ចំណេះដឹងថ្មីៗ

[អត្ថបទគួរអាន]៖ សេចក្តីសុខ​៤​យ៉ាង​របស់​មនុស្ស​!


តាម​ទ្រឹស្តី​ក្នុង​ព្រះពុទ្ធសាសនា​​ បាន​រក​ឃើញ​ថា មនុស្ស​លោកធម្មតា​អាច​ទទួល​បាន​សេចក្តីសុខ​ដោយ​កត្តា​៤យ៉ាង​គឺ...៖

១. សុខ​ព្រោះ​មិនមានជំងឺ
ពិតណាស់​ មានពាក្យ​មួយ​ដែល​គេ​តែងនិយាយ​ស្ទើរត់​មាត់​គឺ "សុខភាព​គឺជា​មាស​ប្រាស់ រឺ​មានសុខភាព​ល្អ គឺ​មានអ្វី​ៗ​ទាំងអស់​" ដែល​បង្ហាញថា​​មនុស្ស​អោយ​តែ​មាន​ជំងឺ​ដង្កាត់​កើត​ឡើង​គឺ​ពិត​ជា​ធ្វើ​អោយ​ខាត​បង់​ច្រើន​ទាំងពេលវេលា និងទ្រព្យសម្បត្តិ​។

២. សុខ​ព្រោះ​មិន​ជាប់បំណុល
"បំណុល​" បើ​និយាយ​ដោយ​ទូលំទូលាយ មិន​មែន​ត្រឹម​តែ​​ជា​ការ​ជាប់​ជំពាក់​ផ្នែក​ទ្រព្យ​សម្បត្តិនោះ​ទេ គឺ​សំដៅ​ទៅ​លើ​​បំណុលធំ​ៗ មានដូចជា បំណុល​កូន បំណុល​ប្រពន្ធ​ប្តី បំណុល​​វង្ស​ត្រកូល​ ជាដើម​.. ដែល​បំណុល​ទាំង​នេះ​អ្នកណា​ៗ​ក៏​មានដែរ។ ដូច្នេះ​បើ​សិន​ជា​បុគ្គល​អាច​លះ​បង់ អាច​ប្រឹងប្រែង​ បង្កើត​ប្រយោជន៌​អោយ​ក្រុម​បំណុល​ទាំងនោះ​ បុគ្គល​នឹង​ទទួល​បាន​សេចក្តី​សុខ​ដោយ​ពិត​ប្រាកដ​។

៣. សុខ​ព្រោះ​​​សោយ​សុខ​លើ​ទ្រព្យ​សម្បត្តិ
ជាការពិត ការសោយសុខ​លើ​ទ្រព្យ​សម្បត្តិ​គឺ​ពិត​ជា​ធ្វើ​អោយ​បុគ្គល​មាន​សេចក្តីសុខ​​យ៉ាង​ពិត​ប្រាកដ​ក្នុង​មួយ​ខណៈពេល​ ប៉ុន្តែ​បើសិន​ជា​បុគ្គល​ភ្លើត​ភ្លើន​ក្នុងការ​ចាយ​ទ្រព្យ​ ប្រើប្រាស់​ទ្រព្យ​ដោយ​ខុស​គន្លង​ រឺ​ប្រើ​ផ្លូវ​ខុស​ ពេល​នោះ​បុគ្គល​នឹង​ទទួល​បាន​ទុក្ខ​ព្រោះការ​សោយសុខ​នោះ​វិញ​។ ដូច្នេះ​សូម​ចាយវាយទ្រព្យ​សម្បត្តិ​ដោយ​ផ្លូវ​ត្រឹម​ត្រូវ ដោយ​សុច​រិត​ ដោយ​ស្មោះ​ត្រង់​ ទើប​អ្នក​ទទួល​បានសុខ​ដោយ​ពិត​ប្រាកដ​នោះ​វិញ​។

៤. សុខ​ព្រោះ​ជួបជុំវង្សត្រកូល
មិនបាច់​បរិយាយ​ច្រើន ការជួប​ជុំ​វង្ស​ត្រកូល ក្រុមគ្រួសារ គឺជា​សម្បត្តិ​សុខ​មួយ​របស់​មនុស្ស​ ប៉ុន្តែ​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​គេច​ផុត​ពី​ការ​ព្រាត់ប្រាស់​ទេ​។ ដូច្នេះ ក្នុងកំឡុង​ពេល​យើង​ទទួល​បានសេចក្តីសុខ​ យើង​គម្បី​សិក្សា​អប់រំ​ផ្លូវ​ចិត្ត ត្រៀម​ពេល​ដែល​ការ​បែកបាក់​មក​ដល់​ដែរ។

សរុបមក​វិញ សេចក្តី​វា​គ្រាន់តែ​ជា​ខណៈពេល​នៃ​ការ​ព្រម​ទទួល​យក​​នៃ​ចិត្ត​របស់យើង​ ប៉ុណ្ណោះ ប៉ុន្តែ​បើ​សិន​ជា​ចិត្តគំនិត​ បេះដូង​របស់​យើង​ឧស្សាហ៍យល់ព្រម​ យើង​ក៏​នឹងឧស្សាហ៍ទទួល​បាន​សេចក្តីសុខ​ដែរ​ ព្រោះថា សេចក្តៅសុខ ដូចជា​ពន្លឺ​តូចៗ​ ក្នុង​ពិភព​ងងឹត​ដ៏​ធំ​ល្វឹងល្វើយ​ បើ​សិន​ជា​អ្នកចាប់វា​បាន​ហើយ សូម​ព្យាយាមរក្សាវាអោយគង់ ព្រោះ​អ្នក​មិនប្រាកដ​ថា អាចចាប់​យកពន្លឺ​ផ្សេង​ទៀត​បាន​ទេ​៕

0 comments:

Post a Comment

Powered by Blogger.