អ្នកណាក៏ដឹងដែរថា លោកប៊ីលហ្គេតគឺជាមហាសេដ្ឋីអាមេរិកដ៏ជោគជ័យ និងមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពីពិភពលោកដែលមានប្រាក់រហូតដល់ ៨៣,៣ ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះគាត់ក៏ជាបុគ្គលមួយរូបដែលបានបរិច្ចាគទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់ ដើម្បីធ្វើសកម្មភាពមនុស្សធម៌ជួយជនក្រីក្រនៅជុំវិញពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ។
អាថ៌កំបាំងនៃភាពជោគជ័យរបស់លោក បានធ្វើឲ្យមនុស្សគ្រប់គ្នា ជាពិសេសសហគ្រិន អ្នកជំនួញ រួមទាំងបញ្ញវន្តវ័យក្មេងចង់ស្វែងយល់ពីគន្លឹះដែលធ្វើឲ្យមហាសេដ្ឋីវ័យ៥៩ឆ្នាំរូបនេះ អាចក្លាយជាបុគ្គលមានទ្រព្យសម្បតិ្តយ៉ាងច្រើនមហាសាលបាន។ សូមចុចត្រង់នេះ ដើម្បីអានព័ត៌មានលម្អិតពីលោកប៊ីលហ្គេត…
សម្រាប់ប្រិយមិត្តវិញដែលមានបំណងចង់ស្គាល់មហាសេដ្ឋីរូបនេះឲ្យកាន់តែច្បាស់មែននោះ លោកអ្នកអាចសាកល្បងស្វែងយល់ពីសកម្មភាព ឬ ទម្លាប់របស់លោកមួយចំនួនដូចជាការអានសៀវភៅជាដើម ព្រោះថាកាលពីពេលថ្មីៗនេះមហាសេដ្ឋីរូបនេះបានបង្ហាញពិភពលោកពីសៀវភៅមួយក្បាលដែលគាត់ចូលចិត្តអានបំផុត។ តើនោះគឺជាសៀវភៅអ្វី?
ដោយបានចុះផ្សាយនៅលើគេហទំព័រសារព័ត៌មាន The Wall Street Journal លោកប៊ីលហ្គេតបានបង្ហើបថា សៀវភៅដែលលោកចូលចិត្តបំផុតនោះមានចំណងជើងថា«Business Adventures ឬ ដំណើរផ្សងព្រេងនៃមុខជំនួញ»។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា សៀវភៅនេះមិនជាសៀវភៅដែលទើបនឹងបោះពុម្ពផ្សាយនៅពេលថ្មីៗនោះឡើយ ពោលគឺវាបាននិពន្ធឡើងដោយលោក John Brooks និង បោះពុម្ពផ្សាយកាលពីអំឡុងទសវត្សទី៦០។ សៀវភៅនេះមិនមានការបោះពុម្ពផ្សាយលក់បន្តទៀតឡើយចាប់តាំងពីឆ្នាំ១៩៧១មក។
ទោះបីជាយ៉ាងនេះក្តី លោកប៊ីលហ្គេតបានបញ្ជាក់ថា សំណាងល្អលោកបានសៀវភៅនេះនៅក្នុងដៃនាឆ្នាំ១៩៩១។ លោកបានបង្ហាញចំណាប់អារម្មណ៍របស់លោកថា វានៅតែមានតម្លៃស្របតាមបរិបទសម័យបច្ចុប្បន្នសម្រាប់អ្នកជំនួញ ឬសហគ្រិនទាំងឡាយដែលចង់ស្វែងយល់ពីមុខជំនួញ។
លោកបានបន្ថែមថា សៀវភៅ «Business Adventures» បរិយាយអំពីភាពខ្លាំង និង ភាពខ្សោយរបស់អ្នកដឹកនាំដែលត្រូវប្រឈមមុខ ដែលផ្ដោតភាគច្រើននៅក្នុងវិស័យមុខជំនួញដែលមានតម្លៃជាអត្ថន័យ តែមិនមែនមានតម្លៃលើអាយុកាលរបស់វានោះឡើយ។
សូមបញ្ជាក់ថា សៀវភៅ « Business Adventures » ក៏ជាសៀវភៅសំណព្វចិត្តមួយក្នុងចំណោមសៀវភៅល្អៗ ជាច្រើនទៀតរបស់មហាសេដ្ឋីជាប់ចំណាត់ថ្នាក់ទីពីរនៅលើលោករបស់មិកស៊ិកគឺលោក Carlos Slim ផងដែរ ដែលមហាសេដ្ឋីមានទ្រព្យសម្បត្តិ៧៦,២ ពាន់លានដុល្លារ រូបនេះធ្លាប់អានមុនលោកប៊ីលហ្គេតទៅទៀត៕
សូមទស្សនាវីដេអូខាងក្រោមនេះ!
ប្រភព៖ Businessinsider និង TheBNews
0 comments:
Post a Comment