មហាប្រជ្រុយ សំដៅដល់ប្រជ្រុយខ្លះ នាំលាភ គឺលាភធំ ហើយ ប្រជ្រុយខ្លះ នាំគ្រោះ គឺគ្រោះខ្លាំង...។ ចូររកមើលមើល ថាតើអ្នកមានប្រជ្រុយចំកន្លែងណាខ្លះទៅ នៃក្បាល និង ផ្ទៃមុខរបស់អ្នក ? សូមអានការទស្សន៍ទាយលម្អិតខាងក្រោមនេះ៖
1-ប្រជ្រុយនៅលើទងស្លឹកត្រចៀក
អ្នកដែលមានប្រជ្រុយនៅលើទងស្លឹកត្រចៀក គឺជាមនុស្សមានសម្ថភាព មានទេពកោសល្យ មានគំនិតប្រាជ្ញាឈ្លាសវៃ មានសុភមង្គល ការរកស៊ីវិញគឺទទួលបានជោគជ័យ ហើយទៅថ្ងៃមុខក៏អាចក្លាយទៅជាអ្នកមានទ្រព្យស្ដុកស្ដម្ភម្នាក់ដែរ ។ ប៉ុន្តែបើជាប្រភេទប្រជ្រុយដែលមានពណ៌សស្លេក ឬពណ៌ក្រហមព្រឿងៗវិញជាមនុស្សដែលមានមនសិកាផ្ទាល់ខ្លួនខ្លាំងក្លា ហើយដោយសារតែទំនើងចិត្តខ្លួនឯងនេះហើយទើបនាំមកនូវជោគសំណាងអាក្រក់។

2-ប្រជ្រុយនៅលើត្របកភ្នែក
អ្នក ដែលមានប្រជ្រុយនៅលើត្របកភ្នែក ក្នុងចំណោមមនុស្ស ១០នាក់ មាន៩នាក់ ប្រៀបដូចជាសត្វខ្យងហៀនគ្មានស្នូក ហើយបើមិនដូច្នោះទេ ជាមនុស្សដែលមិនមានលំនៅស្ថានពិតប្រាកដ។ ពួកគេចូលចិត្តសេរីភាព ដូច្នេះជាញឹកញាប់តែងផ្លាស់ប្ដូរទីលំនៅ។ ប្រសិនបើប្រជ្រុយមានពណ៌ខ្មៅរលោង ប្រែជាមានជោគសំណាងល្អទៅវិញ។ ប្រសិនបើប្រជ្រុយពណ៌ក្រហមព្រឿងៗ ជាមនុស្សចូលចិត្តប្រឆាំងនឹងមេកោយ ឬចាស់ទុំទៀតផង។
3-ប្រជ្រុយនៅក្រោមភ្នែក
អ្នកដែលមានប្រជ្រុយនៅក្រោមភ្នែក ជាមនុស្សសម្បូរស្នេហ៍ ហើយជារឿយៗតែងតែជួបនឹងករណីស្នេហ៍ច្រើនទុក្ខច្រើន។ ចំពោះស្ត្រីភេទ ក្រោយពីទទួលរងការរំជើបរំជួលចិត្តរួចមក តែងតែយល់ច្រឡំពីរឿងស្នេហា។ ដូចច្នេះថ្ងៃណាមួយ បើមានទំនាក់ទំនងស្នេហា មិនត្រូវងប់ងល់ខ្លាំងពេកនោះឡើយ។
4-ប្រជ្រុយនៅចុងកន្ទុយភ្នែក
អ្នកដែលមានប្រជ្រុយប្រភេទនេះ ភាគច្រើន នៅពេលកំពុងមានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួត ឬក្រោយពេលរៀបអាពាហ៍ពិពាហ៍រួច មានអ្នកទីបីចូលមកជ្រៀតជ្រែក។ ក្រៅពីនោះ អាពាហ៍ពិពាហ៍ដំបូងតែងតែបានជួបឧបសគ្គ។
5-ប្រជ្រុយបង្កប់ក្នុងរោមចញ្ចើម
ជាប្រភេទប្រជ្រុយនាំមកនូវជោគលាភល្អ និង អាយុវែង។ មិនថាប្រជ្រុយកប់ក្នុងរោមចិញ្ចើមខាងឆ្វេង ឬខាងស្ដាំឡើយ សុទ្ធតែជាមនុស្សធ្វើការម៉ត់ចត់ និង ហ៊ានទទួលខុសត្រូវ ព្រមទាំងមានចិត្តមេត្តាករុណា សក្តិសមប្រកបការងារផ្នែកសប្បុរសធម៌។ ម្យ៉ាងទៀត មនុស្សប្រភេទនេះមានជំនាញផ្នែកសិល្បៈទៀតផង។
