តើប្រិយមិត្តចូលចិត្តចំណាយពេលធ្វើអ្វីខ្លះនៅពេលដែលលោកអ្នកមានអាយុខ្ទង់២០? រៀនសូត្រ ធ្វើការ រកលុយ ឬ ដើរលេងឲ្យបានច្រើន? ចម្លើយរបស់ប្រិយមិត្តអាចមានច្រើន តែអ្វីដែលជាចំណុចរួមរបស់ប្រិយមិត្តនោះគឺថា ច្បាស់ជាចង់បានអនាគតដ៏ភ្លឺស្វាងមួយហើយ! បើដូច្នេះមែន សាកល្បងស្វែងយល់ពីសកម្មភាពរបស់បុគ្គលជោគជ័យជាគំរូវិញម្តងមើល៍ ថាតើពួកគេចូលចិត្តធ្វើអ្វីខ្លះនៅអាយុខ្ទង់ ២០?
១) រៀនគ្រប់គ្រងពេលវេលា
ជាវ័យមួយដែលបុគ្គលជោគជ័យត្រូវចាប់ផ្តើមពង្រឹងអាជីពរបស់ខ្លួន បុគ្គលជោគជ័យបានឲ្យតម្លៃខ្ពស់លើពេលវេលាខ្លាំងណាស់។ ហេតុនេះពួកគេ តែងគ្រប់គ្រងវាឲ្យមានប្រសិទ្ធភាពបំផុតដើម្បីត្រៀមរៀបចំពង្រឹងអាជីពការងារល្អមួយសម្រាប់អនាគតរបស់ខ្លួន។
២) លុយមិនសំខាន់ សំខាន់គឺការងារ
ផ្ទុយពីយុវជនមួយចំនួនដែលយល់ថា ការងារគឺជារឿងសំខាន់ដើម្បីរកលុយឲ្យបានច្រើន បុគ្គលជោគជ័យភាគច្រើនគិតទៅលើការងារជាជាងឲ្យតម្លៃលើលុយកាក់។ ទន្ទឹមនឹងមានគោលដៅដ៏ជាក់លាក់របស់ខ្លួន បុគ្គលជោគជ័យមិនសូវខ្វល់ពីរឿងប្រាក់ខែនោះឡើយ ពោលគឺធ្វើយ៉ាងណាជ្រើសរើសការងារមួយដែលត្រូវនឹងអាជីពរបស់ខ្លួនទើបជារឿងល្អប្រសើរសម្រាប់អនាគតរបស់ខ្លួន។
៣)រៀនសន្សំប្រាក់
តាមពិតទៅវ័យនេះយុវជនភាគច្រើនតែងគិតថា មិនមែនជាវ័យដែលត្រូវសន្សំប្រាក់នោះឡើយ ពោលគឺជាវ័យដែលត្រូវដើរស៊ីចាយ និង សប្បាយឲ្យបានច្រើន។ យ៉ាងណាមិញ សម្រាប់បុគ្គលដែលជោគជ័យវិញបានយល់ថា នេះជាវ័យដ៏ល្អមួយដែលពួកគេត្រូវតែចាប់ផ្តើមសន្សំប្រាក់ឲ្យហើយ ដើម្បីយកប្រាក់ទាំងនោះទៅវិនិយោគ និង ពង្រីកអាជីពការងាររបស់ខ្លួន។
៤) រៀបចំគម្រោងដោះបំណុលឲ្យរួច បើមានបំណុល
សម្រាប់យុវជនមួយចំនួនដែលមិនមានបំណុលនៅថ្នាក់មហាវិទ្យាល័យ នេះមិនមែនជាឧបសគ្គនោះឡើយ។ ប៉ុន្តែសម្រាប់យុវជនដែលមានបំណុលក្នុងវ័យខ្ទង់ ២០នេះ គឺជាបញ្ហាប្រឈមមុខមួយ។ ងាកមកមើលសកម្មភាពរបស់បុគ្គលជោគជ័យវិញ ត្បិតអីបុគ្គលប្រភេទនេះបង្កើតគម្រោងដោះបំណុលរបស់ខ្លួនបានយ៉ាងល្អ និង ឲ្យឆាប់បំផុត បើមិនដូច្នេះទេ វានឹងប៉ះពាល់ដល់ការពង្រឹងអាជីពការងាររបស់ពួកគេនៅពេលមានអាយុកាន់តែច្រើន។
៥) យកចិត្តទុកដាក់ថែរក្សាសុខភាព
