ជាការពិតណាស់ថា កើតមកជាមនុស្សរមែងមានឧបសគ្គ និងជោគជ័យលាយឡំគ្នាពេញមួយជីវិតរស់នៅ ។ ព្រះអង្គបានទេសនាប្រដៅសត្វលោកថា ជីវិតគ្រប់រូបរមែងកើតមកហើយមានសំពាយកម្មមកជាមួយគ្រប់ៗរូប ។ ហេតុដូច្នេះហើយទើបព្រះអង្គពោលថា អាត្មាមិនខ្លាចសេចក្តីស្លាប់ តែអាត្មាខ្លាចបំផុតការចាប់កំណើតជាសត្វមាន ជីវិត ។ ទោះបីថា មនុស្សម្នាក់ៗមានមរតកម្មមកជាមួយក្តី ប្រសិនបើយើងវៃឆ្លាតចេះរៀបចំកែសម្រួលឆាកជីវិតខ្លួនឯងខ្លះៗក៏បាន ធូរស្រាលមួយកម្រិតដែរ ។ខាងក្រោមនេះយើងមានវិធីណែនាំដែលជួយឲ្យលោកអ្នកមានអារម្មណ៍ថា ធូរស្រាលក្រោយពេលបានសាកល្បងប្រើវារួចហើយ ។ ប្រសិនបើចង់ដឹងច្បាស់យើងមើលទាំងអស់គ្នា តើគួរធ្វើ ដូចម្តេចខ្លះ ?
១- ប្រមូលរបស់របរដែលលែងត្រូវការប្រើប្រាស់ហើយយកទៅបរិច្ចាកឲ្យអ្នក ខ្វះខាត ដូចជាស្បែកជើង សម្លៀកបំពាក់គ្រឿងសង្ហារឹមចាស់ៗ ហាមមានអារម្មណ៍ស្តាយស្រណោះ ជាមួយនឹងរបស់ដែលលែងប្រើ ។
២- កាត់បន្ថយកិច្ចការដែលនាំទុក្ខកង្វល់តប់ប្រមល់ចោលខ្លះ ដូចជាកិច្ចការប្រជុំដែលកំណត់យកការជាក់លាក់ការងារប្រកួត ប្រជែង ។ល។ អាចសុំឈប់ពីគណៈកម្មការក្នុងការងារដទៃៗទៀតខ្លះព្រោះលោកអ្នកដឹងឬ ទេថា ការងារច្រើនបែបនេះដែលធ្វើឲ្យលោកអ្នកមានអារម្មណ៍ធុញ ថប់ ។
៣- ជ្រើសរើសយកតែការងារណាដែលសំខាន់ៗនឹងគួរចូលរួមតែប៉ុណ្ណោះ ។ បើមិនដូច្នោះទេ លោកអ្នកប្រាកដគ្មានពេលវេលាសម្រាប់ខ្លួនឯង នោះឡើយ ។
៤- អានកាសែត សៀវភៅ ឬទស្សនាវដ្តីឲ្យតិចបំផុត ជាពិសេសព័ត៌មានព្រហ្មទណ្ឌ ឬព័ត៌មានណាដែលអូសទាញអារម្មណ៍លោក អ្នកឲ្យកើតភាពធុញថប់តប់ប្រមល់ ។
៥- ឈប់មើលកម្មវិធីទូរទស្សន៍ដែលមានសកម្មភាព សោកសៅ មនោសញ្ចេតនា ឬសេចក្តីរាយការណ៍ណាមួយដែលផ្តល់សម្ពាធដល់អារម្មណ៍ ។ ក្រៅពីនោះក៏មានកម្មវិធីទូរទស្សន៍បែបមានពិធីករ២-៣នាក់ជជែកគ្នា ដែលទាក់ទាញឲ្យលោកអ្នកប្រឹងស្តាប់ ហើយឆាប់កើតមានអារម្មណ៍ធុញ ថប់ ។
៦- កុំប្រញាប់ទទួលធានា ឬសន្យាថា នឹងធ្វើអ្វីមួយឲ្យអ្នកដទៃលឿនពេក គួរចេះឆ្លើយបដិសេធកុំខ្វល់និងការក្រែងចិត្តច្រើនពេក ។
៧- កុំព្យាយាមកែសម្រួលអ្នកដទៃឲ្យសោះព្រោះជាការងារដែលលំបាកបំផុត ហើយថែមទាំងធ្វើឲ្យអារម្មណ៍របស់យើង លិចលង់នៅក្នុងភាពខកបំណង របស់អ្នកដទៃទៀតផង ។ លើសពីនេះទៅទៀតក៏អាចធ្វើឲ្យលោកអ្នកកើតគំនិតស្អប់ខ្ពើមសង្គមនៅជុំវិញខ្លួន ។ ដូច្នេះគួរព្យាយាមស្រលាញ់អ្នកដទៃនិងព្រមទទួលស្គាល់គេទៅតាម ការពិតទៅចុះ ។ ក៏ប៉ុន្តែប្រសិនធ្វើចិត្តស្រឡាញ់មិនបាន គួរតែ មើលរំលងឲ្យបាន ហើយព្យាយាមកាត់បន្ថយក្តីសង្ឃឹមនៅក្នុងខ្លួនឯងផងដែរ ។ ក្រោយពេលវេលារំលងហួសទៅហើយ យើងងាកទៅរកអ្វីថ្មីៗយើងនឹង បានយល់ហើយព្រមស្រឡាញ់គេទៅតាមអ្វីដែលជាការពិតកាន់តែច្រើនឡើង ថែមទៀត ។
៨- កាត់បន្ថយមិត្តភ័ក្តិរួមដំណើរទៅណាមកណាម្នាក់ឯងខ្លះ ព្រោះវាជួយកាត់បន្ថយនូវភាពស្មុគស្មាញក្នុងចិត្តលោកអ្នកបានហើយថែមទាំងមានពេលវេលាទៅណាមកណាកាន់តែច្រើនទៀតផង ។
៩- កាត់បន្ថយអាការឆ្កួតនឹងការងារ ឆ្កួតនឹងលុយកាក់ ឆ្កួតនឹងអំណាចឆ្កួត នឹងកេរ្តិ៍ឈ្មោះកិត្តិយសព្រោះវាអាចជួយកាត់បន្ថយបាននូវ អារម្មណ៍ធុញថប់តប់ប្រមល់ ដែលចិត្តបង្ខំឲ្យលោកអ្នកធ្វើការងារ ។
១០- ប្រសិនបើស្រលាញ់នរណាម្នាក់ សូមកុំលះបង់ក្តីស្រលាញ់ឲ្យគេអស់រលីងពីក្នុងខ្លួន ហើយក៏កុំព្យាយាមលូកដៃកកូរកាយក្នុងជីវិតរបស់គេផងដែរ ។ ប្រសិនបើលោកអ្នកធ្វើបែបនេះបានពិតជីវិតរបស់អ្នកបានធូរស្រាល ក្នុងអារម្មណ៍ ៕
ប្រភពពី៖ CEN.com.kh
0 comments:
Post a Comment