![]() |
កញ្ញាសាសា និងឧកញ៉ា សុខ ប៊ុន(រូបភាពឧកញ៉ាពីហ្វេសប៊ុក) |
ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទ កាលពីយប់ថ្ងៃទី៨ ខែកក្កដា ក្រោយបែកធ្លាយវីដេអូវាយតប់យ៉ាងចាស់ដៃពីសំណាក់លោកឧកញ៉ា សុខ ប៊ុន កញ្ញា ឯក សុជាតា ហៅសាសា ដែលអ្នកណាក៏ស្គាល់ថាជាអតីតពិធីការិនីទូរទស្សន៍CTNបានប្រាប់VOD ថាគ្មានការដកពាក្យបណ្ដឹងនោះទេ បើទោះជាភាគីខាងជនបង្កហេតុបានសុំសម្រុះសម្រួល នាពេលនេះ។ យ៉ាងណាក៏ដោយ នាងនៅមិនទាន់ដឹងថាសំណុំរឿងរបស់ខ្លួននឹងមានដំណោះស្រាយ បែបណានៅឡើយទេ។
អតីតពិធីការិនីរូបនេះនិយាយថារឿងហេតុដែលបានកើតឡើង គឺតាំងពីយប់ថ្ងៃ១ ឈានចូលព្រឹកថ្ងៃទី២ ខែកក្កដានោះម្ល៉េះ ប៉ុន្តែមកពីការដាក់ពាក្យបណ្ដឹងមិនទទួលបានប្រតិកម្មតបតាម ការចង់បាន ទើបនាំឲ្យមានការដាក់ពាក្យបណ្ដឹងជាថ្មី និងបង្ហោះវីដេអូឃ្លីបធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ សាសានិយាយថា៖«គ្រាន់តែកើតហេតុភ្លាម ខ្ញុំទៅប្ដឹងនៅការិយាល័យព្រហ្មទណ្ឌនៅក្រសួងមហាផ្ទៃភ្លាម កាលពីព្រឹកថ្ងៃទី២ កក្កដា វេលាម៉ោង៨ព្រឹក ប៉ុន្តែពួកគាត់អត់ឃើញហៅខ្ញុំទៅដោះស្រាយអីទេ ទើបប៉ាខ្ញុំគាត់ទៅប្ដឹងម្ដងទៀត ហើយក្រោយពីបានបង្ហោះវីដេអូឃ្លីបហ្នឹង ទើបឃើញថាមានការភ្ញាក់ផ្អើល!»។
នាងទទួលស្គាល់ហេតុការណ៍ដែលនាំឲ្យកើតជម្លោះ គឺបណ្ដាលមកពីកំហុសពាក្យសម្ដីម្ខាងៗ ប៉ុន្តែនាងយល់ថាអំពើហិង្សាដែលជនល្មើសបានបង្កចំពោះខ្លួន គឺមិនអាចទទួលយកបាន ទើបគ្មានការសម្រុះសម្រួល។ ក្នុងពេលកើតរឿង នាងមិនបានដឹងថាបុរសដែលបានបង្កហេតុ គឺជាឧកញ៉ានោះទេ គឺរហូតទាល់តែចប់សព្វគ្រប់ ទើបមានការបញ្ជាក់ថាលោក គឺជាឧកញ៉ាសុខ ប៊ុន ដែលជាអ្នកជំនួញវ៉ាល់លាន និងមានក្រុមហ៊ុនរាប់មិនអស់ក្នុងដៃ។ ទោះយ៉ាងណាក៏ដោយ នាងអះអាងថាមិនខ្លាចចំពោះសុវត្ថិភាពនោះទេ គឺនៅតែរក្សាជំហរបន្តពាក្យបណ្ដឹងរហូតជនដែលបង្កស្នាម របួសចំពោះខ្លួន ទទួលទោសតាមច្បាប់។ អតីតតារារូបនេះនិយាយថា៖ «ក្រោយពេលដឹងថាខ្ញុំដាក់ពាក្យបណ្ដឹង ខាងគាត់សុំសម្រួល ប៉ុន្តែប៉ាខ្ញុំគាត់ដាច់ខាតអត់ទទួលទេ ជាក់ស្ដែងពេលគាត់បានមើលវីដេអូឃ្លីបហ្នឹងហើយ គាត់កាន់តែពុះកញ្ជ្រោលចង់រកខុសរកត្រូវ ព្រោះវាសាហាវពេក ឥឡូវហ្នឹងខ្ញុំបានឆ្លើយទៅគាត់(អ្នកទាក់ទងសម្រួល)ថាបើចង់ សម្រួលទៅសម្រួលជាមួយប៉ាខ្ញុំទៅ ហើយខ្ញុំនិយាយអញ្ចឹងព្រោះខ្ញុំដឹងថាប៉ាខ្ញុំគឺគាត់អត់ដាច់ ខាតសម្រាប់រឿងហ្នឹង!»។
