បែកធ្លាយប្លែកៗ

សាសា «ដាក់បណ្តាសាខ្លួនឲ្យស្លាប់ក្នុងឆ្នាំនេះ មិនចាំបាច់ជាតិក្រោយទេ» បន្ទាប់ពីមានការរិះគន់


(ភ្នំពេញ)៖ បន្ទាប់ពីមានព័ត៌មានចុះផ្សាយ វាយប្រហារទៅលើអតីតពិធីការិនីកញ្ញា ឯក សុជាតា ហៅ សាសា ទៅលើរឿងបង្កគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តបាត់ដំបងហើយ បានគេចវេសមិនចេញមុខដោះស្រាយ ដោយឲ្យអ្នកឈរឈ្មោះ ដោះស្រាយជំនួសរួចមក មានមតិមហាជនជាច្រើន បានធ្វើការរិះគន់ចំៗទៅលើនាងថា ពេលខ្លួនមានរឿងស្រែកដង្ហើយ រកយុត្តិធម៌តែដល់ពេលខ្លួនបង្កបញ្ហា បែរជាមិនចេញមុខដោះស្រាយទៅវិញ ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ បានធ្វើឲ្យម្ចាស់សាម៉ីខ្លួននាង សាសា បញ្ចេញប្រតិកម្មបែបក្រៀមក្រំ ដោយនិយាយប្រមាថជីវិតរបស់ខ្លួន ក្នុងន័យបកស្រាយរឿងគ្រប់យ៉ាងថា បើនាងពិតជាអាក្រក់ធ្វើខ្លួនមិនល្អ ដូចការរិះគន់នោះមែននាងសុខចិត្ត ដាក់បណ្តាសាខ្លួនឯង ដោយយកជីវិតមកធ្វើជាដើមទុនថែមទៀតផង។

សំឡេងនៃការរិះគន់មានជាបន្តបន្ទាប់ បោកបក់ទៅលើតារាស្រី ដែលសម្បូរទៅដោយរឿងអាស្រូវ កញ្ញា សាសា មិនដាច់ទេ តួយ៉ាងដូចជារឿងគ្រោះថ្នាក់ចរាចរណ៍ថ្មីៗនេះ ដែលល្បីកក្រើកពេញបណ្តាញសារព័ត៌មាន ក្នុងស្រុកដោយធ្វើការវាយប្រហារនាងចំៗថា នាងគឺជាអ្នកដែលពូកែបង្ករឿង មានបញ្ហាមិនចេះចប់មិនចេះហើយ ក្រោយពីនាងមានបញ្ហាហើយជារឿយៗ នាងតែងតែយកអំណាចទឹកប្រាក់ ទៅដោះស្រាយបញ្ចប់រឿង ដោយមិនខ្វល់ពីទឹកចិត្ត ឬក៏គិតរឿងរកយុតិ្តធម៌ឲ្យជនរងគ្រោះ ដូចដែលនាងបានទាមទារនោះទេ ។

ក្រោយពីជួបប្រទះរឿងរ៉ាវមិនល្អបន្តកន្ទុយគ្នារួចមក គេសង្កេតឃើញថា តារាស្រីរូបនេះ បានផ្តាច់ខ្លួនចេញពីសារព័ត៌មាន មិនព្រមចេញមុខបកស្រាយឡើយ ដោយទូរស័ព្ទរបស់នាងមិនអាចទាក់ទងបានហើយ នាងក៏គេចវេសមិនព្រមបកស្រាយ ប្រាប់បណ្តាញសារព័ត៌មានណាមួយដដែល។ តែនាងបែរជាបង្ហាញសារ រៀបរាប់ពីអារម្មណ៍ពិតរបស់ខ្លួនយ៉ាងខ្លី បង្ហោះពេញបណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់របស់នាងដោយសរសេរជាភាសាខ្មែរថា "បើសិនជាខ្ញុំជាមនុស្សអាក្រក់ សាងតែអំពើបាប មិនដែលធ្វើអំពើល្អ សូមឲ្យទេវតាយកជីវិតខ្ញុំក្នុងឆ្នាំនេះចុះ មិនបាច់ទុកឲ្យខ្ញុំមានជីវិតដល់ឆ្នាំក្រោយទេ..." ។

ក្នុងនោះនាងបានរៀបរាប់ពីទឹកចិត្តនៅក្នុង Comment ទៀតថា "ខ្ញុំនាំរឿងស៊យឲ្យអ្នកជុំវិញខ្លួន ខ្ញុំច្រើនពេកហើយ ហើយខ្ញុំក៏អស់ទឹកចិត្តក្លាហាន ដើរទៅមុខទៀតដែរ ទោះជាខ្ញុំខំញញឹមលាក់ទុក្ខ ក៏លាក់លែងបានទៀតដែរ ជីវិតគ្រួសារដែលមិនពេញលេញ ខំផ្តល់ភាពកក់ក្តៅឲ្យអ្នកជុំវិញខ្លួន តែខ្លួនឯងពិបាកយ៉ាងណា ក៏មិនដែលប្រាប់នរណាម្នាក់ឡើយ..."។

តាមរយៈការបង្ហាញសារបែបអស់សង្ឃឹមនេះ អតីតពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ CTN កញ្ញា សាសា បានយកអាយុជីវិតខ្លួនមកដាក់ បណ្តាសសារខ្លួនឯង ដើម្បីជាថ្នូរ និងការបកស្រាយលាតត្រដាង ការពិតចេញពីបបូរមាត់របស់នាង។

សូមជំរាបថា កញ្ញា​ សា​សា ​អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN និងមានរឿងប្តឹងផ្តល់ដ៏ល្បីល្បាញជាមួយលោក សុខ ប៊ុន ត្រូវបាន​គេ​សង្ស័យ​ថា បាន​បើករថយន្ត​ស៊េ​រី​ទំនើប​របស់​នាង​ម៉ាក Porsche ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD-7888 ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ទឹកកក នៅ​វេលា​ម៉ោងជាង​ ១១​យប់​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ២០១៥ នៅសង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បន្ទាប់​ពី​កញ្ញា​សា​សា ដែល​រួម​ដំណើរ​ជាមួយ​នារី​ម្នាក់​ផង ចេញពី​ហាង​ផឹកស៊ី​មួយ​កន្លែង​យីហោតោ​២ ។ ករណី​នេះ​បាន​ធ្វើ​ឲ​ម្ចាស់​ម៉ូតូ​ឈ្មោះ ទុ​យ ម៉ោ​ក ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រង​របួសធ្ងន់។

បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មិនយូរឡើយ ​យុវជន​មួយ​ក្រុម​ជិះ​រថយន្តទំនើប​ៗ បាន​ទៅ​ជម្លៀស​កញ្ញា​សា​សា និង​មិត្ត​ស្រី​របស់​នាង​ម្នាក់​ទៀត​ចេញពី​កន្លែង​កើតហេតុ ដោយមិនទទួលខុសត្រូវ។ ហើយ​យុវជន​ម្នាក់​បាន​ចេញ​មុខ​ដោះស្រាយ​សំណង​ជាមួយ​ ជន​រង​គ្រោះ​ជំនួស​កញ្ញា​សា​សា ដើម្បី​បញ្ចប់រឿង​ក្រៅ​ប្រព័ន្ធ​ច្បាប់៕


ប្រភព៖ Fresh News

0 comments:

Post a Comment

Powered by Blogger.