ចំណេះដឹងថ្មីៗ

អត្ថបទអប់រំ៖ ភរិយារបស់ខ្ញុំ


ខ្ញុំដើរចូលដល់ក្នុងផ្ទះ ហើយឃើញទឹកមុខរបស់ប្រពន្ធខ្ញុំពោរពេញទៅដោយកំហឹង មួរម៉ៅ និង ចងចិញ្ចើមឡើងក្រញូវ។

ខ្ញុំដាក់កាសែតចុះទៅលើតុ រួចសួរថា៖

-"មានអ្វីធ្វើឲ្យអូនមិនសប្បាយចិត្តឬ?"
នាងដោះស្បែកជើងបណ្ដើរ រួចតបដោយសំឡេងមួរហ្មង បណ្ដើរថា៖
-"គ្មានស្អីទេ!"
ខ្ញុំដើរទៅផ្ទះបាយដើម្បី​ចាក់ទឹកញ៉ាំ​មួយកែវឲ្យនាង រួចសួរនាងផងថា៖
-"អូនទើបតែមកដល់ផ្ទះដែរឬ?"
នាងឆ្លើយថា៖
-"ហ្នឹងហើយ!"
ខ្ញុំសួរទៀតថា៖
-"ចុះកូនៗ?"
នាងតបថា៖
-"កូនៗនៅខាងលើ កំពុងផ្លាស់ខោអាវនិងងូតទឹក!"
ខ្ញុំសួរនាងថា៖
-"អូនពិតជាមានបញ្ហាអ្វីហើយ ព្រោះសំឡេងនិងទឹកមុខរបស់អូនមិនល្អសោះ! កុំធ្វើអ៊ីចឹង! មានបញ្ហាអ្វី ប្រាប់បងមក!

នាងពោលថា៖
-"កុំមកខ្វល់នឹងអូន! អូនមិនសប្បាយចិត្តទេ!"
ពោលរួច នាងដើរសំដៅផ្ទះបាយ រួចបិទទ្វារលាន់គ្រាំង!

ខ្ញុំដើរចូលតាមក្រោយនាងហើយស្រែកសួរថា៖
-"អូនដណ្ដាំស្លឬ?"
នាងងាកក្រោយហើយស្រែកថា៖
-"ធុញណាស់លោកអើយ! បងសួរច្រើនហួសហើយ! អូនកំពុងតែមិនសប្បាយចិត្តផង!"
ខ្ញុំចាប់ដៃរបស់នាង រួចខ្សឹបថា៖
-"កុំទាន់ដណ្ដាំស្លអី! តោះយើងទៅបន្ទប់គេងសិនទៅ!"

នាងសម្លក់ខ្ញុំហើយរអ៊ូថា៖
-"យីម៉េចអ៊ីចេះ! ដល់ពេលដែល​អូនត្រូវ​រៀបចំ​អាហារ​ពេល​ល្ងាចហើយ ណា! ម៉េចបងឯង​ចង់​ធ្វើអ្វី​ទាំងថ្មើរ​នេះហ្នឹង ហ្អា?"
ខ្ញុំមិនលែងដៃរបស់នាងទេ ហើយពោលខ្សឹបៗអង្វរនាងថា៖
-"ទៅតែមួយភ្លែតទេ អូនសម្លាញ់ចិត្តបង!"
នាងនៅទ្រឹង​ព្រមទាំង​លូកដៃ​ដួស​អង្ករ​ដាក់ចូលឆ្នាំង ហើយតបវិញថា៖
-"អូនគ្មានអារម្មណ៍ទេ! កុំគិតអី​ផ្ដេសផ្ដាស​ទាំងភ្លឺ​ដូច្នេះណា!"។

ខ្ញុំប្រើដៃម្ខាង​ចាប់ដៃរបស់នាង ហើយដៃម្ខាងទៀត​ស្រវាឱប​ចង្កេះរបស់នាង រួចបីនាង​ឡើង​ជណ្ដើរចូលបន្ទប់គេង។ ខ្ញុំទាញទ្វារបិទថ្នមៗ រួចឱនខ្សឹបសួរនាងថា៖
-"អូនសម្លាញ់ចិត្តបង! សូមអូន​រៀបរាប់ប្រាប់បងថា ហេតុអ្វីបានជា​អូនមិន​សប្បាយចិត្ត?"
ប្រពន្ធខ្ញុំមានទឹកមុខ​បែបស្រស់​បស់បន្តិច ទើបពោលថា៖
-"ថ្ងៃនេះ អូនមាន​សម្ពាធការងារណាស់ ព្រោះអូន​ត្រូវ​មេស្ដីបន្ទោស! អូនបាន​ទាស់សម្ដី​ជាមួយម៉ែ ព្រោះតែ​អូនយល់ច្រឡំ​លើគាត់! ពេលត្រឡប់មកផ្ទះវិញ អូនបើកបរ​បានជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ប៉ះទង្គិច​រថយន្ត​របស់គេ​បន្តិចបន្តួច!

ខ្ញុំស្រវាឱប​រាងកាយរបស់នាង រួចពោលលួងលោមនាងថា៖
-"អូ! ណ្ហើយកុំទៅ​ខ្វាយខ្វល់នឹង​បញ្ហាកំប៉ិកកំប៉ុក​ទាំងនេះ អូនសម្លាញ់! គ្មានអ្វី​ដែលយើង​ដោះស្រាយ​មិនចេញនោះទេ! គ្រប់យ៉ាង​ទុកឲ្យ​បងដោះស្រាយ! តោះយើងទៅផ្ទះបាយវិញ! ចាំបងជួយអូន ណា!"

យើងនាំគ្នាចុះមកក្រោមវិញ។ ដណ្ដាំស្លបណ្ដើរ ខ្ញុំនិទានកំប្លែង​បណ្ដើរឲ្យនាងសើច។ មួយភ្លែតសោះ អាហារ​ពេលល្ងាច​បានរៀប​ចំរួចរាល់។ កូនៗនាំគ្នាចុះមកញ៉ាំ​បាយជុំគ្នា។
ការជជែកគ្នា​ស្វែងរក​ដំណោះស្រាយ គឺជាវិធីជួយ​សង្គ្រោះ​និង​ស្រោចស្រង់​សុភមង្គលនៃគ្រួសារ៕

ប្រភព៖ Bo Tuth

0 comments:

Post a Comment

Powered by Blogger.