​ ចាប់អារម្មណ៍ និង អោយ​តម្លៃទៅលើ​ជោគជ័យតូចៗដែលខ្ញុំ​សំរេចបាន​ជារៀងរាល់ថ្ងៃ ។ វា​អាចកើតចេញពី ការដែលខ្ញុំ​គោរពទៅតាម​ពាក្យសន្យា​ដែល​ខ្ញុំ​បាន​សន្យាជាមួយនឹង​ខ្លួន​ឯង ។ វា​មិន​មែនកើតចេញពី​លេសដែល​ខ្ញុំ​មាន ក្នុងការ​គេចវេសចេញពីអ្វីដែល​ខ្ញុំ​សន្យាថានឹង​ធ្វើនោះទេ ។ វាមិនមែនកើតចេញពី​ពាក្យលើកទឹកចិត្តពី​អ្នក​ដទៃ​នោះផងដែរ ។ វាកើតចេញពីការលំបាក គឺកិច្ចការដែលខ្ញុំគិតថាលំបាក តែខ្ញុំ​អាច​ជំនះវាបាន ធ្វើវាបាន ។ វា​កើតចេញពី​ការសំរេចបាននូវអ្វីដែលខ្ញុំបាន​តាំងចិត្ត​ថានឹង​ធ្វើ ។ រាល់ពេលដែលខ្ញុំ​កុហកខ្លួនឯង ខ្ញុំគឺកំពុង​តែដកហូតចេញបន្តិចម្តងៗនូវជំនឿចិត្តចំពោះខ្លួនឯង ។ ពេលដែលខ្ញុំកុហកខ្លួនឯង គឺវាប្រៀបដូចជា​ខ្ញុំ​បាន​ចាយនូវជំនឿចិត្ត​ខ្លួនឯង​ក្នុង​ការ​ទិញរបស់អ្វីមួយដែល​ធ្វើ​អោយ​ខ្ញុំ​ស្រួលខ្លួនមួយរយះដូច្នេះដែរ ។ កាលណាខ្ញុំ​កុហកខ្លួន​ឯង​កាន់តែច្រើន ជំនឿចិត្តដែលខ្ញុំ​មាន​សល់ក៏កាន់តែតិច ។ ការមិនពេញចិត្តចំពោះខ្លួនឯង​កើតឡើងកាន់តែច្រើន ព្រោះខ្ញុំ​មិន​អាច​ធ្វើអ្វីដែល​ខ្ញុំ​បាន​សន្យាថានឹង​ធ្វើ​ ។

តើ​ខ្ញុំ​ត្រូវធ្វើ​យ៉ាងដូចម្តេចដើម្បីបង្កើតជំនឿចិត្តលើខ្លួនឯង?​

ធ្វើអ្វីដែល​ខ្ញុំ​ត្រូវធ្វើ ។ ពិបាក មិនចេះ ហត់នឿយ ឯកា ខ្លាំង ងងុយគេង ខ្មាស់អៀន ភ័យខ្លាច រវល់ អ្វីក៏ដោយ ខ្ញុំ​មិនត្រូវ​ចុះចាញ់នឹង​អារម្មណ៍​ទាំង​អស់នេះឡើយ ។​ ទាំងនេះជាអារម្មណ៍ដែល​នឹងកើតមានចំពោះខ្ញុំ ។ ចាញ់និងឈ្នះគឺស្ថិតនៅត្រង់​ថាតើខ្ញុំ​នឹង​បន្តជំនះធ្វើវា ឬផ្អាកធ្វើវា​នៅពេលអារម្មណ៍ទាំងនេះកើតឡើង ។ បើ​ខ្ញុំ​ជំនះធ្វើវា ខ្ញុំឈ្នះ ។ តែបើ​ខ្ញុំ​មិនធ្វើ​វា ផ្អាកធ្វើវា ដោយប្រើវាជាលេស ខ្ញុំចាញ់ ។

