វាមិនមែនជារឿងជាចៃដន្យអ្វីទេ ដែលអ្នកវិនិយោគមួយចំនួន អាចស្វែងរកភាពជោគជ័យបាន ខណៈពេលដែលអ្នកផ្សេងទៀត មិនដែលសម្រេចបានគោលដៅរបស់ពួកគេទាល់តែសោះ។ មិនបាច់សង្ស័យទេ ដែលវិនិយោគិនដូចជាលោក Buffet ខុសពីអ្នកវិនិយោគផ្សេងទៀត គឺដោយសារលោកមានទម្លាប់ខុសពីគេដទៃ។
ដើម្បីទទួលបានជោគជ័យ ប្រកបដោយផ្លែផ្កា ដំបូងអ្នកគួរតែចាប់ផ្តើមគិត និងប្រព្រឹត្ដដូចជាអ្នកវិនិយោគជោគជ័យទាំងនោះ ដោយស្វែងយល់ពី ទម្លាប់របស់ពួកគេទាំង ៧ ខាងក្រោមនេះ ៖
១. ពូកគេធ្វើការស្រាវជ្រាវ
អ្នកអាចសិក្សា អង្កេត និងវិភាគ តាមទូរទស្សន៍ អ៊ិនធឺណេត កាសែត ផ្សេងៗដែលនិយាយអំពីការវិនិយោគ។ យើងមិនអាចធ្វើការវិនិយោគលើក្រុមហ៊ុនមួយ ដោយការប៉ាន់ស្មានរបស់យើងនោះទេ។ វិនិយោគិនធំៗ សម្រេចចិត្តធ្វើការវិនិយោគ ដោយផ្អែកលើការស្រាវជ្រាវបន្ថែម។ ពួកគេមានហេតុផលច្បាស់លាស់ ថាហេតុអ្វីពួកគេសម្រេចចិត្តទិញ ឬលក់ហ៊ុនណាមួយនោះ មិនមែនតាមតែពាណិជ្ជកម្មគេផ្សព្វផ្សាយទេ។
២. ពួកគេស្វែងយល់ពីអាជីវកម្មក្រុមហ៊ុន
ជាក់ស្តែង សព្វថ្ងៃនេះមានក្រុមហ៊ុនដែលយើងអាចវិនិយោគជាច្រើន និងសុទ្ធតែមានសក្តានុពលខ្លាំង តែមិនប្រាកដថាអ្នកត្រូវតែវិនិយោគទាំងអស់នោះទេ។ តើអ្នកចង់ធ្វើការវិនិយោគ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាដែរឬទេ ប្រសិនបើអ្នកមិនធ្លាប់ដឹងអំពីបច្ចេកវិទ្យាផងនោះ? វិនិយោគិនដែលទទួលបានភាពជោគជ័យ តែងតែធ្វើការវិនិយោគទៅលើអ្វីដែលពួកគេដឹង អ្វីដែលពួកគេជំនាញ រួចផ្តោតកិច្ចខិតខំប្រឹងប្រែងទៅលើការវិនិយោគនោះតែម្តង។ ឧទាហរណ៍ លោក Warren Buffett មិនធ្វើការវិនិយោគលើការទិញលក់ហ៊ុនតាមបច្ចេកវិទ្យាទំនើបទេ ពីព្រោះគាត់មិនមានសមត្ថភាពជំនាញខាងហ្នឹងឡើយ។
៣. ពួកគេបំបែកការវិនិយោគឲ្យច្រើនបែបខុសៗគ្នា
អ្នកមិនអាចក្លាយជា វិនិយោគិនដែលប្រកបដោយជោគជ័យទេ ប្រសិនបើអ្នកដាក់ប្រាក់ វិនិយោគ ត្រឹមតែពីរ ឬបីក្រុមហ៊ុននោះ។ ដើម្បីក្លាយជាអ្នកវិនិយោគដែលជោគជ័យ អ្នកត្រូវកំណត់ថា អ្នកត្រូវការប៉ុន្មានដើម្បីបែងចែក រួចបំបែកការវិនិយោគរបស់អ្នកលើក្រុមហ៊ុនដទៃផ្សេងទៀត ក្នុងគោលបំណងកាត់បន្ថយហានិភ័យ និងបង្កើននូវឱកាសជោគជ័យ។ ត្រូវចងចាំថា គ្រឹះដើម្បីសម្រេចចិត្តវិនិយោគ ឲ្យចេញជាផ្លែផ្កាគឺ ការស្វែងយល់ វិភាគ អាជីវកម្មនិងឧស្សាហកម្មទាំងនោះ។ អ្នកដឹងកាន់តែច្រើន ការសម្រេចចិត្តរបស់អ្នក ក៏កាន់តែមានប្រសិទ្ធភាព។
