ព័ត៌មានជាតិ

IMF៖ កំណើន​សេដ្ឋកិច្ច​អឺរ៉ុប​ធ្លាក់​ចុះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​សម្លៀក​បំពាក់​កម្ពុជា

ប្រធាន ​បេសកកម្ម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ អ្នកស្រី សូឡានី ជេន ចានដ្រា (Solani Jain-Chandra) និង​តំណាង​ការិយាល័យ​មូលនិធិ​អន្តរជាតិ​ប្រចាំ​កម្ពុជា លោក ហ្វេស្សល អាមេដ (Faisal Ahmed) ធ្វើ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​៣ កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។ RFA/Cheng Mengchou


ប្រធាន​បេសកកម្ម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) អះអាង​ថា កំណើន​សេដ្ឋកិច្ច​យឺតយ៉ាវ​នៅ​តំបន់​អឺរ៉ុប កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់​កម្ពុជា ទៅ​កាន់​​ទីផ្សារ​អឺរ៉ុប។ ការ​កត់សម្គាល់​ដូច​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​នា​ការិយាល័យ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ក្នុង​ធនាគារ​ជាតិ​នៃ​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កក្កដា។

​​បើ​ទោះ​ជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ នេះ ស្ថិត​ក្នុង​រង្វង់ ៧​ភាគរយ​ដូច​ឆ្នាំ​២០១៤ ក្តី ប៉ុន្តែ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ដែល​ជា​វិស័យ​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ទាប​ជាង​មុន។

​ប្រធាន​បេសកកម្ម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ អ្នកស្រី សូឡានី ជេន ចានដ្រា (Solani Jain-Chandra) ដែល​បាន​ដឹកនាំ​ក្រុម​ការងារ​របស់ អាយ.អឹម.អេហ្វ មក​ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​កម្ពុជា អស់​រយៈពេល​ជិត ២​សប្ដាហ៍ ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា។ អ្នកស្រី​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​ថា ភាព​យឺតយ៉ាវ​នៃ​កំណើន​សេដ្ឋកិច្ច​នៅ​អឺរ៉ុប ធ្វើ​ឲ្យ​រអាក់រអួល​ដល់​ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ដែល​ជា​ទីផ្សារ​សំខាន់​បំផុត​មួយ​សម្រាប់​ផលិតផល​សម្លៀក​បំពាក់​កាត់ដេរ​របស់​កម្ពុជា។

អ្នកស្រី សូឡានី ជេន ចានដ្រា មាន​ប្រសាសន៍​បន្ត​ថា ក្រៅ​តែ​ពី​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​នៅ​អឺរ៉ុប ការ​កើន​ឡើង​តម្លៃ​នៃ​ប្រាក់​ដុល្លារ​ប្រៀបធៀប​ទៅ​នឹង​រូបិយប័ណ្ណ​ផ្សេង​ទៀត ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ផង​ដែរ៖ «យើង​ទទួល​ស្គាល់​ថា វិស័យ​កាត់ដេរ​បន្ត​គ្រប​ដណ្ដប់​ការ​នាំ​ចេញ​របស់​កម្ពុជា ប៉ុន្តែ​យើង​កំពុង​មើល​ឃើញ​នូវ​និន្នាការ​រយៈពេល​ខ្លី​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ថយ​ចុះ បើ​យើង​ក្រឡេក​មើល​ទិន្នន័យ​ក្នុង​រយៈពេល ៥​ខែ​ដើម​ឆ្នាំ​២០១៥ ការ​នាំ​ចេញ​សម្លៀក​បំពាក់​នៅ​តែ​ដើរ​តួនាទី​សំខាន់ ប៉ុន្តែ​មាន​ការ​ធ្លាក់​ចុះ​បន្តិច ដូច្នេះ​សម្រាប់​ឆ្នាំ​នេះ បើ​ទោះ​ជា​យើង​ព្យាករ​​ថា មាន​កំណើន ប៉ុន្តែ​យើង​គិត​ថា ការ​រួម​ចំណែក​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​ក្នុង​កំណើន​សេដ្ឋកិច្ច​នឹង​ធ្លាក់​ចុះ»។