នាងមិនបានបញ្ជាក់ពីការទាមទារសំណងនៅក្នុងពាក្យបណ្ដឹងនោះទេ ដោយគ្រាន់តែអះអាងថាត្រូវការឲ្យជនបង្កហេតុ និងបក្សពួកទទួលទោសតាមច្បាប់ ឲ្យសមនឹងទង្វើព្រៃផ្សៃដមកលើរូបនាងដែលជាពលរដ្ឋម្នាក់។ នាងលើកឡើងថា«ខ្ញុំអត់និយាយរឿងជំងឺចិត្តអីទេ សុំឲ្យតែកាត់ទោសគាត់តាមច្បាប់សិនឥឡូវហ្នឹង!»។
មកដល់ពេលនេះ បណ្ដឹងរបស់នាងបានធ្លាក់ដល់ដៃតុលាការហើយ ដោយលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ទើបនឹងបានចេញដីកាកោះហៅលោកឧកញ៉ា សុខ ប៊ុន ប្រធានក្រុមហ៊ុនTEHO Development និងជាប្រធានសមាគម អ្នកវាយតម្លៃអចលនវត្ថុកម្ពុជា ដែលអ្នកណាក៏ដឹងថាបានបោះទុនរង្វង់៥០០លានដុល្លារ សង់ក្រុងរណបនៅជ្រោយចង្វា ឲ្យចូលខ្លួនបំភ្លឺ កាលពីថ្ងៃទី៨ កក្កដា។ យ៉ាងណាក៏ដោយ លោកមិនបានចូលខ្លួនតាមការកោះអញ្ជើញនោះទេ ដោយបន្តលាក់ខ្លួន មិនទាន់អាចទាក់ទងបាននោះទេ។ នេះបើយោងតាមការអះអាងរបស់មន្ត្រីនគរបាលព្រហ្មទណ្ឌ ដែលសុំមិនបញ្ចេញឈ្មោះ។
ពាក់ព័ន្ធនឹងមូលហេតុដែលនាំមានរឿងវាយតប់នោះ កញ្ញា សាសា ប្រាប់ថាខ្លួនបានទៅលេងក្នុងហាងផឹកស៊ីរបស់មិត្តភ័ក្រ្តជាជន ជាតិជប៉ុននៅកោះពេជ្រ កាលពីយប់ថ្ងៃទី១ ខែកក្កដា ឈានចូលថ្ងៃទី២ កក្កដា ហើយក៏បានជួបលោកឧកញ៉ា សុខ ប៊ុន និងបក្សពួកទៅផឹកស៊ីនៅទីនោះ។ បុរសដៃដល់បានហៅមិត្តភ័ក្រ្តរបស់នាងជាម្ចាស់ហាងឲ្យនៅ អង្គុយផឹកស៊ីជាមួយ លុះដល់ស្រវឹងក៏អូសដៃនាងឲ្យចេញទៅក្រៅជាមួយខ្លួន ប៉ុន្តែក្រោយមិត្តភ័ក្រ្តនាងប្រកែកក៏នាំគ្នាបើកឡានចេញទៅ។ កញ្ញាបន្តថាប្រមាណតែបួនដប់នាទីប៉ុណ្ណោះ ពួកគាត់ក៏ត្រឡប់មកវិញ ហើយចាប់អូសដៃមិត្តភ័ក្រ្តនាងដែលជាជនជនជាតិជប៉ុនទាំងបង្ខំ ឲ្យចេញពីហាង ទើបបណ្ដាលឲ្យមានទាក់ពាក្យសម្ដីជាមួយនាងដែលចូលមក ឃាត់។ កញ្ញាបន្ថែមថាក្នុងពេលនោះ អង្គរក្សរបស់លោកសុខ ប៊ុន ក៏បានស្រែកជេរនាងថា«ង៉ែងចេះអី មីចុយម្រាយមិចង៉ែងចង់ងាប់អ្ហី!»ទើបបណ្ដាលឲ្យកើតជាជម្លោះដាក់គ្នា។
