១. អ្នកតាក្រហមកនៅភ្នំសន្ទុក
ត្រូវបានប្រជាពលរដ្ឋបន់ស្រន់សុំអោយគេសងលុយ។ កូនបំណុលដែលជំពាក់រាប់ឆ្នាំមិនសង ម្ចាស់បំណុលបានទៅបន់ស្រន់នៅអ្នកតាក្រហម ក មានទីទាំងនៅខេត្តកំពង់ធំ គឺបានសម្រេចស្ទើរគ្រប់ៗគ្នា។ ទន្ទឹមនឹងនេះ អ្នកប៉ងចែចូវកូនគេ ឫចង់លក់ដីអោយដាច់ សុទ្ធតែបានសម្រេចដូចបំណងប្រាថ្នា។ នេះបើតាមការលើកឡើងរបស់លោកយាយម៉ៅ អ្នកថែទាំនៅអាស្រមអ្នកតាក្រហមកនៅភ្នំសន្ទុក។
២. អណ្តូងទឹក៧ពណ៍ ឫរូងនាគ នៅភ្នំគូលែន
គេធ្វើការបន់ដើម្បីបានប្តី។ ភ្នំគូលែនស្ថិតនៅក្នុងស្រុកស្វាយលើន និងស្រុកវារិន ចំងាយ ៦០គីីឡូម៉ែត ពីទីក្រុងសៀមរាប និងប្រហែល ២៥គីឡូម៉ែតពី ប្រាសាទបន្ទាយស្រី។ ភ្នំនេះជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី២ ប្រារព្ធធ្វើពិធីទេវរាជ ប្រកាសឯករាជ្យពីប្រទេសឈ្វា ក្នុងឆ្នាំ៨០២ ដែលជាពេលដែលសម័យអង្គរកើតឡើង។ នៅភ្នំនេះដែលមានកន្លែងមួយដែលគេហៅថា អណ្តូងទឹក៧ពណ៍ ឫហៅម្យ៉ាងទៀតថា រូងនាគ ដែលល្បីថាស័កសិទ្ធខ្លាំងណាស់ ពោលមិនថាឡើយភ្ញៀវជាតិឫអន្តរជាតិមិនដែលរំលងនោះទេ។ បើតាមអ្នកនាំភ្ញៀវម្នាក់នៅលើភ្នំគូលែនបានប្រាប់ថា បរទេសដែលមកដល់ទីនេះ តែងតែមានជំនឿបន់ស្រន់សុំសេចក្តីសុខជានិច្ច ហើយនារីខ្លះក៏ឆ្លៀតសុំរកគូរស្រករថែមទៀតផង ដែលមានពាក្យតៗគ្នាថាអាចបានដូចបំណងច្រើន។
៣. រូងពស់ត្បាល់ នៅវត្តត្រឡែងកែង
ដែលគេល្បីថាបន់អ្វី ក៏បានដូចបំណង។ វត្តនេះស្ថិតនៅក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងជាកន្លែងចំកណ្តាលរាជធានីលង្វែក ត្រូវនបានកសាងនៅសត្តវត្សទី ១៦។ វត្តនេះមានវ័យចំណាស់មកហើយ ហើយធ្លាប់មានប្រវត្តិសាស្ត្រដ៏សែនជូរចត់នៅសម័យសង្គ្រាមរវាងកម្ពុជា និង សៀម។ កងទ័ពសៀមបានប្រើគោលនយោបាយ បាចប្រាក់ដួងទៅក្នុងរណាំងព្រៃឫស្សី។ បច្ចុប្បន្នវត្តនេះត្រូវបានប្រជាជនដាំដើមឫស្សីជាច្រើនគុម្ព ដើម្បីរក្សាជាការចងចាំនិងដាស់តឿនដល់កូនចៅជំនាន់ក្រោយ កុំអោយភ្លេចពីប្រវិត្តិសាស្ត្ររបស់ខ្លួន។ អ្វីដែលកាន់តែពិសេសទៀតនោះ នៅក្នុងវត្តនេះដែរមានរូងស័ក្កសិទ្ធមួយ ដែលតាំងពីដើមមកគេអោយឈ្មោះថា រូងពស់ត្បាល់។ រូងនេះមានប្រវែងចាប់ពីវត្តត្រឡែងកែងនេះ រហូតដល់ភ្នំបាសិទ្ធ ដែលមានរឿងប្រវតិ្តសាស្ត្រតំណាលជាច្រើន។
៤. ទួលបារាយណ៍អណ្តែត
ដែលភាគច្រើនគេបន់ដើម្បីឡើងដំណែង។ ទួលបារយណ៍អណ្តែត ឫទួលអស់លោក ស្ថិតនៅក្នុងស្រុកកំពង់លាវ ខេត្តព្រៃវែង និងជាកន្លែងស័ក្កសិទ្ធ មួយដែលល្បីថាការបន់សុំឡើងដំណែង តែងតែបានសម្រេចដូចបំណង។ ហើយអ្នកភូមិភាគច្រើននាំគ្នាទៅលាបំនន់វិញក្រោយពេលជោគជ័យតាមការប្រាថ្នា។ អ្នកភូមិមានជំនឿទៅលើទួលនេះ ដោយសារការបន់ស្រន់អ្វីមួយ តែងតែបានសម្រេចដូចបំណង។ ឯអ្នកឈឺក៏បានជាវិញ អ្នកសុំដំណែង ក៏បានសមដូចបំណង៕
ប្រភព៖ ៣០ដេលី
0 comments:
Post a Comment