៤. ពួកគេអត់ធ្មត់ និងគិតវែងឆ្ងាយ
ការសម្រេចចិត្តដែលប្រកបទៅដោយហានិភ័យ គឺនៅពេលដែលយើងប្រើអារម្មណ៍ និងគិតខ្លី។ នៅពេលដែលនិយាយពីពាក្យថា វិនិយោគ គឺអ្នកត្រូវតែ អត់ធ្មត់ និងគិតឲ្យបានវែងឆ្ងាយ។ មានន័យថា អ្នកត្រូវតែអត់ធ្មត់ ឲ្យបានច្រើនខែ ច្រើនឆ្នាំ មិនមែនត្រឹមតែប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ឡើយ។ វិនិយោគិនដែលទទួលបានជោគជ័យទាំងអស់គឺ សុទ្ធតែអត់ធ្មត់ខ្លាំងណាស់ ទម្រាំតែមើលឃើញជ័យជំនះដល់សព្វថ្ងៃនេះ។
៥. ពួកគេរៀនពីកំហុសបានយ៉ាងរហ័ស
បើនិយាយពីបទពិសោធន៍ វិនិយោគិនធំៗប្រាកដជាលើកឡើង អំពីទុក្ខលំបាក ដែលពួកគេបានប្រឈមមុខ បរាជ័យ មេរៀនជាបទពិសោធន៍ផ្សេងៗ រហូតមកដល់ភាពជោគជ័យ។ គ្មានអ្នកវិនិយោគណាមួយ ដែលមិនធ្លាប់ភាន់ច្រលំ គិតខុស ឬប្រព្រឹត្តកំហុសនោះទេ។ ភាពជោគជ័យ បានមកពីកំហុស ហើយវិនិយោគិនទាំងនោះមិនបានបាក់ទឹកចិត្ត ដោយសារតែការឈានជើងខុសនោះទេ ព្រោះពួកគេដឹងថាកំហុសគឺជាផ្នែកមួយ ធ្វើឲ្យពួកគេក្លាយជាវិនិយោគិន ដែលកាន់តែមានភាពប៉ិនប្រសប់ជាងមុនទៅទៀត។
៦. ពួកគេយកលុយបង្កើតលុយ
វិនិយោគិនធំៗ មិនទុកលុយដែលមិនប្រើប្រាស់របស់ពួកគេចោលនោះទេ។ តែក៏មិនមែនមានន័យថា អ្នកត្រូវយកលុយដែលអ្នកត្រូវទិញម្ហូប មកវិនិយោគនោះដែរ។ និយាយឲ្យស្រួលស្តាប់ទៅ អ្នកត្រូវបែងចែកសាច់ប្រាក់ដែលអ្នកត្រូវការចេញសិន រួចយកលុយដែលសេសសល់មិនទាន់ត្រូវការប្រើប្រាស់ មកធ្វើការវិនិយោគ។
៧. ពួកគេកំណត់យុទ្ធសាស្ត្រ
តើអ្នកអាចទទួលបានជោគជ័យក្នុងជីវិត ដោយមិនបានកំណត់គោលដៅច្បាស់លាស់ បានដែរឬទេ? ដើម្បីក្លាយជាវិនិយោគិន ដែលមានភាពជោគជ័យ គឺមិនមែនពឹងលើតែសំណាងទេ ហើយអ្វីៗក៏មិនមែនផ្លាស់ប្តូរ ត្រឹមតែពេលមួយយប់ដែរ។ ប្រតិបត្តិការជាយុទ្ធសាស្រ្តវិនិយោគ ឆ្លាតវ័យ ទាមទារភាពច្បាស់លាស់ និងរយៈពេលយូរដោយ ៖
- ត្រៀមខ្លួនឆ្លើយតបទៅនឹងហានិភ័យ
- កំណត់ថាពេលណាអ្នកនឹងត្រូវការសាច់ប្រាក់
- កំណត់ប្រភេទការវិនិយោគ ដែលអ្នកនឹងវិនិយោគ
- រំពឹងទុកថានឹងទទួលបានចំនូលប៉ុន្មានពីការវិនិយោគ
- ត្រូវធ្វើបែបណាពេលមានបញ្ហាក្នុងទីផ្សារ
ការអភិវឌ្ឍន៍យុទ្ធសាស្ត្រ គឺដូចជាការចាក់គ្រឹះឆ្ពោះទៅរកភាពជោគជ័យក្នុងការវិនិយោគដូច្នោះដែរ។ បើគ្មានយុទ្ធស្ត្រច្បាស់លាស់ទេ អ្នកគឺកំពុងតែទាញខ្លួនអ្នក ឲ្យចូលក្នុងភាពបរាជ័យហើយ៕
0 comments:
Post a Comment