ព័ត៌មានអន្តរជាតិ

​វិភាគ​៖​ អតីត​បុរស​ខ្លាំង​ស្រីលង្កា​ទំនង​នឹង​ដាក់​ឲ្យ​ប្រឈម​បទឧក្រិដ្ឋ​ជាច្រើន បើ​ចាញ់ឆ្នោត​ម្ដងទៀត​​


លោក ម៉ា​ហ៊ី​ន​ដា ​រ៉ៃ​យ៉ាប៉ា​សែក កាលពី​នៅធ្វើ​ជា​ប្រធានាធិបតី​ស្រីលង្កា​ (រូបថត៖ Reuters)


អតីត​បុរស​ខ្លាំង​ស្រីលង្កា​ អាច​នឹង​ត្រូវ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ជាច្រើន​ ករណី​ដែល​លោក​បាន​ដឹកនាំប្រទេស​រយៈពេល​១០​ឆ្នាំ ដែល​ក្នុងនោះរួម​មាន​ បទឧក្រិដ្ឋ​កម្មប្រឆាំង​មនុស្សជាតិ ករណី​ពុករលួយ និង​បំពាន​អំណាច​រដ្ឋជាដើម។​

​អតីត​ប្រធានាធិបតី​ស្រីលង្កា​ ម៉ា​ហ៊ី​ន​ដា ​រ៉ៃ​យ៉ាប៉ា​សែក ​ជា​មេដឹកនាំ​ឈ្នះ​សង្គ្រាមស៊ីវិលលើសហគមន៍​ខ្លា​តាមិ​ល ប៉ុន្តែអង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិរកឃើញថា កងទ័ព​របស់​លោកបានរំលោភ​សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយសារកងទ័ព​បាន​ដុត​លំនៅដ្ឋាន អ្នកស្រុកអស់​រាប់ពាន់សម្លាប់​អ្នកទោស​សង្គ្រាម កែន​កុមារ​ឲ្យ​កាន់​អាវុធ ធ្វើ​ទា​រុណ​កម្ម និង ចាប់រំលោភ​ស្ត្រីភេទជាដើម​។​

​ក្រោយ​ពី​ប្រទេស​នេះ​បញ្ចប់​សង្គ្រាម​ស៊ីវិល ​ដែល​កើតឡើង​ជិត​បី​ទសវត្ស កាលពី​ឆ្នាំ​២០០៩ អង្គការសហប្រជាជាតិ​បានទាមទារ​ឲ្យ​នាំ​ខ្លួន​ពួកឧ​ត្ត​ម​សេនីយ៍​របស់លោក​ ម៉ា​ហ៊ី​ន​ដា​រ៉ៃ​យ៉ាប៉ា​សែក​ មក​ប្រឈមមុខនឹ​ង​​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​​ ដោយ​ឲ្យ​ស្ថិតនៅក្រោម​តុលាការ​ពិសេស​មួយ​របស់​អង្គការសហប្រជាជាតិ ​ប៉ុន្ដែ​លោក ​ម៉ា​ហ៊ី​ន​ដា​រ៉ៃ ​យ៉ាប៉ា​សែក ​បដិសេធ​ហើយ​ចាត់ទុកការទាមទារ​របស់​អង្គការ​ពិភពលោក​នេះ ​គឺជា​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ស្រីលង្កា​ ហើយ​ចាប់ពីពេលនោះ​មក​តុលាការ​នេះ​មិន​មាន​រូបរាង​ឡើយ​។​

នៅក្រោម​ការដឹកនាំ​របស់​ប្រធានា​ធីបតី​ថ្មី ​លោក ប៉ា​ទ្រី​ សេរី​សេនា អង្គការសហប្រជាជាតិ​ក៏​បាន​ជំរុញ​ម្ដង​ទៀត​ឲ្យ​បង្កើត​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នេះ​ឡើង ​ហើយ​នាំ​ជនឧក្រិដ្ឋ​មក​ផ្ដន្ទាទោស ​ប៉ុន្ដែ​សមាជិកសភា​ភាគច្រើន​របស់​លោក ​ម៉ា​ហ៊ី​ន​ដា ​រ៉ៃ​យ៉ាប៉ា​សែក ​បោះឆ្នោត​ជំទាស់​ដោយ​ធ្វើឲ្យ​លោក​ប្រធានាធិបតីថ្មីនេះ ​រំលាយ​សភា​ដោយ​តម្រូវឲ្យមាន​ការបោះឆ្នោ​ត​ឡើងវិញ​។​

​ការបោះឆ្នោត​ដែល​គ្រោង​ធ្វើឡើង​នៅ​ខែ​សីហា ​ត្រូវ​គេ​រំពឹងថា​ ជា​ការត្រួសត្រាយ​ផ្លូវ​ឲ្យ​ប្រធានា​ធីបតី ​សេរីសេនា​ បង្កើត​តុលាការ​ឧក្រិដ្ឋ​កម្មសង្គ្រាម​នៅ​ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​សហប្រជាជាតិ​ ប្រសិនបើ​គណបក្ស ​UNP ​របស់លោក ប៉ា​ទ្រី​ សេរី​សេនា មាន​សំលេង​ច្រើន​នៅក្នុង​សភា ​ហើយ​ពេល​នោះ​ឧត្តមសេនីយ៍​មួយចំនួ​ន ​រួម​ទាំង​លោក​ ម៉ា​ហ៊ី​នដា​ រ៉ៃ​យ៉ាប៉ា​សែក ផង​ដែរ​អាច​នឹង​ត្រូវ​ដក​អភ័យ​ឯក​សិទ្ធិ​សភា ​ដើម្បី​នាំ​មក​ប្រឈម​មុន​នឹង​បទល្មើស​ដែល​បាន​ប្រព្រឹត្ត​។​

