អ្នកណាក៏ចង់ឱ្យខ្លួនឯងមានប្រាក់កាសច្រើន ឬយ៉ាងហោចណាស់ ក៏មាន ប្រាក់ចាយវាយពេញដដែរ ។ ចំណុចនេះនរណាក៏ចង់បានដែរ ប៉ុន្តែសមត្ថភាពនៃការឈាងចាប់ខុសប្លែកៗពីគ្នា ។ ក្រៅពីសមត្ថភាពការងារហុងស៊ុយសម្រាប់ ការហៅប្រាក់ចូលហោប៉ៅ ជាចំណុចមួយដែលគេជឿជាក់ថា មិនចាញគ្នាប៉ុន្មានឡើយ ។
បើលោកអ្នកចង់ហៅប្រាក់ចូលឱ្យកាន់តែច្រើន អ្នកអាចសាកល្បងដូច ខាងក្រោម ៖
១. ឧស្សាហ៍រៀបចំរបស់របរឱ្យមានរបៀប
កុំបណ្តោយឱ្យរបស់របរគរចោលនៅលើតុ ។ របស់អ្វីដែលចាស់លែង ប្រើការហើយ គួរប្រមូលយកទៅបោះចោល ឬរៀបចំទុកដាក់ទៅតាមទីកន្លែង ឱ្យបានត្រឹមត្រូវ ។ សូមកុំទុករបស់រាយប៉ាយលើតុ ឬក្លិនឆ្អេះស្អុយនាំតែកើតឧបទ្រព ចង្រៃ ។
២. កាបូបប្រាក់ដែលចាស់ហើយ គួរផ្លាស់ប្តូរថ្មី
កុំប្រើកាបូបប្រាក់ដែលចាស់ ឬចាប់ផ្តើមដាច់រហែកធ្លុះធ្លាយជាដាច់ខាត ។ បើយកល្អបំផុតការប្រើកាបូបប្រាក់ គួរប្រើពណ៌ក្រហម ព្រោះតាមហុងស៊ុយចិន ពណ៌នេះជាពណ៌ល្អលើសគេ និងជាពណ៌ចម្រុងចម្រើនទៀតផង ។
ចំពោះប្រាក់កាស គួរដាក់ឱ្យមានរបៀបនិងមិនគួរញាត់ញុកជាដាច់ខាត ពីព្រោះតាមជំនឿថា ក្រដាសប្រាក់ដែលញាត់ញក់ញីក្នុងកាបូបប្រាក់មិនល្អទាល់តែសោះ ។
៣. ព្យាយាមនៅក្បែរទឹកឱ្យបានច្រើន
នេះមិនបានមានន័យថា ឱ្យលោកអ្នកផ្លាស់ផ្ទះទៅនៅជាប់មាត់ទន្លេ ឬផ្លាស់ កន្លែងធ្វើការនៅក្បែរបន្ទប់ទឹកទេ គ្រាន់តែឱ្យរកកញ្ចក់ទូដាក់ត្រី មកដាក់ឱ្យចំទិសខាងជើងក្នុងបរិវេណផ្ទះ ឬអាចយករូបភាពទឹកមកបិទលើជញ្ជាំងផ្ទះក៏ជាការស្រេច ។
៤. រករូបភាពទឹកជ្រោះ ឬផ្ទៃសមុទ្រព្យួរ ឬក៏ដាក់ទុកនៅលើតុ
បើអ្នកចង់បន្ថែមង៉ូវហេងនៅកន្លែងធ្វើការ អាចរករូបភាពទឹកជ្រោះដាក់លើតុ ឬព្យួរលើជញ្ជាំង ក៏ផ្តល់ជោគសំណាងបានដូចគ្នា ។
៥. ជួសជុលកន្លែងខូចខាតត្រង់បរិវេណផ្ទះឱ្យស្អាតជានិច្ច
ត្រង់កន្លែងណាដែលបាក់បែក ឬខូចខាតត្រូវប្រញាប់ជួសជុលភ្លាម កុំទុក ចោលនាំអពមង្គល ។ ពិសេសត្រង់ពិតានដែលធ្លុះធ្លាយ ឬបាក់បែក ត្រូវប្រញាប់ជួសជុល ព្រោះគេជឿថា នឹងធ្វើឱ្យប្រាក់កាសធ្លាយចេញអស់ទៅវិញ ។
៦. ពណ៌នាំជោគលាភ
ពណ៌ទាំងនោះមានដូចជា ពណ៌បៃតង ពណ៌ក្រហម ឬពណ៌ស្វាយ ដែល សុទ្ធតែជាពណ៌ហៅជោគលាភ និងប្រាក់កាសចូលមកបានទាំងអស់ ។
ពណ៌ទាំងអស់នោះអាចប្រើលាប ឬរបស់តុបតែងផ្ទះក៏បានទទួលលទ្ធផលដូចគ្នា ។
ប្រភពអត្ថបទពី៖ CEN.com.kh
0 comments:
Post a Comment