ដូចអ្វីដែលបានរៀបរាប់នៅក្នុងចំណុចទី៣ នៅវ័យខ្ទង់ ២០នេះយុវជនចូលចិត្តសប្បាយ និង ចាយប្រាក់ក៏ច្រើនដែរមិនសូវយកចិត្តទុកដាក់រឿងសុខភាពប៉ុន្មានឡើយជាពិសេសការទទួលទានគ្រឿងស្រវឹង ឬ មិនចូលចិត្តការហាត់ប្រាណជាដើម។ ផ្ទុយទៅវិញសម្រាប់បុគ្គលជោគជ័យយល់ឃើញថា វ័យនេះពួកគេត្រូវតែគិតគូរពីសុខភាពជាសំខាន់ ហេតុដូច្នេះពួកគេត្រូវតែហាត់ប្រាណ លេងកីឡា ទទួលទានអាហារឲ្យបានត្រឹមត្រូវ និងមិនយកគ្រឿងស្រវឹងមកធ្វើជាត្រីមុខនោះឡើយ។
៦) មានការព្យាយាម
នេះជាចំណុចពិសេសមួយទៀតដែលបុគ្គលជោគជ័យធ្វើបានល្អនៅក្នុងវ័យខ្ទង់ ២០។ ជាមួយនឹងមហិច្ឆតាដ៏ធំរបស់ខ្លួននៅក្នុងការសិក្សាក្តី ការងារក្តី មិត្តភាពក្តី ទំនាក់ទំនងផ្សេងៗក្តី គឺជាកិច្ចការដែលបុគ្គលប្រភេទនេះត្រូវតែសម្រេចឲ្យបាន។ ខុសពីយុវជនមួយចំនួនដែលចូលចិត្តបោះបង់ ឬ គេចវេស បុគ្គលជោគជ័យនៅតែព្យាយាមធ្វើកិច្ចការរបស់ខ្លួនឲ្យស្របតាមគោលដៅទោះបីជាបរាជ័យម្តងជាពីរដងក៏ដោយ។
៧) មិនព្យាយាមធ្វើអ្វីមួយផ្គាប់ចិត្តអ្នកណាម្នាក់
ជាការពិតវ័យខ្ទង់ ២០នេះ គឺជាពេលវេលាមួយដែលអ្នកត្រូវកសាងបណ្ដាញទំនាក់ទំនងដ៏រឹងមាំមួយសម្រាប់ពង្រឹងអាជីពការងាររបស់អ្នក។ បើដូច្នេះមែនអ្នកក៏គួរតែដឹងថា តើការទំនាក់ទំនងរបស់អ្នកត្រូវធ្វើឡើងក្នុងរូបភាពបែបណាខ្លះជាមួយចៅហ្វាយនាយ មិត្តភក្ដិ ក្រុមការងាររបស់អ្នក? យ៉ាងណាមិញ អ្នកនឹងជួបមនុស្សដែលអ្នកមិនចូលចិត្ត និង អ្នកដែលមិនចូលចិត្តអ្នក។ បញ្ហានេះបុគ្គលជោគជ័យគិតថា វាជារឿងធម្មតានោះទេ ហើយពួកគេក៏មិនព្យាយាមផ្លាស់ប្ដូរជំហររបស់ខ្លួនឲ្យស្រប ឬ ផ្គាប់ចិត្តទៅនឹងបំណងរបស់អ្នកដទៃនោះដែរដរាបណាការផ្លាស់ប្ដូរមិនមែនជារឿងល្អ។
៨) ចេះបទបែនតាមកាលៈទេសៈបានល្អ
នៅពេលដែលអ្នកមានគោលដៅច្បាស់លាស់ វានឹងធ្វើឲ្យអ្នកនៅតែរក្សាជំហានរបស់អ្នកបោះជំហានទៅមុខឲ្យដល់គោលដៅនោះ ហើយជាទូទៅយុវជនតែងតែប្រកាន់គោលការណ៍មួយដាច់ខាតមិនចូលចិត្តការផ្លាស់ប្ដូរនៅពេលកាលៈទេសៈណាមួយចូលមកដល់។ ទោះបីជាបែបនេះក្តី សម្រាប់បុគ្គលជោគជ័យវិញមិនដូច្នេះឡើយ ពោលគឺនៅក្នុងលក្ខខណ្ឌណាក៏ដោយដែលធ្វើឲ្យពួកគេទទួលបានបទពិសោធន៍ ឬ គំនិតថ្មីៗ សម្រាប់អនាគតជីវិតដ៏ល្អប្រសើរមួយបាន បុគ្គលប្រភេទនេះនឹងបទបែនតាមកាលៈទេសៈទាំងនោះជាមិនខាន។
៩) រៀនសូត្រជាប្រចាំ
សញ្ញាប័ត្រដែលអ្នកទទួលបានពីមហាវិទ្យាល័យអាចបញ្ជាក់ពីលទ្ធផលសិក្សាដ៏ល្អប្រសើររបស់អ្នក តែនេះនៅតែគ្មានប្រយោជន៍បើអ្នកមិនរៀនសូត្រជាប្រចាំបន្តទៅថ្ងៃមុខទៀត។ ហេតុដូច្នេះហើយ បើចង់ជោគជ័យដូចបុគ្គលជោគជ័យ អ្នកត្រូវតែអាន និង ពង្រីកចំណេះដឹងសម្រាប់អភិវឌ្ឍលើអាជីពការងាររបស់អ្នក ដែលប្រហែលជាមិនមាននៅក្នុងថ្នាក់រៀនរបស់អ្នកនោះឡើយ។
