បច្ចេកវិទ្យា

តើ​មហាសេដ្ឋី Nick Woodman ស្ថាបនិក​ក្រុមហ៊ុន GoPro មាន​ប្រវត្តិ​យ៉ាង​ដូចម្តេច​ខ្លះ​ក្នុង​ការ​បើក​អាជីវកម្ម?


លោក Nick Woodman ស្ថាបនិក និង ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន GoPro     Forbes.com 
លោក Nick Woodman គឺ​ជា​មហាសេដ្ឋី​សហគ្រិន សញ្ជាតិ​អាមេរិក មួយ​រូប​ដ៏​ល្បីល្បាញ តាម​រយៈ​ស្នាដៃ​ការ​បង្កើត​កាមេរ៉ា​ធុន​តូច​។ លោក Nick Woodman គឺ​ជា​ស្ថាបនិក និង ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន GoPro ដែល​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ លោក​មាន​ទ្រព្យសម្បត្តិ ច្រើន​ជាង ១ ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើ​យោង​តាម​គេហទំព័រ Forbes។ តើ​មហាសេដ្ឋី​រូប​នេះ​មាន​ប្រវត្តិ​យ៉ាង​ដូច​ម្ដេច​ខ្លះ​ ក្នុង​ដំណើរ​ការ​បើក​អាជីវកម្ម​របស់​លោក?

លោក Nick Woodman កើត​នៅ​ថ្ងៃ​ទី ២៤ មិថុនា ឆ្នាំ ១៩៧៥ នៅ​ក្នុង​ទីក្រុង Woodside រដ្ឋ California សហរដ្ឋ​អាមេរិក។ គ្រួសារ​របស់​លោក​គឺ​ជា​សហ​ស្ថាបនិក​ធនាគារ វិនិយោគ Robertson Stephens។ លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ ពី​សាកល​វិទ្យាល័យ​ University of California, San Diego ក្នុង​ឆ្នាំ ១៩៩៧។ ក្រោយ​ពី​ចប់​ការ​សិក្សា​ភ្លាម​ លោក Nick Woodman បាន​បង្កើត​ក្រុមហ៊ុន​ចំនួន ២ គឺ EmpoerAll.com លក់​សម្ភារៈ​គ្រឿង​អេឡិចត្រូនិក និង មួយ​ទៀត​ជា​កម្មវិធី​ហ្គេម​លើ​គេហទំព័រ ដែល​អ្នក​លេង​អាច​ឈ្នះ​ប្រាក់ ប៉ុន្តែ​មិន​បាន​ទទួល​ជោគជ័យ​ឡើយ។

ខណៈ​ពេល​ដែល​លោក​បាន​ចំណាយ​ពេល​ដើរ​លេខ​នៅ​ប្រទេស អូស្ត្រាលី និង ឥណ្ឌូណេស៊ី លោក Nick Woodman បាន​ប្រើប្រាស់​កាមេរ៉ា ថត​រូប​ដែល​មាន​ Len ទំហំ ៣៥ មីលីម៉ែត្រ ដើម្បី​ថត​រូបភាព​វីដេអូ​ផ្សេងៗ​នា​ពេល​ដំណើរ​កម្សាន្ត​នោះ។ ពេល​នោះ​លោក​មើល​ឃើញ​ថា​ អ្នក​ចូល​ចិត្ត​ថត​រូប​ដូច​ជា​រូប​លោក​ ដែល​ចង់​ថត​រូប និង វីដេអូ ប្រកប​ដោយ​គុណភាព​ ពិត​ជា​ពិបាក​ណាស់ ព្រោះ​ខ្លួន​មិន​អាច​ចូល​ទៅ​ជិត​សកម្មភាព​ដែល​ខ្លួន​ចង់​ថត និង ពេល​ខ្លះ​គ្មាន​លទ្ធភាព​គ្រប់​គ្រាន់​ដើម្បី​ទិញ​សម្ភារៈ​សម្រាប់​ថត​រូប​ថ្លៃៗ ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​មាន​គំនិត ចង់​បង្កើត​កាមេរ៉ា ធុន​តូច​តែ​គុណ​ភាព​នៃ​ការ​ថត​បាន​ល្អ ទើប​ធ្វើ​ឲ្យ​លោក​បង្កើត​ក្រុមហ៊ុន​មួយ​ឡើង​មាន​ឈ្មោះ​ថា GoPro។

កាមេរ៉ា GoPro ត្រូវ​បាន​លោក Nick Woodman បង្កើត​ឡើង​ជាមួយ​ខ្សែក្រវាត់​ដែល​អាច​ពាក់​កាមេរ៉ា​ជាប់​នឹង​ខ្លួន​បាន។ កាមេរ៉ា GoPro បង្កើត​ឡើង​ដំបូង​ជាមួយ​ទំហំ Len ៣៥ មីលីម៉ែត្រ និង​ក្រោយ​មក​ទៀត​បាន​អភិវឌ្ឍ​ដោយ​បំពាក់ WiFi លើ​កាមេរ៉ា​នេះ ដើម្បី​បញ្ជា​ការ​ថត​ពី​ចម្ងាយ និង បាន​បន្ថែម​កន្លែង​ដាក់ Micro SD សម្រាប់​អ្នក​ចូលចិត្ត​ថត​រូប​វីដេអូ​ដំណើរ​កម្សាន្ត។ ក្រោយ​មក​ទៀត​ កាមេរ៉ា GoPro ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដើម្បី​បំពាក់​លើ​រថយន្ត​ អាច​ចាប់​រូប​ភាព​បាន​ច្បាស់​ល្អ​ទោះ​បី​ជា​រថយន្ត​បើក​ក្នុង​ល្បឿន​មួយ​ដ៏​លឿន​ក៏​ដោយ។

នៅ​ក្នុង​ឆ្នាំ ២០០៤ ក្រុមហ៊ុន​បាន​ធ្វើ​ការ​លក់​កាមេរ៉ា​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​មួយ​នូវ​កាមេរ៉ា​ចំនួន ១០០ គ្រឿង​ដែល​នេះ​ជា​ដំណាក់​កាល​ដំបូង​នៃ​ការ​លក់​ដាច់​បំផុត។ មក​ដល់​ឆ្នាំ ២០១២ ក្រុមហ៊ុន​បាន​លក់​ដាច់​អស់​កាមេរ៉ា​រហូត​ដល់​ទៅ ២,៣ លាន​គ្រឿង។ ចាប់​តាំង​ពី​ពេល​នោះ​មក​លោក Nick Woodman ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​នៅ​ក្នុង​សន្និសីទ​ផ្នែក​បច្ចេកវិទ្យា​ជា​ច្រើន​ស្តី​ពី​បទពិសោធន៍​ និង​គន្លឹះ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​លោក​ជោគជ័យ។

0 comments:

Post a Comment

Powered by Blogger.