ថ្ងៃនេះគឺជាថ្ងៃល្អរបស់នីតា និងរតន។ វាជាថ្ងៃដែលពួកគេទាំងពីររំពឹងរង់ចាំអស់រយៈពេលជាង ៥ ឆ្នាំ។ ម្តាយរបស់នីតាបានហុចសៀវភៅសន្សំប្រាក់អោយមកនាង នៅក្នុងសៀវភៅនោះមានទឹកប្រាក់ចំនួន ១០០០ដុល្លា។
ម្តាយ៖ «នីតា, យកសៀវភៅនេះទៅ។ រក្សាវាអោយបានល្អណា។ វាចំណងដៃ និងការកត់ត្រានៃជីវិតអាពាហ៍ពិពាហ៍របស់កូន។ ដាក់លុយនៅក្នុងសៀវភៅនេះ នៅពេលណាដែលកូនសប្បាយចិត្តបំផុត និង រាល់ពេលមានអ្វីកើតឡើងដែល ធ្វើអោយកូនចងចាំបំផុតនៅក្នុងជីវិតរបស់កូន។ ហើយសរសេរ note នៅត្រង់បន្ទាត់នេះពីអ្វីដែលបានកើតឡើង។
ព្រឹត្តការណ៍នៃចងចាំកាន់តែច្រើន, លុយដែលកូនដាក់នៅក្នុងនេះកាត់កើនឡើង។ នេះជាអ្វីដែលម៉ាក់អាចធ្វើអោយកូនបាន។ ចូរកូនធ្វើសៀវភៅមួយទៀតអោយប្តីរបស់កូន។ ពេលដែលពេលវេលាកន្លងហួសទៅ, កូននឹងក្រឡែកមើលឃើញក្តីសុខច្រើនកំរិតណាដែលកូនមាន។
នីតាបានចែករំលែកនូវគំនិតនេះដល់ស្វាមីរបស់នាង។ ពួកគេទាំងពីរយល់ស្របថានោះគឺជាគំនិតដ៏ល្អបំផុត។ ពួកគេចាប់ផ្តើមអនុវត្តវា។ ការដាក់លុយនៅក្នុងសៀវភៅនេះ ក៏ចាប់ផ្តើមមានជាបន្តបន្ទាប់។ ពួកគេបានសរសេរ note នៅលើនោះពីអ្វីដែលកើតមានឡើង៖
- ១ មករា៖ ដាក់ ១០០ដុល្លា, វាជាថ្ងៃខួបកំណើតរបស់រតន។
- ៥ កុម្ភ៖ ដាក់ ២០០ ដុល្លា, វាជាថ្ងៃដែលនីតាឡើងប្រាក់ខែ។
- ១៥ មេសា៖ ដាក់ ២០០ដុល្លា, ជាថ្ងៃដែលនីតាមានផ្ទៃពោះ។
ហើយនៅមានកំណត់ហេតុជាច្រើនទៀត......
មិនយូរប៉ុន្មាន, គូស្នេហ៍មួយគូនេះចាប់ផ្តើមចេះឈ្លោះប្រកែកគ្នា ហើយខឹងគ្នាគ្រាន់តែរឿងតូចតាច។ ពួកគេមិននិយាយរកគ្នាច្រើនដូចមុនទៀតទេ។ ពួកគេមានអារម្មណ៍ថាស្តាយក្រោយ មិនគួរណារៀបការជាមួយមនុស្សអាក្រក់បែបនេះទេ។
ថ្ងៃមួយ, នីតាបានរកម្តាយ ហើយនិយាយជាមួយម្តាយថា, «ម៉ាក់, ពួកយើងមិនទ្រាំនៅជាមួយគ្នាបានទៀតទេ។ យើងយល់ព្រមថានឹងលែងលះគ្នាហើយ។ កូនមិនយល់សោះថាហេតុអ្វីបានជាកូនរៀបការជាមួយបុរសម្នាក់នេះ»។
ម្តាយ៖ «មិនអីទេកូន, វាមិនមែនជារឿងធំដុំនោះទេ។ ធ្វើតាមអ្វីដែលកូនចង់ធ្វើទៅចុះ ប្រសិនបើកូនពិតជាមិនអាចទ្រាំបានទៀតទេ។ ប៉ុន្តែមុនពេលលែងលះគ្នា, ចូរកូនយកសៀវភៅសន្សំប្រាក់នោះចេញមក ហើយដកលុយនៅក្នុងនោះអោយអស់ ដើម្បីយកវាទៅចាយវាយតាមចិត្តកូនចង់។ កូនត្រូវចាយវាអោយអស់។ លុយអាក្រក់បែបនេះកុំទុកវាអី»។
នីតាគិតថាត្រឹមត្រូវ។ នាងក៏ទៅធនាគារ ដើម្បីដកប្រាក់នោះ ហើយមានគំរោងបិទគណនីនោះចោលតែម្តង។
ខណៈពេលដែលនាងកំពុងតែរង់ចាំគេហៅលេខនោះ, នាងបានសំលឹងមើលសៀវភៅនោះមិនដាក់ភ្នែក។ បន្ទាប់មកអនុស្សាវរិ៍យនៃភាពរីករាយទាំងអស់ បានលេចឡើងនៅក្នុងអារម្មណ៍របស់នាង។ ទឹកភ្នែករបស់នាងចាប់ផ្តើមស្រក់ចុះ។ នាងសំរេចចិត្តថាមិនដកលុយនោះទេ ហើយនាងក៏ត្រលប់ទៅផ្ទះវិញ។
ពេលដែលនាងទៅដល់ផ្ទះ, នាងបានហុចសៀវភៅសន្សំប្រាក់នោះទៅប្តីរបស់នាង ហើយប្រាប់គេថាអោយដកប្រាក់នោះទាំងអស់មក ហើយចាយវាអោយអស់មុនពេលដែលលែងលះគ្នា។
ថ្ងៃបន្ទាប់, រតនអោយសៀវភៅសន្សំប្រាក់មកនីតាវិញ។ នាងបានឃើញសៀវភៅថ្មីមួយទៀត ដែលនៅក្នុងសៀវភៅនោះមានទឹកប្រាក់ចំនួន ៥០០០ដុល្លា។ ហើយមានសរសេរ note ថា, «ថ្ងៃនេះទើបបងដឹងថាតើបងស្រលាញ់អូនខ្លាំងប៉ុណ្ណា។ អូនបាននាំភាពរីករាយយ៉ាងក្រៃលែងមកអោយបង»។
ពួកគេទាំងពីរនាក់យំអោបគ្នា។
នៅពេលដែលទំនាក់ទំនងរបស់អ្នកកំពុងធ្លាក់ចុះ, ចូរកុំមើលពីកន្លែងដែលធ្លាក់។ ចូរអ្នកសំលឹងមើលកន្លែងដែលចាប់ផ្តើម។ សំលឹងមើលចំងាយផ្លូវដែលអ្នកបានដើរ៕
ប្រភពពី៖ Bektleay.com
0 comments:
Post a Comment