១០) ពង្រឹងចំណងមិត្តភាពឲ្យកាន់តែរឹងមាំ
អ្នកអាចមានមិត្តភក្ដិច្រើននៅថ្នាក់រៀន តែក៏មានមិត្តភក្ដិជាច្រើនទៀតដែលអ្នកមានដូចជា នៅកន្លែងការងារជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ មិត្តភក្ដិទាំងនេះសុទ្ធតែសំខាន់ដូចគ្នា បើអ្នកធ្វើឲ្យទំនាក់ទំនងទាំងនេះកាន់តែស្អិតល្មួត ព្រោះថាផ្លូវជោគជ័យរបស់បុគ្គលជោគជ័យក៏កើតឡើងដោយសារការពង្រឹងចំណងមិត្តភាព និង ការទំនាក់ទំនងទៅកាន់មនុស្សថ្មីៗកាន់តែច្រើនដែរ។
១១) មិនរស់នៅជាមួយអតីតកាល
នេះជាសញ្ញាណវិជ្ជមានមួយរបស់បុគ្គលជោគជ័យ ថ្វីត្បិតតែពួកគេមានបទពិសោធន៍ក្មេងខ្ចីនៅក្នុងវ័យនេះ តែយ៉ាងហោចណាស់ពួកគេបានដឹងថា រឿងរ៉ាវដែលមិនល្អជាច្រើនដែលពួកគេបានធ្លាប់ជួបប្រទះដូចជា ការខកបំណង បាត់បង់មនុស្សដែលខ្លួនស្រលាញ់ ទ្រព្យសម្បត្តិ ។ល។ ត្រូវតែបំភ្លេចវាចោលបើវាមិនអាចយកមកវិញបាន។ ការឆ្លើយតបដ៏ប្រសើររបស់បុគ្គលជោគជ័យនៅក្នុងចំណុចនេះគឺការសម្លឹងមើលអនាគតដ៏ជឿជាក់មួយជាមួយក្តីសង្ឃឹមថា ថ្ងៃណាមួយជីវិតរបស់ខ្លួននឹងកាន់តែប្រសើរជាងនេះជាមិនខាន តាមរយៈការរៀបចំខ្លួនដ៏ល្អនៅក្នុងថ្ងៃនេះ។
១២) មានភាពស្មោះត្រង់
មិនត្រឹមតែស្មោះត្រង់នឹងអ្នកដទៃ លក្ខណៈពិសេសមួយ ទៀតរបស់បុគ្គលជោគជ័យគឺភាពស្មោះត្រង់ចំពោះខ្លួនឯង។ បុគ្គលជោគជ័យយល់ឃើញថា នៅពេលមានភាពស្មោះត្រង់ដល់ខ្លួនឯង ខ្លួននឹងអាចសម្រេចកិច្ចការផ្សេងតាមផែនការកំណត់ ឬ ការសន្យារបស់ខ្លួន។ ទន្ទឹមនឹងនេះ វាជាកូនសោតែមួយគត់ដែលអាចកសាងភាពជឿជាក់ពីអ្នកដទៃកាន់តែច្រើន។
១៣) ធ្វើដំណើរកាន់តែច្រើនតាមដែលអាចធ្វើបាន
នេះអាចជារឿងមួយភ្ញាក់ផ្អើលសម្រាប់អ្នក ព្រោះថាក្នុងនាមជាយុវជនដ៏ជោគជ័យមួយរូបគួរណាស់តែចំណាយពេលខិតខំសិក្សារៀនសូត្រ ស្រាវជ្រាវ ឬ ធ្វើការងារផ្សេងៗដែលនាំមកនូវប្រាក់ចំណូល ជាជាងដើរលេងឥតប្រយោជន៍។ យ៉ាងណាមិញ ការធ្វើដំណើររបស់បុគ្គលជោគជ័យនៅពេលនេះមិនមែនជាការកម្សាន្តអារម្មណ៍តែមួយមុខប៉ុណ្ណោះទេ តែជាការសិក្សាស្វែងយល់ ដកស្រង់បទពិសោធន៍ពីស្ថានភាពអភិវឌ្ឍ វប្បធម៌ ការរស់នៅរបស់មនុស្សពីតំបន់មួយទៅតំបន់មួយ ដែលជាគុណប្រយោជន៍ដ៏ច្រើនមហាសាលរបស់បុគ្គលជោគជ័យទទួលបានពីការធ្វើដំណើរនេះ៕
0 comments:
Post a Comment