ចង់មានអារម្មណ៍ស្រស់ថ្លាក្រោយពេលក្រោកពីគេងដោយមិនចាំបាចញ៉ាំកាហ្វេទេ?
សព្វថ្ងៃនេះមានមនុស្សច្រើននាក់ណាស់ ដែលត្រូវការកាហ្វេដើម្បីដាស់ខ្លួនឯងឱ្យភ្ញាក់ពីភាពងងុយ ជារៀងរាល់ព្រឹក។ តើអ្នកជាមនុស្សម្នាក់ក្នុងចំណោមនេះដែរ ឬទេ? តែកុំបារម្ភ មហាស្នេហា នឹងណែនាំនូវវីធីមួយចំនួន ដើម្បីជួយសម្រួលដល់ភាពងងុយគេងរបស់អ្នក ដោយចាំបាច់ញ៉ាំកាហ្វេឡើយ!!!
១.ងូតទឹក៖ ប្រសិនបើលោកអ្នកលុបមុខនោះ គឺមិនទាន់គ្រប់គ្រាន់ទេ អ្នកដាច់ខាតត្រូវតែងូតទឹក ហើយបើបានទឹកក្តៅរឹតតែល្អ ព្រោះកាលណារាងកាយ បានប៉ះជាមួយទឹក វានឹងបញ្ជូនសញ្ញាទៅដល់ខួរក្បាល ឱ្យមានសភាពស្រស់ថ្លា
២.ធ្វើលំហាត់ប្រាណ៖ អ្នកគួរព្យាយាមដើរទៅមក ឱ្យបាន ២០នាទី ឬរត់តិចៗនៅក្នុងផ្ទះខ្លួនឯង ជារៀងរាល់ពេលក្រោកពីដំណេក ឬក៏អ្នកអាចធ្វើកាយវិការ ពត់ពែនខ្លួនទៅឆ្វេងទៅស្តាំថ្នមៗ នៅលើគ្រែគេងក៏បាន នោះរាងកាយនឹងបានផ្លាស់ទីក្នុងសភាពសមរម្យមួយ ដែលនឹងនាំឱ្យខួរក្បាល មានលំនឹង និងដំណើរការបានល្អ។ នេះប្រហែលជារឿងមួយ ដែលអ្នកមិនចង់ធ្វើជាងគេបំផុត ព្រោះ ដោយសារតែភាពខ្ជិល។ ប៉ុន្តែការធ្វើលំហាត់ប្រាណ ខួរក្បាលរបស់អ្នក នឹងភ្លឺស្រឡះល្អហួសពីការស្មាន។
៣.កុំគេងទ្រមួកខ្លាំងពេក៖ សូមកុំព្យាយាមគេងដំអក់ នៅលើគ្រែយូរពេក អ្នកគួរកំណត់នាឡិការោទិ៍ជារៀងរាល់ ២នាទីម្តង ដើម្បីដាស់ខ្លួនឯង ឬអាចឱ្យនរណាម្នាក់ ទូរស័ព្ទមកដាស់អ្នកក៏បាន បើសិនជានៅក្នុងស្ថានការណ៍មួយដែលអ្នកមិនអាចក្រោក ចេញពីគ្រែរួចទៅហើយនោះ។ តាមការពិតមានមនុស្សជាច្រើនបានយល់ច្រឡំថា ការគេង ជាច្រើនម៉ោង នាំមកនូវសុខភាពល្អ តែផ្ទុយទៅវិញការគេងច្រើនពេក នឹងធ្វើឱ្យអ្នក មានអារម្មណ៍កាន់តែចង់គេងថែមទៀត និងមិនចង់ភ្ញាក់មកធ្វើការងារឡើយ។
៤.ទឹកកក៖ បន្ទាប់ពីភ្ញាក់ពីគេង អ្នកអាចប្រើទឹកកកមកដាស់សរីរាង្គកាយបានដោយ ការយកកូនកន្សែងតូចមួយ មករុំទឹកកក ហើយដាក់នៅលើមុខ ដូចជាភ្នែក ថ្ពាល់ ដងខ្លួន ឬដៃជើងជាដើម ឬអាចទទួលទានទឹកកកតែម្តងបាន ក្នុងបរិមាណសមល្មម បន្ទាប់មកក្នុងរយៈពេលប្រហែលជា ប៉ុន្មាននាទីក្រោយ រាងកាយរបស់អ្នកនឹងមាន សភាពជ្រះថ្លា និងភ្ញាក់ត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការងារបន្តបន្ទាប់បានភ្លាមៗ។
៥.ផឹកទឹកមុនពេលចូលគេង៖ ផឹកទឹកគឺមិនត្រឹមតែមានសារៈសំខាន់ ដល់រាងកាយ ប៉ុន្តែវាថែមទាំងជួយឱ្យអ្នកគេងលក់ បានល្អប្រសើរ និងជួយលុបបំបាត់កាកសំណល់ អាក្រក់មួយចំនួន ឱ្យចេញឆ្ងាយពីខ្លួនអ្នកទៀតផង។ ហេតុដូចនេះអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ ពេលអ្នកក្រោកពីគេងវិញ និងជំរុញអោយអ្នកមានអារម្មណ៍សកម្មជាមួយការងារ ។
0 comments:
Post a Comment