ផ្លាស់ប្តូរទម្លាប់​ក្នុងការរស់នៅ ។ រស់នៅដោយសកម្ម ។ បង្កើតកាលវិភាគហាត់ប្រាណ ដោយមានម៉ោងជាក់លាក់ និងត្រូវព្យាយាមគោរពតាមកាលវិភាគនិងអនុវត្តវា ដោយ​គ្មានលេស ។

ឧបសគ្គ? តើអ្វីទៅជាឧបសគ្គ? គ្មានទេឧបសគ្គ ។ ឧបសគ្គ គ្រាន់តែជាពាក្យដែលធ្វើអោយអ្នក​លំបាក ។ ឧបសគ្គគឺគ្មានទេ ។ តែ​ជាទូទៅ​ពាក្យ ឧបសគ្គគឺគេប្រើ​សំដៅទៅលើអ្វីដែលលំបាក ។​ ខ្វះ​ឡាន​ដឹក គឺអាច​ជា​ឧបសគ្គ ។ ពាក្យ​នេះ​វាអាច​ជា​ ពាក្យ​មួយដែល​ធ្វើ​អោយ​ផ្លូវចិត្តយើងរុញរា ជាពិសេសនៅពេល​ណា​ដែល​យើង​យល់ថា វា​មានទំហំជាងអ្វីដែល​យើង​អាច​ធ្វើបាន ។​ តែ​តាម​ពិតជាក់ស្តែងទៅ វា​មិនមានរូបរាងនោះទេ ។ វា​មិនលេចឡើងនោះទេ ។ វា​ជាអ្វីដែល​យើង​ស្រមៃ ។ វា​ជា​ការយល់ឃើញ ។ តែ​វា​មិនមែនជា​ការពិតនោះទេ ។ ចូរព្យាយាមប្រាប់ខ្លួនឯងថា គ្មានទេឧបសគ្គនៅលើលោកនេះ ។ គ្មានទេឧបសគ្គ ។ អ្វីដែលអ្នកជួប​គឺ​គ្រាន់តែជា​ការលំបាក ។ រាល់ការលំបាក​គឺសុទ្ធតែមានជំរើស​ក្នុងការដោះស្រាយ ។ ប្រសិនបើ​អ្នក​គិតថាអ្វីដែលរារាំងអ្នកគឺជា ឧបសគ្គ អ្នក​អា​ចនឹង​ត្រូវ​រាំងស្ទះ​ដោយ​សារវា ។ អ្នកអាច​នឹង​បោះបង់ចោលនូវអ្វីដែល​អ្នក​ត្រូវធ្វើ ដោយសារតែ​អ្នក​យល់ថា ឧបសគ្គនោះបាន​បិទផ្លូវអ្នក ឬ ធ្វើ​អោយ​អ្នក​ទាល់ច្រក មិនអាច​បន្តដំណើរឆ្ពោះទៅមុខទៀតបាន ។ តែបើ​អ្នកគិតថាឧបសគ្គដដែលនោះជាការលំបាក វា​គ្រាន់តែ​ជា​អ្វីដែល​ទាមទារ​អ្នក​អោយ​ចំណាយពេល​ច្រើនជាងមុន ឬ​ ខិតខំប្រឹងប្រែងខ្លាំងជាងមុនដើម្បី​ឆ្ពោះទៅមុខបានតែប៉ុណ្ណោះ ។ នេះ​ហើយជាភាពខុសគ្នារវាង​ ឧបសគ្គ និង ការលំបាក ។

ស្មោះត្រង់នឹងខ្លួនឯង ។ បើ​សន្យាថាខ្លួនឯង​នឹង​ធ្វើ​អ្វីមួយហើយ ត្រូវ​ព្យាយាមធ្វើវាអោយបាន ទោះបីជា​លំបាក​យ៉ាងណា​ក៏ដោយ ។ កុំកុហកខ្លួនឯង ។

