ចំណេះដឹងថ្មីៗ

តើអ្វីជាជំងឺដុះកន្ទុយថ្លែន?



ជំងឺដុះកន្ទុយថ្លែនជា​ការដុះលូតលាស់ខុសធម្មតា របស់ភ្នាសព័ណ៌សនៃ​ភ្នែកមកលើកញ្ចក់ភ្នែក ដែលអាចកើតឡើងមួយ ឬ ពីរ ក្នុងភ្នែកម្ខាង ឬ ក្នុងភ្នែកទាំងសងខាង។

តើជំងឺនេះកើតឡើងដោយសារអ្វី?
ជំងឺនេះកើតឡើងដោយសារកាំរស្មី UV របស់ព្រះអាទិត្យ ធូលី និង កំដៅដែលបានជះមកលើ ភ្នែកក្នុងរយៈពេលយូរអង្វែងមួយ។

តើអ្នកណាខ្លះដែលអាចកើតមានជំងឺនេះ?
ជំងឺនេះជាជំងឺដែលតែងតែ កើតមានឡើងទៅលើ ប្រជាជនរស់នៅតំបន់វាលខ្សាច់ តំបន់ស្ងួតហើយក្ដៅ និង តំបន់ត្រូពិចដូចជា​ប្រទេសកម្ពុជាជាដើម។ ចំពោះប្រជាជនដែលរស់នៅ និងប្រកបមុខរបរស្ថិត​នៅក្រោមពន្លឺថ្ងៃច្រើន នឹងអាចប្រឈមមុខ​កើតនូវជំងឺ​នេះ​ច្រើនជាង​មនុស្សធម្មតា។

តើជំងឺនេះមានរោគសញ្ញាអ្វីខ្លះ?
អ្នកដែលមានជំងឺដុះកន្ទុយថ្លែន នឹងមានអារម្មណ៍ស្ងួតភ្នែក មានភាពរកាំ មានអារម្មណ៍ថាក្ដៅក្រហាយ ដូចមានគ្រាប់ខ្សាច់​នៅក្នុងភ្នែក ឧស្សាហ៍ហូរទឹកភ្នែក​​ បើកភ្នែកមិនរួច​ពេលត្រូវកម្ដៅថ្ងៃ និងមានអាការៈភ្នែក​ក្រហមជាប្រចាំ។



តើជំងឺនេះអាចធ្វើឲ្យមើលមិនឃើញ ឬទេ?
ជាទូទៅបើសិនជាជំងឺនេះ ស្ថិតនៅក្នុងដំណាក់កាលចាប់ផ្ដើម និងមានទំហំតូចនោះ មិនធ្វើឲ្យមានការប៉ះពាល់ដល់ គំហើញនោះឡើយ ប៉ុន្ដែនៅក្នុងករណីកន្ទុយថ្លែន​មានទំហំធំ ឬដុះបាំងមកលើប្រស្រីភ្នែក វានឹងបង្កជាការប៉ះពាល់​ដល់ការមើលឃើញ។

តើជំងឺនេះអាចព្យាបាលដោយវិធីអ្វីខ្លះ?
ការព្យាបាលដាច់ស្រឡះតែមួយគត់ របស់ជំងឺដុះកន្ទុយថ្លែន គឺការវះកាត់ព្រោះថាជំងឺនេះ មិនអាចមានថ្នាំណាអាច ព្យាបាលបានឡើយ ដែលផ្ទុយពីការភ័ន្តបន្លំរបស់បុគ្គលមួយចំនួន ដែលអះអាងថាមានថ្នាំព្យាបាលដាច់។ ចំពោះជំងឺដុះកន្ទុយថ្លែន​ស្ថិតក្នុងកម្រិតតូច អ្នកជំងឺអាចមានសិទ្ធិ ជ្រើសរើសមិនបាច់ទទួលយក ការវះកាត់បើសិនជាមិនមាន ផ្ដល់ជារោគសញ្ញា ឬអាការៈធ្វើទុក្ខខ្លាំង។ ប៉ុន្ដែក្នុងករណីវាផ្ដល់ផលវិបាក ដោយបញ្ចេញរោគសញ្ញាដូចបាន បញ្ជាក់ខាងលើ ឬបង្ករាអាក់ស្ទីម៉ាត (Astigmatism) ឬដុះបាំងជិតប្រស្រីភ្នែក ដែលធ្វើឲ្យប៉ះពាល់ដល់ការមើលឃើញ នោះអ្នកជំងឺគួរតែស្វះស្វែងរក ការព្យាបាលពីគ្រូពេទ្យជំនាញជាបន្ទាន់។

តើការវះកាត់អាចមានផលប៉ះពាល់អ្វីខ្លះ?
ការវះកាត់កន្ទុយថ្លែនជាទូទៅ មិនមានផ្ដល់ផលប៉ះពាល់អ្វី ធំដុំដល់អ្នកជំងឺឡើយ។ ការវះកាត់ ជាទូទៅចំណាយពេលវេលា ពី ២០ ទៅ ៤០ នាទី តម្រូវទៅលើទំហំ និងចំនួនរបស់សាច់ដុះ ហើយមានការឈឺចាប់តិចតួចបំផុត ដែលមិនចាំបាច់ឲ្យ អ្នកជំងឺសម្រាកពេទ្យ និងអាចប្រកបការងារ មួយចំនួនធំបានធម្មតា ក្រោយការវះកាត់។ ក៏ប៉ុន្តែយ៉ាងណាក្ដីជំងឺកន្ទុយថ្លែននេះ អាចដុះមកវិញ នៅលើអ្នកជំងឺមួយចំនួនតូច បើសិនជាមិនបាន កាត់បន្ថយការត្រូវពន្លឺថ្ងៃ។

បើសិនជាមិនធ្វើការព្យាបាល តើជំងឺនេះអាចវិវឌ្ឍទៅជាយ៉ាងណា?
បើសិនជាគ្មានការព្យាបាលជំងឺនេះអាច ប្រឈមមុខនឹងការវិវឌ្ឍន៍ទៅមុខ ដែលធ្វើឲ្យសាច់ដុះកាន់តែធំ ភ្នែកកាន់តែក្រហម និងកាន់តែផ្ដល់ភាពលំបាក ដល់គ្រូពេទ្យក្នុងការវះកាត់ ព្រមទាំងប្រឈមមុខនឹងលទ្ធផលមិនល្អ ក្រោយការវះកាត់បើសិនជា កន្ទុយថ្លែនមានភាពធំជ្រុល។

តើមានវិធីអ្វីខ្លះដែលអាចបង្ការជំងឺនេះ?
គោលដៅចម្បងក្នុងការបង្ការជំងឺនេះគឺ ការការពារភ្នែកពីកាំរស្មីព្រះអាទិត្យ ដោយការពាក់វ៉ែនតាការពារ និង ពាក់មួកការពារពេល ចេញត្រូវពន្លឺថ្ងៃ ឬពេលធ្វើដំណើរក្រោមពន្លឺថ្ងៃ។ ការលុបមុខជាមួយទឹកត្រជាក់ ការបន្តក់ទឹកភ្នែកសិប្បនិម្មិត សុទ្ធតែជាមធ្យោបាយបន្ថយអាការៈរំខាន និងបង្កើនផាសុកភាពចំពោះភ្នែក។ ប៉ុន្ដែក្នុងករណីមានភ្នែកក្រហមខ្លាំង ឬឈឺចាប់ខុសធម្មតា ត្រូវមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ ចៀសវាងការទិញថ្នាំដាក់ដោយខ្លួនឯង។

បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ងី ម៉េង

0 comments:

Post a Comment

Powered by Blogger.