តាមពិតទៅ កាហ្វេជួយផ្តល់រសជាតិឆ្ងាញ់ ជួយដាស់ស្មារតី និង ជំនួយដល់សុខភាពឱ្យប្រសើរឡើង ប្រសិនបើអ្នកបានដឹងពីគុណសម្បត្តិរបស់វាជាក់ច្បាស់នោះ ។ នៅក្នុងកាហ្វេមានផ្ទុកអាហារូបត្ថម្ភ និង សារធាតុប្រឆាំងអុកស៊ីតកម្មច្រើន ប៉ុន្តែអ្នកអាចពិសាវាបានក្នុងបរិមាណសមល្មម ។
កន្លងមកមានការសិក្សាជាច្រើនរួចមក ហើយដែលអាចបញ្ជាក់បានថា កាហ្វេអាចជួយការពារអ្នកពីជំងឺមួយចំនួនបានពិតមែន ។
ខាងក្រោមនេះជាគុណសម្បត្តិ ១០ ចំណុចរបស់កាហ្វេ ៖
១- កាហ្វេជួយពង្រឹងថាមពលរាងកាយ និង ធ្វើឱ្យប្រាជ្ញាស្រស់ថ្លា ។ វាអាចជួយកាត់បន្ថយអារម្មណ៍តានតឹង ព្រោះក្នុងកាហ្វេមានសារធាតុសកម្មកាហ្វេអ៊ីន និង សារធាតុធម្មជាតិដាស់ស្មារតី ព្រមទាំងជួយបង្កើនសមត្ថភាពខួរក្បាល រួមមាន អារម្មណ៍ សមត្ថភាពចងចាំ ចលនាសកម្មនៃរាងកាយ មិនស្ពឹកស្រពន់ និង ប្រតិកម្មឆ្លើយតបបានរហ័ស ។
២- កាហ្វេអាចជួយដុតជាតិខ្លាញ់ និង សារធាតុមិនចាំបាច់នៅក្នុងរាងកាយ រំលាយជាតិខ្លាញ់កកក្នុងសរសៃឈាម និង ជួយបង្កើនចលនារំលាយអាហាររហូតដល់ទៅ ១១ ភាគរយ ដែលអត្ថប្រយោជន៍នេះអាចទទួលបានផលចំពោះអ្នកចូលចិត្តពិសាកាហ្វេរយៈពេលយូរតែប៉ុណ្ណោះ ។
៣- ក្នុងកាហ្វេមានផ្ទុកសារធាតុអាហារូបត្ថម្ភចាំបាច់ ជួយពង្រឹងរាងកាយ ដូចជា វីតាមីន B2 , វីតាមីន B5 , ម៉ង់កាណែស និង ប៉ូតាស្យូម ។
៤- បើអ្នកពិសាកាហ្វេខ្មៅសុទ្ធវិញ វានឹងជួយកាត់បន្ថយជំងឺទឹកនោមផ្អែមប្រភេទទី ២ បាន ។ ជំងឺទឹកនោមផ្អែមត្រូវបានគេដឹងថាមានចំនួនច្រើន និង កំពុងប៉ះពាល់ដល់សុខភាពមនុស្សរាប់លាននាក់ ។ បើអ្នកពិសាកាហ្វេ និង បន្ថែមនូវជម្រើសរបបអាហារត្រឹមត្រូវផងនោះ វានឹងអាចជួយកាត់បន្ថយការឈានទៅកើតជំងឺទឹកនោមផ្អែមរហូតដល់ទៅ ៥០ ភាគរយ ។
៥- បើអ្នកមានជំងឺអាល់ហ្សៃមើ ( Alzheimer’s disease ) ដែលគេធ្លាប់ដឹងថា ជាប្រភេទជំងឺប៉ះពាល់ដល់ការចងចាំ និង ធ្វើឱ្យប្រែប្រួលនូវឥរិយាបថ ។ តាមពិតទៅជំងឺនេះគេមិនអាចព្យាបាលបានជាសះស្បើយនោះទេ ប៉ុន្តែការពិសាកាហ្វេពិតជាអាចជួយកាត់បន្ថយការឈានទៅកើតជំងឺនេះបានរហូតដល់ទៅ ៦៥ ភាគរយ ។
៦- កាហ្វេអាចជួយបន្ថយការឈានទៅកើតជំងឺ ផាកឃីនសុន ( Parkinson’s disease ) ដែលជំងឺនេះ គឺជាជំងឺមួយធ្វើឱ្យខូចសរសៃប្រសាទ ស្ពឹកសរសៃ និង ប៉ះពាល់ដល់ការកម្រើកមិនបានមានពេលខ្លះធ្វើឱ្យញ័រដៃ ញ័រជើងក៏មាន គឺមិនអាចគ្រប់គ្រងចលនាខ្លួនឯងបាន ។ តាមការស្រាវជ្រាវមួយដែលបានចុះផ្សាយក្នុងរបាយការណ៍ ScienceDaily កាលពីឆ្នាំ ២០១២ បានឱ្យដឹងថា ការពិសាកាហ្វេអាចជួយកាត់បន្ថយជំងឺនេះបាន ។
៧- កាហ្វេអាចធ្វើឱ្យអារម្មណ៍អ្នករីករាយជាងមុន ។ តាមពិតទៅមានមនុស្សជាច្រើនតែងកើតមានបញ្ហាតប់ប្រមល់ក្នុងអារម្មណ៍ មិនសប្បាយចិត្ត និង ពេលខ្លះអាចឈានទៅធ្វើអត្តឃាដខ្លួនក៏មាន ។ តាមការសិក្សានៅសាកលវិទ្យាល័យ Harvard បានឱ្យដឹងថា បើអ្នកពិសាកាហ្វេយ៉ាងហោចណាស់បាន ៤ ពែងតូចល្មមក្នុងមួយថ្ងៃ គឺអាចជួយកាត់បន្ថយការឈានទៅកើតជំងឺផ្លូវអារម្មណ៍បាន ២០ ភាគរយ ។
៨- ក្នុងកាហ្វេមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន ជួយឱ្យសុខភាពរឹងមាំ ពង្រឹងកោសិកា និង ប្រឆាំងជំងឺផ្សេងៗ ។ គេបានសិក្សារកឃើញថា ក្នុងកាហ្វេមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងផ្លែឈើ និង បន្លែទៅទៀត ។
៩- កាហ្វេអាចជួយកាត់បន្ថយអត្រាឈានទៅកើតជំងឺមហារីកបានគ្រប់ប្រភេទ ជាពិសេសជំងឺមហារីកថ្លើម ។ បើតាមរបាយការណ៍សិក្សាស្រាវជ្រាវពីមុនមក គេបានស្នើរអោយអ្នកគួរពិសាកាហ្វេឱ្យបានយ៉ាងហោច ៤ ពែងតូចៗក្នុងមួយថ្ងៃ ព្រោះវាអាចកាត់បន្ថយអត្រាកើតជំងឺមហារីកបាន ១៥ ភាគរយ ។
១០- កាហ្វេជួយឱ្យអ្នកមានអាយុវែង ព្រោះវាមានគុណសម្បត្តិច្រើនចំពោះសុខភាព ។ គេមិនចាំបាច់សង្ស័យពីគុណសម្បត្តិរបស់វាទៀតនោះទេ យ៉ាងហោចណាស់វាអាចជួយបន្ថយការឈានទៅស្លាប់មុនអាយុបាន ៕
ប្រភពអត្ថបទពី៖ Kampuchea Thmey
0 comments:
Post a Comment