សាសានិយាយថា«ពេលតៃកុងឡានគាត់ជេរម្រាយខ្ញុំ ខ្ញុំថាពូឯងជេរត្រឹមខ្ញុំបានហើយ មិចចាំបាច់ជេរដល់ម្រាយខ្ញុំ គាត់មិនត្រឹមតែមិនឈប់ទេ គឺកាន់តែជេរខ្ញុំ និងគំរាមខ្ញុំ ទើបខ្ញុំខឹងហើយគប់ទូរស័ព្ទចោល...បើមើលក្នុងវីដេអូ ឃ្លីបគឺដូចខ្ញុំគប់ទៅគាត់អញ្ចឹង ប៉ុន្តែខ្ញុំគប់ទៅលើសាឡុងទេ ហើយឧកញ៉ានោះក៏ស្ទុះមកបោចសក់ខ្ញុំ និងទាត់ធាក់ខ្ញុំតែម្ដង គាត់ថាខ្ញុំព្រហើន!»។
សារព័ត៌មានFresh News កាលពីថ្ងៃពុធបានដកស្រង់សម្តីរបស់មេធាវីលោក សុខ ប៊ុនថា«លោក ឧកញ៉ា សុខ ប៊ុន មិនដែលបានស្គាល់អតីតពិធីការិនីស៊ិចស៊ីសាសា ពីមុនមក នោះទេ នៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ ដែលជាថ្ងៃកើតហេតុ ឧកញ៉ា សុខ ប៊ុន ត្រូវបានមិត្តភក្តិហៅទៅស្រស់ស្រូបអាហារកម្សាន្តជុំគ្នាក្នុងហាងមួយកន្លែង នៅម្តុំកោះពេជ្រ ដោយមិនមានវត្តមានកញ្ញា សាសា នោះទេ។ លុះដល់ម៉ោងកើតហេតុ គឺម៉ោងជាង១រំលងអាធ្រាត្រ គ្រាដែលឧកញ៉ា សុខ ប៊ុន កំពុងនិងនាំនារីជប៉ុនម្នាក់ដែលជានារីកំណាន់ចិត្តរបស់ឧកញ៉ា ហើយមានអាការៈស្រវឹងទ្រេត ចាកចេញពីកន្លែងស្រស់ស្រូបអាហារកម្សាន្តសប្បាយនោះ ស្រាប់តែលេចមុខកញ្ញាសាសា មកដល់កន្លែងកើត ហេតុជាមួយនឹងអាការៈស្រវឹងផងដែរ។ សារព័ត៌មានបន្តថាកញ្ញា សាសាបានព្យាយាមរារាំងមិនឲ្យឧកញ៉ា សុខ ប៊ុន នាំនារីជនជាតិជប៉ុនចេញពីសាឡុងឡើយ ហើយថែមទាំងប្រើពាក្យគំរោះគំរើយមួយចំនួនទៀតទៅលើឧកញ៉ា សុខ ប៊ុន។ តាមរយៈការដកស្រង់សម្តី សារព័ត៌មានបន្តថា«ជាមួយការប្រើពាក្យសម្តី ប្រមាថកាតទៀនទៅលើឧកញ៉ា សុខ ប៊ុន ហើយនោះសាសាក៏បានទាញទូរស័ព្ទរបស់ខ្លួនគប់ទៅលើឧកញ៉ាថែមទៀត (ដូចមានក្នុងវីដេអូស្រាប់)»។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ បានសរសេរនៅលើហ្វេសប៊ុករបស់លោកស្រីពាក់ព័ន្ធនឹងហិង្សានេះថា៖«ការប្រើ អំពើហិង្សាប្រឆាំងស្ត្រី គឺមិនអាចទទួលយកបានជាដាច់ខាត ហើយត្រូវតែដោះស្រាយដោយច្បាប់។ មិនគួរអនុុញ្ញាតិឲ្យគ្រាន់តែទទួលសំណង ហើយអនុញ្ញាតឲ្យអ្នកប្រព្រឹត្តបទឧក្រិដ្ឋមានសេរីភាពឡើយ»។
គួរបញ្ជាក់ថាបើយោងតាមសៀវភៅព្រះរាជកិច្ច ឧកញ៉ា សុខ ប៊ុន ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានងារជាឧកញ៉ា កាលពីឆ្នាំ២០១០។
ប្រភព៖ VOD
សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com
0 comments:
Post a Comment