![]() |
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ថ្លែងក្នុងពិធីផ្សព្វផ្សាយផ្សាយអំពីបញ្ហាព្រំដែន និងការបោះបង្គោលខណ្ឌសីមា កាលពីម្សិលមិញ (រូបថត៖ ទេព សូនី) |
មន្ត្រីកិច្ចការព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា ថ្លែងថាលោកពិបាកធ្វើការជាមួយវៀតណាមរឿងបញ្ហាព្រំដែន ដោយលើកឡើងថា កម្ពុជាបានស្នើសុំបោះបង្គោលខណ្ឌសីមាតាមផែនទី១/១០០ ០០០ ប៉ុន្តែវៀតណាមទាមទារឲ្យកម្ពុជាយកសន្ធិសញ្ញាឆ្នាំ១៩៨៥វិញជាគោល។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយអំពីបញ្ហាព្រំដែន និងការបោះបង្គោលខណ្ឌសីមា ជូនដល់អាជ្ញាធរខ្មែរទូទាំងប្រទេស កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ នៅចំពោះមុខ លោក ស ខេង។
លោក វ៉ា គឹមហុង ថ្លែងថា មូលហេតុដែលកម្ពុជាពិបាកធ្វើការងារព្រំដែនជាមួយវៀតណាម ដោយសារតែមិនឯកភាពគ្នាលើការប្រើផែនទី។ លោកថា៖ «យើងទាមទារយក ខ្សែ[ព្រំដែន]ទៅតាមគោលការណ៍ច្បាប់អន្តរជាតិ ដោយយកខ្សែផ្លូវការរង្វាស់ផែនទី ១/១០០០០០ ដែលគូសខ្សែព្រំដែននៅលើច្រាំងព្រែកវិញតេ វាមិនឆ្ងាយប៉ុន្មានពីមាត់ច្រាំងទេ។ នេះយើងទាមទារឲ្យគេយកអនុវត្តតាមហ្នឹង តែភាគីវៀតណាមគេមិនទទួលយកទេ គេទាមទារយកខ្សែ[ព្រំដែន]តាមសន្ធិសញ្ញា១៩៨៥ ដែលគូសច្បាស់ថា ខ្សែព្រំដែនឃ្លាតចេញពីច្រាំងព្រែកវិញតេ ១៥០ម៉ែត្រ កន្លែងខ្លះជិតដល់២០០ម៉ែត្រ»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង លោក រៀល ខេមរិន្ទ្រ បានសរសើរលោក វ៉ា គឹមហុង ដែលហ៊ានសារភាពពីរឿងពិត នឹងលើកទឹកចិត្តដល់លោក វ៉ា គឹមហុង សហការជាមួយគណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិល ដើម្បីដោះស្រាយបញ្ហានេះជាមួយវៀតណាម។ ប៉ុន្តែលោកថា បើលោក វ៉ា គឹមហុង នៅតែធ្វើតាមការទាមទាររបស់វៀតណាមឲ្យប្រើសន្ធិសញ្ញាឆ្នាំ១៩៨៥ សម្រាប់កំណត់បង្គោលព្រំដែននោះ គឺលោកថា បុគ្គលនោះមានកំហុសធ្ងន់ហើយ។ លោកថា៖ «វាបញ្ហាទឹកដី មិនមែនជារឿងរបស់លោក វ៉ា គឹមហុង តែឯងទេ គឺរឿងប្រទេសជាតិទាំងមូល។ អ៊ីចឹងមុននឹងយើងសម្រេចថា ធ្វើកិច្ចការងារទៅតាមអ្វីដែលប្រទេសយួនព្រមព្រៀង ឬមិនព្រមព្រៀង យើងត្រូវមកពិភាក្សាជាមួយនឹងជាតិរបស់យើង ស្ថាប័នពាក់ព័ន្ធ មិនមែនការសម្រេចបោះបង្គោលព្រំដែនទៅតាមយួនចង់ ឬមិនចង់ទេបាទ។ នេះជាកំហុស ខ្ញុំសូមជម្រាបជូនថា នេះជាកំហុសធ្ងន់ធ្ងរ លោក វ៉ា គឹមហុង ធ្វើបោះបង្គោលព្រំដែនដែលបាត់បង់ទឹកដី»។
