ពេលមានសេចក្តីស្នេហាហើយ នារីៗយើងគ្រប់រូបសុទ្ធតែនឹករំពឹងទៅលើបុរសជាគូស្នេហ៍បើមិនតិចក៏ច្រើនដែរប្រាកដណាស់ ជាពិសេសរឿងចរិតនិស្ស័យ គឺជារឿងមួយសំខាន់ណាស់សម្រាប់មនុស្សដែលនឹងសេពគប់គ្នារហូតតទៅនោះ ព្រោះវានឹងជួយធ្វើឱ្យសម្ព័ន្ធស្នេហ៍ល្អរលូនឡើង តែរឿងចរិតនិស្ស័យនេះត្រូវប្រើពេលវេលាក្នុងការសង្កេត ដូច្នេះដើម្បីនឹងធ្វើឱ្យដឹងថា គេម្នាក់នោះមានចរិតនិស្ស័យពិតប្រាកដយ៉ាងណានោះ យើងសាកល្បងនាំគ្នាមកពិនិត្យមើលថា តើចរិតនិស្ស័យបែបណារបស់កំលោះៗដែលធ្វើឱ្យនារីៗយើងពេញចិត្ត។
1 . មានរូបយើងជាចំណែកមួយនៃផែនការរស់នៅរបស់គេជានិច្ច
នៅក្នុងផែនការជីវិតរបស់គេ គេតែងមានរូបអ្នកនៅក្នុងនោះជានិច្ច បើបុរសម្នាក់ណាមានគុណសម្បត្តិចំណុចនេះ បញ្ជាក់ថាគេម្នាក់នោះមានភាពយកចិត្តទុកដាក់ មានភាពស្មោះស្ម័គ្រ នឹកដល់រូបអ្នកជានិច្ច ពេលទៅណា ឬធ្វើអ្វីក៏មានការរៀបផែនការដើម្បីគូស្នេហ៍របស់គេដែរ។ ចរិតនិស្ស័យរបស់គេបែបនេះធ្វើឱ្យនារីៗយើងរំភើប និងពេញចិត្តបំផុត។
2 . នៅកៀកស្មាក្បែរគ្នាជានិច្ច
ការរស់នៅក្នុងមួយថ្ងៃៗត្រូវជួបប្រទះនឹងបញ្ហាផ្សេងៗជាច្រើន ដូច្នេះការដែលមានមនុស្សម្នាក់នៅចាំមើលថែទាំ នៅក្បែររូបអ្នកជានិច្ច ក្នុងថ្ងៃណាដែលអ្នកមានអារម្មណ៍ទន់ជ្រាយ មិនសប្បាយចិត្ត មានគេនៅចាំលួងលោមនោះ នឹងធ្វើឱ្យបញ្ហាដែលអ្នកកំពុងប្រឈមនោះក្លាយជារឿងតូចមួយ ធ្វើឱ្យអំឡុងពេលអាក្រក់ៗនោះកន្លងផុតទៅយ៉ាងងាយស្រួល លែងមានអារម្មណ៍ថាឯកោប្រៀបដូចជាមានមិត្តភ័ក្តិម្នាក់នៅចាំរួមសុខរួមទុក្ខជាមួយគ្នាដូច្នោះដែរ ដូច្នេះបើនារីៗណាជួបគូស្នេហ៍ដែលមានចរិតនិស្ស័យបែបនេះហើយ ចូរប្រញាប់ថែរក្សាគេទុកឱ្យបានល្អណា៎។
3 . មិនដែលរំខានរឿងលុយកាក់
រឿងលុយៗនេះ ជារឿងសំខាន់របស់ជីវិត បញ្ហាលុយកាក់មាសប្រាក់អាចធ្វើឱ្យគូស្នេហ៍បែកបាក់គ្នាអស់ច្រើនគូហើយ ដូច្នេះមុននឹងសេពគប់គ្នា ចូរនិយាយគ្នាឱ្យបានច្បាស់លាស់ថា អ្នកណាជាអ្នកចាយវាយលើផ្នែកណាមួយតាមតែឯកភាពគ្នាទាំងពីរនាក់។ ការខ្ចីលុយហើយសងខ្លះមិនសងខ្លះ ឬការយកប្រៀបលើគ្នាដោយការបង្ខំឱ្យចាយនេះចាយនោះទាំងមិនមានអ្វីពាក់ព័ន្ធនឹងយើងសោះ-ល- បើគូស្នេហ៍របស់អ្នកនាងគ្មានចរិតនិស្ស័យបែបនេះ បញ្ជាក់ថា គេមានចរិតនិស្ស័យល្អក្នុងរឿងនេះ។
4 . បារម្ភពីក្រុមគ្រួសាររបស់អ្នក
ចរិតនិស្ស័យស្រឡាញ់ក្រុមគ្រួសារ ជាគុណសម្បត្តិមួយទៀតដែលល្អអស្ចារ្យរបស់មនុស្សប្រុស ព្រោះវាជារឿងដែលបង្ហាញឱ្យឃើញពីសេចក្តីស្រឡាញ់ ក្តីបារម្ភមកលើក្រុមគ្រួសាររបស់អ្នក ធ្វើឱ្យនៅពេលអនាគត បើនឹងមកចងសម្ព័ន្ធគ្នាជាគ្រួសារតែមួយនោះវាមិនមែនជារឿងពិបាកឡើយ។
5 . ស្នេហ៍ស្មោះ មួយនឹងមួយ
និស្ស័យស្នេហ៍ស្មោះមួយនឹងមួយគឺជារឿងសំខាន់ខ្លាំងណាស់ ព្រោះការក្បត់ចិត្តគឺជារឿងដែលពិបាកនឹងអភ័យទោសឱ្យណាស់ ដូច្នេះបើប្រឡងមិនជាប់ចំណុចនេះ ហើយនៅតែបង្ខំចិត្តសេពគប់គ្នាទៀតនោះ ច្បាស់ជាកើតមានបញ្ហាក្នុងរឿងសម្ព័ន្ធភាពស្នេហ៍នាពេលអនាគតយ៉ាងពិតប្រាកដ។
ទាំងអស់នេះឯង គឺចរិតនិស្ស័យរបស់កំលោះៗដែលនារីៗជាច្រើនត្រូវការ ដូច្នេះមុននឹងសម្រេចចិត្តរៀបការគ្នា គួរតែសេពគប់គ្នា មើលចិត្តមើលថ្លើមគ្នាមួយរយៈសិនទៅ កុំបាច់ប្រញាប់ពេក ដើម្បីបានសង្កេតមើលពីទង្វើរបស់កំលោះម្នាក់នោះថា តើមានគុណសម្បត្តិដែលល្អ ស័ក្តិសមសម្រាប់ការរស់នៅជាជីវិតគូជាមួយគ្នានាពេលអនាគតដែរឬទេ ដោយពិចារណាពីចរិតនិស្ស័យទាំង 5 ខាងលើនោះជាចម្បងហ្នឹងឯង៕
ដោយអ្នកគ្រូ ឆវី
Credit: La Reine
0 comments:
Post a Comment