ព័ត៌មានអន្តរជាតិ

ICJ ចាប់ផ្ដើមបើកសវនាការ ករណីជម្លោះដែនសមុទ្រចិនភាគខាងត្បូង​

តំបន់​កោះស្កាបូរ៉ូ​ ដែល​ហ្វីលីពិនបាន​ប្តឹងទៅតុលាការ ICJ ថាចិន​រំលោភយក (រូបថត៖ Reuters)

តុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ចាប់ផ្ដើម​បើកសវនាការ ករណីជម្លោះព្រំដែនសមុទ្រតាមបណ្ដឹងរបស់ប្រទេសហ្វីលីពីន ដែលបានប្ដឹងតវ៉ាថា ប្រទេសចិនបាន រំលោភឈ្លានពានដែនទឹករបស់ខ្លួន ។

បណ្ដឹងរបស់ប្រទេសហ្វីលីពីន បានប្ដឹងប្រទេសចិនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ នៅឆ្នាំ២០១៣ ដោយចោទក្រុងប៉េកាំងថា​បានចូលមកទន្ទ្រានលើប្រជុំកោះស្កាបូរ៉ូ ដែលជា​បណ្ដាញនៃប្រជុំកោះស្ព្រាតលី។ ប្រទេសហ្វីលីពីន ប្ដឹងចិនដោយយោងលើច្បាប់សមុទ្ររបស់អង្គការ​សហ​ប្រជា​ជាតិ​ឆ្នាំ១៩៨២ ដែលកំណ​ត់ថា ដែនទឹកប្រទេសជិតតំបន់ជម្លោះជាងគេ ជារបស់ប្រទេសនោះ ហើយគេ​គិតត្រឹម២០០គីឡូម៉ែត្រ​​មកច្រាំងរបស់ប្រទេសនីមួយៗ។

បើតាមការអះអាងរបស់ប្រទេសហ្វីលីពីន កោះស្កាបូរ៉ូ មានចំងាយជិត២០០គីឡូម៉ែត្រពីប្រទេស ហើយបើគិតពីប្រទេសចិន គឺជិត៦០០គីឡូម៉ែត្រ។

ប្រទេសហ្វីលីពីនបានចោទចិនចូលលុកលុយដែនកោះរបស់ខ្លួន តាំងពីឆ្នាំ១៩៩៩ តែបានតវ៉ាក្នុង​ក្រប​ខ័ណ្ឌការទូតជាហូរហែរ ហើយនៅឆ្នាំ២០១៣ទើបក្រុងម៉ានីលសម្រេចប្ដឹងជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ។

ប្រទេសចិនបានប្រកាន់ជំហរថា ខ្លួននឹងច្រានចោលសេចក្ដីសម្រេចរបស់ ICJ បើសម្រេចឲ្យចិនចាញ់ក្ដី ឬក៏ចាញ់ប្រៀបប្រទេសហ្វីលីពីន។ ជាមួយគ្នានេះ អ្នកជំនាញច្បាប់អន្តរជាតិ ព្រមានថា សេចក្ដីសម្រេចរបស់ ICJ នឹងមានប្រសិទ្ធតិចតួចលើប្រទេសចិន ប៉ុន្តែអាចអនុវត្តមានប្រសិទ្ធភាព លុះត្រាតែក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិចូលអន្តរាគមន៍ រឿងក្ដី។ យ៉ាងណាក៏ដោយ ចិននៅ​មាន​សិទ្ធបោះឆ្នោតជំទាស់ ក្នុងនាមជាសមាជិកអចីន្ត្រៃយ៍មួយរបស់ក្រុមប្រឹក្សាពិភពលោកនេះ។

ប្រទេសវៀតណាមក៏បានប្រកាសថា ចិនបានឈ្លានពានដែនទឹករបស់ខ្លួន នៅប្រជុំកោះប៉ារ៉ាសែល និងស្ព្រាតលី ហើយក្រុងហាណូយក៏បានគម្រាងថានឹងប្ដឹងចិនទៅកាន់ ICJ ដែរ៕ 

0 comments:

Post a Comment

Powered by Blogger.