​ការ​លើក​ឡើង​របស់​មន្ត្រី អាយ.អឹម.អេហ្វ ពេល​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​តម្លៃ​ប្រាក់​អឺរ៉ូ កំពុង​ធ្លាក់​ចុះ បើ​ប្រៀប​ទៅ​នឹង​ប្រាក់​ដុល្លារ​ដោយសារ​តែ​មាន​វិបត្តិ​ប្រាក់​បំណុល​ក្នុង​ប្រទេស​ក្រិក (Greece) និង​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​អឺរ៉ុប។

​តំណាង​ការិយាល័យ​មូលនិធិ​អន្តរជាតិ​ប្រចាំ​កម្ពុជា លោក ហ្វេស្សល អាមេដ (Faisal Ahmed) មាន​ប្រសាសន៍​ថា ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​លើ​ពិភពលោក​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​នាំ​ចេញ​របស់​កម្ពុជា។ ពាក់ព័ន្ធ​នឹង​វិបត្តិ​នៅ​អឺរ៉ុប​វិញ លោក ហ្វេស្សល អាមេដ កត់​សម្គាល់​ថា បើ​ទោះ​ជា​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​នៅ​អឺរ៉ុប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​​ភ្លាមៗ ដល់​ចរន្ត​ហិរញ្ញវត្ថុ​របស់​ធនាគារ​នៅ​កម្ពុជា ក្តី ប៉ុន្តែ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ភ្លាមៗ​ដល់​ចរន្ត​ពាណិជ្ជកម្ម​របស់​កម្ពុជា។

​បើ​ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ លើក​ឡើង​ថា សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុជា នៅ​មាន​លក្ខណៈ​ប្រសើរ​នៅ​ឡើយ ហើយ​ដែល​អាច​នៅ​រក្សា​កំណើន​ក្នុង​រង្វង់ ៧​ភាគរយ​សម្រាប់​ឆ្នាំ​២០១៥ នេះ។

​ផលិតផល​សម្លៀក​បំពាក់​របស់​កម្ពុជា នាំ​ចេញ​ជាពិសេស​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ប្រទេស​កាណាដា និង​ប្រទេស​ជប៉ុន។ ស្ថិតិ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៤ តម្លៃ​សរុប​នៃ​ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែក​ជើង​ទៅ​ក្រៅ​ប្រទេស​មាន​ប្រមាណ ៦​ពាន់​លាន​ដុល្លារ។ បច្ចុប្បន្ន​កម្ពុជា មាន​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែក​ជើង​ជាង ១​ពាន់ និង​មាន​កម្មករ​និយោជិត​ប្រមាណ ៧០​ម៉ឺន​នាក់ ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ជា​មធ្យម​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ រដ្ឋាភិបាល​អះអាង​ថា ក្រៅ​ពី​ផ្ដល់​ការងារ​ផ្ទាល់​ដល់​កម្មករ​និយោជិត​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​កម្ពុជា ក៏​បាន​បង្កើត​មុខ​របរ​ប្រយោល​បន្ថែម​ ដូចជា ការ​ជួល​ផ្ទះ ការ​លក់​ដូរ​ម្ហូប​អាហារ និង​ការ​ដឹក​ជញ្ជូន​ដល់​ពលរដ្ឋ​ប្រមាណ​ជាង ២​លាន​នាក់​ផ្សេង​ទៀត។

​លោក ហ្វេស្សល អាមេដ មាន​ប្រសាសន៍​ថា ការវិវត្តន៍​សេដ្ឋកិច្ច​ក្នុង​តំបន់ ជាពិសេស​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ពេល​ខាង​មុខ នឹង​ផ្ដល់​ឲ្យ​កម្ពុជា នូវ​ឱកាស​ទាក់ទាញ​ការ​វិនិយោគ បង្កើន​ការ​ប្រកួតប្រជែង ការ​អភិវឌ្ឍ​ជំនាញ ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម៕



ប្រភព៖ ដោយ ដែន អយុធ្យា 2015-07-03
RFA

0 comments:

Post a Comment

Powered by Blogger.