ព័ត៌មានអន្តរជាតិ

អូស្ត្រាលីទទូច​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​ អ.ស.ប យក​ករណីយន្តហោះ MH17 ​ទៅ ​ICC​

បំណែកយន្តហោះ MH-17 ដែលត្រូវបាន​គេ​បាញ់​ធ្លាក់​នៅភាគខាងកើត​ប្រទេស​អ៊ុយ​ក្រែន​ កាលពី​ឆ្នាំ​២០១៤ (រូបថត៖ BBC)

រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោកស្រី Julie Bishop ទទូច​ឱ្យសមាជិកក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហ​ប្រជាតិ គាំទ្រដំណោះស្រាយមួយ ដើម្បីបញ្ជូនករណីការបាញ់​ទម្លាក់​យន្តហោះម៉ាឡេស៊ីជើង​ហោះហើរ MH-17 ទៅកាន់តុលាការព្រហ្មទណ្ឌ​អន្តរជាតិ ICC ប្រយោជន៍ផ្ដល់យុត្ថិធម៌ជូន​ជនរងគ្រោះ។​

​យន្តហោះម៉ាឡេស៊ីជើង​ហោះ MH-17 ត្រូវបានបាញ់​ទម្លាក់ដោយ​គ្រាប់មី​ស៊ី​លផលិត​នៅរុស្ស៊ី ខណៈ​យន្តហោះនេះ​ហោះឆ្លងកាត់​តំបន់​ភាគ​ខាងកើតនៃ​ប្រទេស​អ៊ុ​យក្រែន ទៅកាន់ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​ទី​១៧ ខែកក្ក​ដា ឆ្នាំ២០១៤ ដោយ​សម្លាប់មនុស្ស២៩៨​នាក់ ក្នុងនោះមាន​ជនជាតិអូស្ត្រាលីផងដែរ។​

​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី Julie Bishop ដែល​ទៅដល់បុរី​ញូ​យ៉​ក​នៅថ្ងៃនេះ ត្រូវបាន​ស្រង់​មក​ចុះ​ផ្សាយដោយបណ្ដាញ​ផ្សាយ​ព័ត៌មាន BBC មក​ថា ទោះ​ជា​តំណាងប្រទេស​រុស្ស៊ី ជំទាស់​ក្ដី តែក៏មានសមាជិកភាគច្រើនគាំទ្រចំពោះសំណើយក​ករណីរបស់ MH-17 ទៅកាន់ ICC។​

សមាជិកក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហ​ប្រជាតិ មាន១៥ប្រទេស ក្នុងនោះ​មានប្រទេស​អូស្ត្រាលី និងម៉ាឡេស៊ីផងដែរ ប៉ុន្តែជា​ប្រទេសសមាជិក​មិន​អចិន្ត្រៃយ៍របស់​ស្ថាប័ន​មួយ​នេះ ។ ស្ថាប័ន​នេះមាន​សមាជិកអចិន្ត្រៃយ៍ ៥ប្រទេស ដែល​គេ​ហៅថា​ប្រទេស​មហាអំណាច គឺ​មាន​ អាមេរិក អង់គ្លេស បារាំង រុស្ស៊ី និងចិន៕

0 comments:

Post a Comment

Powered by Blogger.