6-ប្រជ្រុយនៅពីក្រោមបបូរមាត់
អ្នកដែលមានប្រជ្រុយប្រភេទនេះ មួយជីវិតប្រហែលជាអាចនៅតែលតោលមិនប្រាកដប្រជា ហើយបើទោះជាមានទ្រព្យច្រើនយ៉ាងណាក្ដី ក៏មិនសក្តិសមនឹងទិញអចលនទ្រព្យដែរ។ ប៉ុន្តែបើប្រជ្រុយមានពណ៌ខ្មៅភ្លឺរលោងវិញ មួយជីវិតនេះអាចមានជីវភាពរស់នៅប្រកបដោយសេចក្ដីសុខដុមរមនា។ ប្រសិនបើចំណុចប្រជ្រុយស្ថិតនៅចំកណ្ដាលខាងក្រោមបបូរមាត់ គឺជាមនុស្សប្រមឹករាល់ថ្ងៃ។ ចំណែកអត្តចរិតវិញជាមនុស្សមានឆន្ទៈខ្សោយ រីឯគុណសម្បត្តិវិញ ជាមនុស្សដែលមានការគិតគូរដិតដល់ ហ៊ានអារកាត់គ្រប់រឿងរ៉ាវដោយឥតរួញរាឡើយ។
7-ប្រជ្រុយនៅលើបបូរមាត់
អ្នកដែលមានប្រជ្រុយប្រភេទនេះ ក្រោយពេលរៀបអាពាហ៍ពិពាហ៍រួចអាចមានកូនភ្លោះ។ ចំពោះស្ត្រីប្រសិនបើចំណុចប្រជ្រុយស្ថិតនៅចំកណ្ដាល រវាងចុងច្រមុះ និង បបូរមាត់នោះ ចូរយកចិត្តទុកដាក់លើបញ្ហាសម្រាលកូន ព្រោះពិបាកក្នុងការឆ្លងទន្លេ។ មនុស្សប្រភេទនេះមិនសូវចេះសម្រួលទៅតាមកាលទេសៈ និង មិនសូវមានសេរីទៀតផង។ ប៉ុន្តែបើជាប្រជ្រុយមានពណ៌ខ្មៅរលោង បែរជាមានជោគសំណាងល្អទៅវិញ ព្រោះក្នុងមួយជីវិតមិនមានភាពខ្វះខាតឡើយ ហើយជីវភាពរស់នៅក៏ប្រកបដោយភាពថ្កុំថ្កើនរុងរឿងដែរ ។
8-ប្រជ្រុយគ្រោះលង់ទឹក
មានពីរប្រភេទគឺចំណុចប្រជ្រុយនៅចំកណ្ដាលថ្ពាល់ខាងស្ដាំ និង នៅចំកណ្ដាលក្ដោងច្រមុះ។ អ្នកដែលមានប្រជ្រុយប្រភេទនេះជាទូទៅគឺខ្លាចទឹក។ ចំពោះស្ត្រីដែលមានប្រជ្រុយបែបនេះគួរជៀសវាងសកម្មភាពនៅលើផ្ទៃទឹក ដូចជាទឹកសមុទ្រទន្លេបឹងបួរជាដើម។
9-ប្រជ្រុយនៅចុងច្រមុះ
សម្រាប់បុរសដែលមានប្រជ្រុយប្រភេទនេះអាចមានឈ្មោះបោះសំឡេង និងប្រមូលផលចំណូលតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ចំណែកឯស្ត្រីគឺមានជោគលាភនិងជោគទ្រព្យល្អ។ ក្រៅពីនេះទាំងបុរសនិងស្ត្រីកាលបើមានប្រជ្រុយប្រភេទនេះ សុទ្ធតែជាមនុស្សមានកាមតណ្ហាខ្លាំងក្លាដូចគ្នា។
10-ប្រជ្រុយនៅកណ្ដាលរោមចិញ្ចើម
ប្រជ្រុយ ប្រភេទនេះតំណាងឲ្យជោគជ័យធំនិងនិងបរាជ័យក៏ធំដែរ។ ចំពោះស្ត្រីបង្ហាញពីជោគគ្រួសារខ្សត់ខ្សោយបន្តិចត្រូវយកចិត្តទុកដាក់ទាក់ទាញចិត្តលោកប្ដីឲ្យបានជាប់ ពុំនោះទេអាចចែកផ្លូវគ្នាដើររៀងៗខ្លួនជាក់ជាមិនខាន ប៉ុន្តែអ្នកក៏ជាស្ត្រីជើងខ្លាំងម្នាក់ដែរពិតមែនតែពុំសូវយកចិត្តទុកដាក់ប្រកបកិច្ចការងារក្នុងផ្ទះក្ដីតែចូលចិត្តទៅប្រកបកិច្ចការងារនៅទីឆ្ងាយ។
