1-ឆ្នាំជូត ធាតុទឹក ពង្សទេព្តាប្រុស រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកគប្បីធ្វើចិត្តសប្បាយឱ្យបានច្រើនពីព្រោះថាបញ្ហាដែលកំពុងកើតមានជាប់ខ្លួននេះបើលោកអ្នកធ្វើចិត្តតប់ប្រម៉ល់ឬយកចិត្ត ទុកដាក់ពេកនោះតែងកើតពីបញ្ហាតិចតួចប្រែក្លាយជាធ្ងន់ជាក់ជាពុំខាន។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីចូរប្រយ័ត្នអ្នកក្រៅញុះញង់ចាក់ដោតនាំកើតជម្លោះវិវាទ៕
2-ឆ្នាំឆ្លូវ ធាតុដី ពង្សមនុស្សប្រុស រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតក្រឡាប់ចាក់បានធ្លាក់មកស្រុតចុះវិញម្ល៉ោះហើយទោះធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងទើបមិនមានបញ្ហាអាក្រក់ណាមួយចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃទោះមានភាពជឿនលឿនទៅមុខក្តីតែក៏មានភាពប្រទាំងប្រទើសមិនស្ទើរដែរទេ។រីឯបញ្ហាស្នេហាកំលោះក្រមុំភាគីម្ខាងទៀតអាចកើតមានចិត្តរេនិងមានការប្រែក្រឡាស់ច្រើនគប្បីមានការប្រយ័ត្នប្រយែង៕
3-ឆ្នាំខាល ធាតុឈើ ពង្សយក្សស្រី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដាក់ពាក្យចូលធ្វើការឬសុំធ្វើការងារកន្លែងណាមួយពីព្រោះថាតែងទទួលផ្លែផ្កាល្អជាងអាក្រក់ជានិច្ច។ ក្រៅពីនេះក៏តែងផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬចរចាបញ្ហាអ្វីមួយថែមទៀត។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើមានជម្លោះវិវាទហើយលោកអ្នកចង់ដោះស្រាយក៏ជាពេលវេលាល្អប្រពៃណាស់ដែរ៕
4-ឆ្នាំថោះ ធាតុឈើ ពង្សមនុស្សស្រី រាសីស្រុតចុះ។ នៅថ្ងៃនេះការប្រកបកិច្ចការអ្វីតែងជួបប្រទះនូវបញ្ហារាំងស្ទះនិងរឿងរាវមិនល្អចូលយាយីច្រើន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយប្រាក់ចំណូលមានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កអញ្ចឹងដែរតែអ្នកជួញឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេបន្តិច។ ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងបញ្ហាចូលរកាំរកូស។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រចែប្រច័ណ្ឌនិង ចាប់កំហុសគ្នាច្រើន៕
5-ឆ្នាំរោង ធាតុមាស ពង្សទេព្តាប្រុស រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបកិច្ចការងារឃើញថាមានការជឿនលឿននិងផ្តល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយី។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
6-ឆ្នាំម្សាញ់ ធាតុភ្លើង ពង្សមនុស្សប្រុស រាសីល្អជាមធ្យម។ នៅពេលនេះលោកអ្នកឱ្យប្រយ័ត្នប្រយែងបញ្ហាសុខភាពដែលអាចជួបនូវការឈឺថ្កាត់ខ្លះៗយាយី។ ក្រៅពីនេះលោកអ្នកក៏តែងកើតនូវរឿងរាវទុក្ខកង្វល់យាយីមួយចំនួនផងដែរ។ សម្ព័ន្ធស្នេហាប្រុសស្រីត្រូវចេះស្រុះស្រួលមូលមតិគ្នាដោយមិនត្រូវប្រឆាំងគ្នាច្រើនឡើយបើពុំនោះកើតមានតែរឿងរាវរកាំរកូសឥតឈប់៕
7-ឆ្នាំមមី ធាតុភ្លើង ពង្សទេព្តាស្រី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះមានជោគសិរីហើយទោះធ្វើអ្វីក៏តែងទទួលផ្លែផ្កាត្រឡប់មកវិញគ្រាន់ជាទីពេញចិត្តផង។ អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនត្រូវបង្អង់ដៃឡើយពុំនោះសោតទេឈានដល់ថ្ងៃមិនល្អវិញការរកផលកម្រៃនឹងជួបការលំបាកបំផុតមិនងាយដោះស្រាយជីវភាពបាននោះឡើយ។ ការធ្វើដំណើរជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំត្រូវចេះអប់រំខ្លួនឯងឱ្យមែនទែនហើយបើឃើញថាមានស្នេហាភ្លើតភ្លើនត្រូវតែបោះបង់ចោលយ៉ាងប្រញាប់បើពុំនោះនឹងទទួលរែកពន់ផលលំបាកធ្ងន់ធ្ងរនៅពេលក្រោយ៕
8-ឆ្នាំមមែ ធាតុមាស ពង្សទេព្តាស្រី រាសីល្អជាមធ្យម។ នៅថ្ងៃនេះឃើញថាការប្រកបការងារមានភាពលូតលាស់និងហុចជាផ្លែផ្កាគ្រាន់ជាទីកក់ក្តៅផង។ សម្រាប់បញ្ហាសេចក្តីស្នេហាបើធ្លាប់តែជូរចត់នឹងប្រែជាស្រស់ថ្លានិងយោគយល់ចិត្តគ្នាប្រសើរឡើងវិញ។ ការធ្វើដំណើរទីជិតឆ្ងាយមិនថាផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីតែងជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការរៀបចំផ្សំផ្គុំជាគ្រូសារហើយ៕
9-ឆ្នាំវក ធាតុដែក ពង្សយក្សប្រុស រាសីស្រុតចុះ។ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេពិសេសស្ត្រីត្រូវប្រយ័ត្នប្រយែងបញ្ហាចរាចរបន្តិចពីព្រោះថាងាយកើតឡើងជាងសព្វមួយដង។ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពល្អក់កករច្រើនដូចនេះបើចេះអត់ឱនឱ្យគ្នាហើយបើកចិត្តទូលាយជាងនេះទើបប្រសើរហោង៕
10-ឆ្នាំរកា ធាតុដែក ពង្សយក្សប្រុស រាសីល្អជាមធ្យម។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់តែស្រវាចាប់តែអាធំនោះ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
11-ឆ្នាំច ធាតុដី ពង្សយក្សស្រី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកគាប់ប្រសើរគួរសមដូចនេះផ្តល់ផលល្អសម្រាប់ការសម្រេចចិត្តអ្វីមួយពីព្រោះផ្លែផ្កាហុចមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗមួយចំនួនទៅរួច។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
12-ឆ្នាំកុរ ធាតុទឹក ពង្សមនុស្សស្រី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើមានកិច្ចការទាក់ទងមនុស្សចាស់ឬមនុស្សធំគប្បីប្រញាប់ទំនាក់ទំនងពីព្រោះថា ផលជាផ្លែផ្កាក៏តែងហុចមកវិញគ្រាន់ជាទីកក់ក្តៅផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍តែងសម្រេចជោគជ័យដូចគាប់បំណង៕
Copyrighted: Moha Sneha
0 comments:
Post a Comment