​អ្នកវិភាគ​ម្នាក់ ​គឺ​លោក​ Sehan Semage​ និង​ជា​សមាជិក​សភា​វ័យក្មេង​នៃ​ប្រទេសស្រីលង្កា​ បាន​ផ្ដល់​បទ​សម្ភាសន៍​ខ្លី​មួយ​ ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters ​ថា​ការបោះឆ្នោត​សភា​ខែ​សីហា​ នឹង​ធ្វើឲ្យ​មាន​ការប្រែប្រួល​អំណាច​របស់​ប្រធានាធិបតី​ សេរី​សេនា​ ប៉ុន្ដែ​លោក​ព្រមាន​ថា​ សង្គម​ស្រីលង្កា​ក៏​ងាយ​បែកបាក់​ដែរ ​ប្រសិនបើ​ការបង្កើត​សាលាក្ដី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ធ្វើឡើង​ដោយ​មិន​គិត​អំពី​ការផ្សះផ្សារ​ជាតិ​ជា​មុន​នោះ​។​

​តែ​នៅ​ជាមួយគ្នា​នេះ​ អ្នកវិភាគ​វ័យក្មេង​មួយ​នេះ​និយាយថា ​អតីត​បុរស​ខ្លាំង​ ម៉ា​ហ៊ី​ន​ដា ​រ៉ៃ​យ៉ាប៉ា​សែក ក៏​ប្រឈមមុខ​នឹង​ឧក្រិដ្ឋ​កម្ម​មួយចំនួនទៀត​ដែរ​ ដូចជា​ករណី​ពុករលួយ​ជាដើម​។ ​លោក​ត្រូវបាន​រកឃើញ​ថា កិប​កេងមូលនិធិ​របស់​រដ្ឋជាង​១០០០​លាន​ដុល្លារ ហើយខណៈ​នេះប្អួនប្រុស​ម្នាក់របស់​លោក​ដែល​ធ្លាប់ជារដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ ត្រូវបាន​ចាប់ឃុំខ្លួន ដោយសារ​តែ​កឹបកេងថវិការដ្ឋរាប់​សិប​លាន​ដុល្លារ​អាមេរិក​។

​អ្នកវិភាគ​ម្នាក់​ទៀត​ លោក ​Kusal Perera​ នាយក​មជ្ឈមណ្ឌល​សង្គម​ប្រជា​ធិបតេយ្យ ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​កូឡាំបូ​មើលឃើញ​ថា​ ការ​បោះឆ្នោត​ខែសីហា​បើ​មិន​មាន​គណបក្ស​ណាមួយ​ឈ្នះ​ឆ្នោត​បាន​សំលេង​ភាគច្រើន​ទេ​នោះ​ គឺ​គណៈរដ្ឋមន្ត្រី​នឹង​ត្រូវ​បង្កើតឡើង​ដោយ​រូបភាព​នៃ​រដ្ឋាភិបាលចម្រុះ ហើយ​ពេលនោះ​លោក​ ម៉ា​ហ៊ី​ន​ដា ​រ៉ៃ​យ៉ាប៉ា​សែក​​​ ទំនង​នឹង​គេចផុត​ពី​ការកោះហៅ​ឡើង​តុលាការ​។​

​សភា​ប្រទេ​សស្រីលង្កា​មាន​២២៥​អាសនៈ ​រីឯ​គណបក្ស​ដែល​ធ្លាប់​ប្រកួតប្រជែង​ហើយ​ទទួលបាន​អាសនៈ​គឺ​មាន​មិន​ដល់​១០​នោះទេ។ ការបោះឆ្នោត​ថ្ងៃ​១៧ ខែ​សីហា គឺជា​ការបោះឆ្នោត​សភា ហើយ​គណបក្ស​ដែល​ឈ្នះឆ្នោត​នឹង​ក្លាយ​ជា​គណបក្ស​ដឹកនាំ​គណៈរដ្ឋមន្ដ្រី​។​

​នៅក្នុង​ការបោះឆ្នោត​សភា​កាលពី​ឆ្នាំ​២០១០ គណបក្ស​សម្ព័ន្ធ​សេរី​រួបរួម​ប្រជាជន​(UPFA) ​របស់​អតីត​ប្រធានាធិបតី រ៉ៃ​យ៉ាប៉ា​សែក ទទួលបាន​១៤៤​អាសនៈ គណបក្ស​កំពុងកាន់​អំណាច​របស់​នាយករដ្ឋមន្ត្រី Ranil Wickremesinghe និង​ប្រធានាធិបតី សេរី​សេនា ទទួលបាន​៦០​អាសនៈ គណបក្ស​សម្ព័ន្ធជាតិ​តា​មី​ល (TNA) ទទួល​១៤​អាសនៈ​ហើយ គណបក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​ទទួលបាន៧​អាសនៈ ៕

ប្រភព៖ VOD

0 comments:

Post a Comment

Powered by Blogger.