11-ប្រជ្រុយនៅលើថ្ងាសជិតជើងសក់
អ្នកដដែលមានប្រជ្រុយប្រភេទនេះមានជោគសំណាងល្អណាស់ ព្រោះក្នុងមួយជីវិតអ្នកអាចទទួលបានការកោតសរសើរពីអ្នកដទៃហើយ ប្រជ្រុយប្រភេទនេះអាចធ្វើឲ្យបុគ្គលម្នាក់ ពេលជួបគ្រោះអាក្រក់ ប្រែមកជាល្អ។
12-ប្រជ្រុយបបូរមាត់
អ្នក ដែលមានប្រជ្រុយប្រភេទនេះជាមនុស្សសម្បូរទៅដោយមនោសញ្ចេតនា មានចិត្តមេត្តាករុណាហើយក្នុងមួយជីវិតនេះតែងតែជួយឈឺឆ្អាលរឿងរបស់អ្នកដទៃ ព្រមទាំងត្រូវបានបងប្អូនញាតិមិត្តស្រឡាញ់រាប់អានទៀតផង។ ទោះជាបែបនេះក្ដីត្រូវយកចិត្តទុកដាក់បញ្ហាហូបចុកមិនត្រូវល្មោភស៊ី ល្មោភផឹកឡើយព្រោះអាចអន្តរាយដល់សុខភាព។
13-ប្រជ្រុយក្បែរស្លាបច្រមុះទាំងសងខាង
អ្នកដែលមានប្រជ្រុយនៅក្បែរស្លាបច្រមុះឆ្វេងឬស្ដាំជាមនុស្ស មានគំនិតមិនប្រាកដប្រជា មិនសូវជាពេញចិត្តក្នុងកិច្ចការងារប៉ុន្មានឡើយ ហើយអាចប៉ះពាល់ដល់ការរីកលូតលាស់មុខរបរជួញដូរ និងពិបាកធ្វើឲ្យអ្នកដទៃជឿទុកចិត្តទៀតផង។ ប្រសិនបើប្រជ្រុយមានពណ៌ភ្លឺរលោងវិញ ជាបុគ្គលដែលមានជោគការងារល្អ និងចេះសម្របសម្រួលទៅតាមកាលៈទេសៈប្រែប្រួល។ លុះឈានដល់វ័យកណ្ដាល ជោគសំណាងក៏ប្រែមកជាល្អប្រសើរ ហើយជីវភាពរស់នៅក៏ប្រកបតែសេចក្ដីសុខក្សេមក្សាន្តដែរ។
14-ប្រជ្រុយនៅលើថ្ងាសខាងឆ្វេង ឬ ស្ដាំ
អ្នកដែលមានប្រជ្រុយនៅត្រង់កន្លែងនេះ ជាមនុស្សមានឧបនិស្ស័យតិចជាមួយញាតិសន្ដាន ហើយឱកាសនៃការចាកចេញពីផ្ទះមានច្រើន ព្រមទាំងមិនងាយនឹងទទួលបានការជ្រោមជ្រែងពីចាស់ទុំ និងការដំឡើងយសស័ក្កិពីចៅហ្វាយនាយទៀតផង។ រីឯជីវភាពរស់នៅលំបាកលំបិន ប៉ុន្តែបើចំណុចប្រជ្រុយស្ថិតនៅចំកណ្ដាលផ្នែកលើបន្តិច ជាមនុស្សមានគំនិតចាស់ទុំ ហើយដល់វ័យចាស់ជរា នឹងមានជីវភាពល្អប្រសើរ និងមានសេចក្ដីសុខដុមរមនា។ ចំពោះស្ត្រី គឺតំណាងឲ្យជោគទ្រព្យល្អណាស់ តែរឿងស្នេហាវិញ ងាយនឹងជូបបញ្ហាស្មុគស្មាញច្រើន។ ដូច្នេះការជ្រើសរើសគូស្រករត្រូវត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ តែបើជាប្រជ្រុយមានពណ៌ខ្មៅភ្លឺរលោងវិញគឺបង្ហាញពីជោគសំណាងល្អ មូលដ្ឋានគ្រឹះច្បាស់លាស់ នឹងអាចទទូលបានជោគជ័យដ៏ត្រចះត្រចង់ទៀតផង៕
ប្រភពពី៖ ចិនសែនាំលាភ
0 comments:
Post a Comment