ព័ត៌មានអន្តរជាតិ

​មេដឹកនាំចលនា​និស្សិត​ភូមា៨៨ អំពាវនាវ​ឱ្យពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្សប្រឆាំង NLD​

ក្រុម​ចលនានិស្សិត​ភូមា៨៨ ហែក្បួន​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​ភូមា​បោះឆ្នោត​ជូន​ដល់​គណបក្ស​ NLD (រូបថត៖ cbsnews.com)

​មេដឹកនាំចលនា​និស្សិត​ភូមា៨៨ ដែលធ្លាប់​ជាប់​ពន្ធនាគារ​ដោយសារ​បុព្វហេតុដើម្បីប្រជាធិបតេយ្យ បានប្រកាសប្រាប់អ្នកគាំទ្រនិង​ពលរដ្ឋ​ភូមា​ ត្រូវ​បោះឆ្នោតគណបក្សសម្ព័ន្ធប្រជា​ធិបតេយ្យ ដើម្បី​ឱ្យ​គណបក្សប្រឆាំង​ធំជាងគេ​នេះ​ ឈ្នះឆ្នោតដឹកនាំប្រទេស​។​

​ប្រធាន​ចលា​នា​និស្សិត លោក Ko Ko Gyi បាន​ថ្លែង​ដូចនេះនៅ​ចំពោះមុខលោកស្រី ​អ៊ុង​សាន ​សូ​ជី ប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ NLD ក្នុងពេល​លោកស្រី​មក​ចូលរួម​ពិធី​រំឭក៧០ ​នៃ​ការគោរព​វិញ្ញ​ណ​ក្ខន្ធវីរជន ដែល​ស្លាប់ដើម្បី​ជាតិពី​ការធ្វើ​បដិវត្តន៍រំដោះប្រទេស​ពី​អាណានិគមអង់គ្លេស​។​

លោក Ko Ko Gyi បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា លោកនឹង​ជា​បេក្ខជនម្នាក់ ក្នុងចំណោមមេដឹកនាំនិស្សិតជាច្រើននាក់ ​របស់ចលនា​និស្សិត​ភូមា៨៨ សម្រាប់​ការបោះឆ្នោតសភានៅ​ខែវិច្ឆិកា ប៉ុន្តែលោក​បញ្ជាក់ថា លោក​គឺជា​បេក្ខជនសម្រាប់​គណបក្ស NLD របស់​លោកស្រី ​អ៊ុង​សាន ​សូ​ជី​។​

​ចលនា​និស្សិត​ភូមា៨៨ គឺជាច​ល​នា​មួយដ៏​ធំ​របស់និស្សិត​ភូមា។ ក្រុម​នេះធ្លាប់​ត្រូវបានពួកយោធា​បង្ក្រាប និង​សម្លាប់​រង្គាលនៅឆ្នាំ​១៩៨៨ ក្នុងពេល​ពួកគេធ្វើ​បាតុក​កម្មទាមទារបញ្ចប់​របបពួកយោធា ហើយគ្រា​នោះ​មេដឹកនាំនិស្សិត​ជា​ច្រើន ​ត្រូវបាន​ចាប់​យក​ទៅឃុំខ្លួន ក្នុងនោះមាន​លោក Ko Ko Gyi ផងដែរ​។​

​ការបោះឆ្នោត​សភា ថ្ងៃទី៨ ខែវិច្ឆិកា ដែល​មាន​គណបក្សនយោបាយចូលរួមជិត៧០ ហើយមាន​អ្នក​មាន​សិទ្ធិបោះឆ្នោតជិត៣០​លាន​នាក់ ត្រូវបាន​វាយតម្លៃ​ថា​ ជាការ​ព្រឹត្តិការណ៍​បោះឆ្នោតមួយតាម​ផែនការ​កែទម្រង់​ប្រទេស ប្រកបដោយប្រជាធិបតេយ្យ និង​ពហុបក្ស ប៉ុន្តែ​អ្នកវិភាគនយោបាយម្នាក់​គឺ​លោក Yan Myo Thein​ និយាយថា ការប្រកាស​របស់មេដឹកនាំ​និស្សិតរូបនេះ បានជា​សូ​ចនករ​មួយ ធ្វើឱ្យកម្លាំងគាំទ្ររបស់​គណបក្ស NLD របស់​លោកស្រី​ អ៊ុង​សាន ​សូ​ជី កាន់តែ​មាន​ប្រជាប្រិយភាព ហើយអាចធ្វើឱ្យ NLD ឈាន​ទៅរ​កការ​ឈ្នះឆ្នោត។ ប៉ុន្តែលោក​ព្រមាន​ថា លទ្ធភាពការផ្ទេរអំណាចពី​ពួកយោធាទៅ​គណបក្ស​ឈ្នះឆ្នោត គឺ​ពិបាកនឹងព្យាករទុកមុន៕

Source: VOD
សូមសរសេរមកលោក នួន បូរិន តាមរយៈ borinnoun@gmail.com

0 comments:

Post a Comment

Powered by Blogger.