ត្រូវមានគោលដៅច្បាស់លាស់ ។ កំណត់អំពីអ្វីដែល​ខ្លួន​ឯង​ចង់សំរេចបាន​ក្នុងរយះពេល​ជាក់លាក់ណាមួយ ។​ឧទាហរណ៍៖ នៅក្នុងឆ្នាំ ២០១៦ នេះអ្វីដែល​ខ្ញុំ​ចង់​អោយ​ខ្លួនឯង​អាចហែលទឹកបាន ។ អ្វីដែល​អ្នក​ចង់​សំរេចបាន​ត្រូវ​មានភាពជាក់លាក់ ហើយ​អ្នកត្រូវកំណត់​ពេល​វេលាអោយ​បាន​ច្បាស់លាស់ថាតើអ្នកចង់សំរេចវាអោយបាននៅ​ពេលណា ក្នុងឆ្នាំ ២០១៦?​ ត្រឹមខែ ៦ ឬ ត្រឹមខែ ១២ នៃ ឆ្នាំ ២០១៦? តើ​អ្វីខ្លះដែល​អ្នក​នឹង​ត្រូវ​ធ្វើ និង ត្រូវការ​ដើម្បី​សំរេចគោលដៅ​នេះ ? គោលដៅនិង​ពេល​វេលាសំរាប់​សំរេចអោយបាន ត្រូវ​មាន​ភាព​ប្រាកដនិយម ឬបានន័យថា វាត្រូវ​សមស្របទៅតាម​ស្ថានភាពជាក់ស្តែង និងអាចទៅរួច ឬអ្នកអាចមានលទ្ធភាព​ក្នុងការសំរេចវាបាន​តាម​កាលកំណត់​នោះ ។ កុំ​ដាក់សម្ពាធខ្លាំងពេកចំពោះខ្លួនឯង ឬ កំណត់​ពេលវេលាខ្លីពេក ដែល​ធ្វើ​អោយ​អ្នក​មិន​អាច​សំរេចវាបាន ។ ការធ្វើ​ដូច្នេះ អាច​នឹង​បង្កអោយ​អ្នក​មានអារម្មណ៍បរាជ័យ ឬ បង្កភាព​តានតឹង​មិនចាំបាច់ដល់​ខ្លួនឯង ។

ជូនពរដល់ខ្លួនឯង ។ ផ្តល់កម្លាំងចិត្តដល់ខ្លួនឯង ដោយលើកទឹកចិត្តខ្លួនឯង ហ៊ានសើចសប្បាយ​ចំពោះ​អ្វីដែល​ខ្លួនឯង​ធ្វើ​មិនទាន់បានល្អ និងចាត់ទុកថាវា​ជា​មេរៀន ។ ការគិតវិជ្ជមានចំពោះខ្លួនឯង ជាពិសេសនៅពេល​ដែល​ជួប​ការ​លំបាក គឺជា​ចលករមួយ​ដែល​ជំរុញអោយ​ខ្លួនឯង​នៅតែបន្តឆ្ពោះទៅមុខ និង​ជួយ​អោយ​យើង​បង្កើតបាននូវ​ក្តីសង្ឃឹម​មួយ​ដែល​មិន​ងាយរលត់ ។ កម្លាំងចិត្តចេញពីក្នុងខ្លួនគឺប្រៀបដូចជាប្រេង ​ឯក្តីសង្ឃឹមគឺប្រៀបដូចជាភ្លើង ។ អ្នក​ត្រូវការ​វា​ទាំងពីរដើម្បីប្រើធ្វើជា​អង្កត់ភ្លើងសំរាប់​នាំផ្លូវអ្នកឆ្ពោះទៅកាន់​គោលដៅរបស់អ្នក ។

ជូនពរអោយ​មាន​ក្តីសង្ឃឹមនិង​កម្លាំងចិត្តយ៉ាងពេញប្រៀបនៅក្នុងចិត្ត គំនិត ស្មារតីរបស់អ្នក ។

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.