ព័ត៌មានជាតិ

​លោក វ៉ា គឹមហុង បដិសេធថា មិនមាន​ផែនទី​ស​​

លោក ​ វ៉ា គឹមហុង​ មន្ត្រីជាន់ខ្ពស់​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា ធ្វើ​សន្និសីទ​សារព័ត៌មាន​កាលពីម្សិលមិញ​ នៅទីស្តីការ​គណៈរដ្ឋមន្ត្រី ស្តីពីបញ្ហា​ព្រំដែន​ (រូបថត៖ ទេព សូនី)

មន្ត្រីជាន់ខ្ពស់​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា លោក វ៉ា គឹមហុង បដិសេធ​ថា​មិន​មាន​ផែនទី​ស ក្នុង​ការបោះបង្គោល​ព្រំដែន​ជាមួយ​កម្ពុជា​-​វៀតណាម​នោះ​ទេ​។​

លោក វ៉ា គឹម ហុង ប្រាប់ VOD នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា អ្នកសារព័ត៌មាន​មួយចំនួន​ប្រហែល​ជា​ស្តាប់​ច្រឡំ​ថា លោក​បាន​និយាយថា​មាន​ផែនទី​ស សម្រាប់​បោះបង្គោល​ព្រំដែន​។ លោក​បញ្ជាក់ថា កាល​ពី​ម្សិលមិញ​នោះ លោក​បាន​និយាយ​ពី​នីតិវិធី​ក្នុង​ការ​យក​ផែនទី​មក​ធ្វើ​កិច្ចការ​លើ​ដី​ជាក់ស្តែង​។ បែប​នេះ​ក្តី​លោក​បដិសេធ​ថា លោក​មិន​បាន​និយាយ​ពី​ផែនទី​ស​នោះទេ គឺ​និយាយ​ពី​ផែនទី​អត់​មាន​ខ្សែ​ព្រំដែន មានន័យ​ថា អ្នកបច្ចេកទេស​ទាំងសងខាង​គេ​យក​ទៅ​ចម្លង​ពី​ផែនទី​នៅ​អង្គការសហប្រជាជាតិ​ខ្នាត ១/១០០ ០០០ (​មួយ​លើ​មួយ​រយ​ពាន់​) សម្រាប់​ធ្វើជា​មូលដ្ឋាន​ដាក់​នៅ​លើ​ផែនទី​ដែល​អត់​មាន​ខ្សែ ដើម្បី​ផ្ទៀងផ្ទាត់​លើ​ដី​ជាក់ស្តែង​។ លោក​មានប្រសាសន៍ថា​៖ «​ពួកយើង​អត់​យល់​អី​ទាំងអស់ ចេះ​តែ​យល់​ថា ផែនទី​អត់​ខ្សែ​[​ជា​]​ផែនទី​ស ដូច​ភ្នំពេញ​ប៉ុស្តិ៍​ឆ្កួត​ដាក់​នេះ​ដាក់​នោះ​ស្រេច​តែ​ចិត្ត​វា វា​អត់​ដឹង​ខ្យល់​អី​សោះ អត់​មាន​ទេ ផែនទី​អត់​មាន​ខ្សែ​ព្រំដែន​ដើម្បី​យើង​យក​គូស​ចំលង​ពី​ផែនទី​បោន​(​ផែនទី​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​) មក​ផែនទី​ហ្នឹង បើ​មាន​ខ្សែ​ហើយ យើង​គូស​ចំលង​យ៉ាងម៉េច វា​មិន​ជាន់គ្នា​ហើយ​?»​។​

​តែ​កាលពី​ម្សិលមិញ​លោក វ៉ា គឹមហុង ថ្លែង​ក្នុង​សន្និសីទ​ថា ការធ្វើ​កិច្ច​ព្រំដែន​គឺ​ត្រូវការ​ប្រើប្រាស់​ផែនទី​ស ។ លោក​បញ្ជាក់ថា​៖ «​នៅ​ឆ្នាំ​២០០៧​ខ្ញុំ​សុំ​ឲ្យ​វៀតណាម បោះពុម្ភ​ផែនទី​៦​ផ្ទាំង ដើម្បី​យកមក​ប្រើ​កិច្ចការ​ហ្នឹង ខ្ញុំ​សូមជម្រាបថា ខ្ញុំ​ឲ្យធ្វើ​ហ្នឹង​មាន​ចែង​ក្នុង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រួចហើយ​ថា​យើង​ធ្វើ​ព្រំដែន​ហ្នឹង គឺ​យើង​ត្រូវការ​ផែនទី​ស ដើម្បី​យើង​គូស​ចម្លង ដើម្បី​យក​ផែនទី​បោន ១/១០០ ០០០ អា​ផែនទី​ព្រំដែន ដែល​យើង​សុំ​ឲ្យ​វៀតណា​មគូស​ចម្លង​នេះ ជា​ផែនទី​ស ឥត​មាន​ខ្សែ​ព្រំដែន​ទេ​»។

​សម្រាប់​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ប្រទេស​កម្ពុជា ដែល​មូលដ្ឋាន​នៅ​ប្រទេស​បារាំង លោក ស៊ាន ប៉េង​សែ មានប្រសាសន៍​ដោយ​សើច​តិចៗ ហើយ​និយាយ​ថា​តាម​ការយល់ដឹង​របស់​លោក នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​គឺ​មិនមាន​ផែនទី​ស​ទេ គឺមាន​តែ​តំបន់ស នៅតាម​ព្រំដែន​ដែល​មិន​បាន​បោះបង្គោល​កំណត់​ជាក់លាក់។ លោក​មានប្រសាសន៍ថា​៖ «​យី​! អត់​ដឹង​ដែរ ផែនទី​ស​? មានតែ​តំបន់ស​។ គាត់​បញ្ចេញ​មកពីណា​មក​អាហ្នឹង​? ខ្ញុំ​មិនដែល​ឮ​ផែនទី​ស​ទេ ធ្លាប់​ឮ​តែ​តំបន់ស​»។​

លោក វ៉ា គឹមហុង បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ផែនទី​ដែល​លោក​ចម្លង​យកមក​ប្រើប្រាស់​ដើម្បី​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម គឺជា​ផែនទី​សម័យ​សង្គមរាស្ត្រនិយម ដែល​បាន​យក​ទៅ​តម្កល់​ទុក​នៅ​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ​១៩៦៤ ។​

​ប៉ុន្តែ​លោក ស៊ាន ប៉េង​សែ អះអាងថា ការបោះបង្គោល​ព្រំដែន​កម្ពុជា​វៀតណាម នៅពេល​បច្ចុប្បន្ន​គឺ ប្រើ​ផែនទី​ដែល​បង្កើតឡើង​ដោយ​វៀតណាម ។ លោក ស៊ាន ប៉េង​សែ មានប្រសាសន៍ថា កម្ពុជា​ត្រូវ​យក​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ និង​ទទួលស្គាល់​ដោយ​អាណានិគម​បារាំង និង​ត្រូវបាន​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​គឺ​ផែនទី​ដែល​មាន​ខ្នាត​១/១០០.០០០ មក​ធ្វើការ​ផ្ទៀងផ្ទាត់​ជាថ្មីទៀត លើ​ការបោះបង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​ដែល​ស្ថិត​ក្នុង​ភាពចម្រូងចម្រាស​៕



ប្រភព៖ ដោយ ឡាយ សា​មាន​ | ថ្ងៃសុក្រ ទី3 កក្កដា 2015, 05:38 PM​
http://vodhotnews.com
​សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

0 comments:

Post a Comment

Powered by Blogger.