កាលពីថ្ងៃអង្គារម្សិលមិញ អភិបាលខេត្តចំនួន៣រួមមាន ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល និងខេត្តស្វាយរៀង បានថ្លែងនៅចំពោះមុខលោក វ៉ា គឹមហុង ស្រដៀងគ្នាថា អាជ្ញាធរមូលដ្ឋាននៅតាមព្រំដែនកម្ពុជា-វៀតណាម មិនដែលបានដឹងអំពីខ្សែបន្ទាត់ព្រំដែនច្បាស់លាស់ និងគ្មានផែនទីកំណត់ព្រំដែន ដែលប្រគល់ដោយគណៈកម្មការជំនាញប្រទេសទាំងពីរនោះទេ។ ពួកគេលើកឡើងទៀតថា នៅពេលមានហេតុការណ៍ផ្សេងៗកើតឡើងនៅតាមបណ្ដោយព្រំដែន អាជ្ញាធរខ្មែរមានការលំបាក ក្នុងការបកស្រាយជូនប្រជាជនឲ្យបានយល់ដឹង។
សមាជិកក្រុមប្រឹក្សាឃ្លាំមើល កម្ពុជា លោក ទិប ទាវ យល់ថា អ្វីដែលលោក វ៉ា គឹមហុង លើកឡើងនោះសបញ្ជាក់ថា វៀតណាមពិតជាបានរំលោភយកដីកម្ពុជាពិតមែន។ លោកបញ្ជាក់ថា កាលៈទេសៈនេះ រដ្ឋាភិបាលលោក ហ៊ុន សែន និងលោក វ៉ា គឹមហុង ត្រូវតាំងខ្លួនជាម្ចាស់ទឹកដី កុំស្ថិតនៅក្រោមសម្ពាធវៀតណាម ដោយប្តឹងទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឲ្យជួយដោះស្រាយបញ្ចប់ជម្លោះដ៏រាំរ៉ៃនេះ។ លោកថា៖ «បើសិនជាយើង កំណត់ខ្លួនឯង ជាម្ចាស់ទឹកម្ចាស់ដី ឲ្យពិតប្រាកដដូចខាងវៀតណាម ដែលគេតាំងខ្លួនឯងជាម្ចាស់ទឹកដី អ៊ីចឹងយើងអាចកំណត់បាន។ បើសិននៅក្នុងករណីហ្នឹង ភាគីវៀតណាមមិនព្រម យើងត្រូវប្តឹងនៅអង្គការសហប្រជាជាតិ តាមរយៈផែនទីដែលព្រះករុណា(សម្តេច នរោត្តម សីហុន)បានតម្កល់ទុកនៅអង្គការសហប្រជាជាតិ ហើយក៏ដូចជាប្តឹងទៅប្រទេសសហប្រធានទាំងអស់ ដែលបានបង្កើតសន្ធិសញ្ញា២៣ តុលា សន្ធិសញ្ញាក្រុងបារីសហ្នឹងឆ្នាំ១៩៩១ហ្នឹង ដើម្បីឲ្យប្រទេសទាំងអស់ហ្នឹងគាត់ចេញមុខ និងជួយដោះស្រាយបញ្ហាបូរណភាពទឹកដីកម្ពុជា-វៀតណាម»។
គួររំឭកថា កន្លងទៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ អះអាងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់លោកថា ពិបាកដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាមផងដែរ។
កាលពីថ្ងៃទី០៦ ខែកក្កដា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាង១០រូបបានដាក់លិខិតមួយទៅលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈប្រធានរដ្ឋសភា ដោយស្នើឲ្យផ្អាកការបោះបង្គោលព្រំដែនជាមួយវៀតណាម រហូតដល់ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨ ដោយលើកឡើងថា ពេលនេះ ទាំងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នៅមានទស្សនៈផ្ទុយគ្នានៅឡើយពាក់ព័ន្ធនឹងបញ្ហាព្រំដែន៕
ប្រភព៖ VOD
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
0 comments:
Post a Comment