កីឡាសុខភាព

Floyd ត្រូវ​បាន​ដក​ហូត​​ខ្សែក្រវាត់​ដែល​ឈ្នះ​ពី Pacquiao​



ការ​ប្រកួត​រវាង​ Floyd និង​ Pacquiao កាល​ពី​ដើម​ខែ​ឧសភា (រូប​ពី​Wall Street Journal)



កីឡាករ​​ប្រដាល់ Floyd Mayweather ត្រូវបាន​ស្ថាប័ន​កីឡាប្រដាល់​ពិភពលោក WBO ដកហូត​យក​ខ្សែ​ក្រវាត់​ពិភពលោក​ក្នុង​ទម្ងន់​មធ្យម​ដែល​កីឡាករ​រូបនេះ​បាន​ឈ្នះ​ពី​កីឡាករ Manny Pacquiao កាលពី​ខែ​ឧសភា​កន្លង​ទៅ ដោយសារ Floyd មិន​បាន​គោរព​ទៅតាម​ច្បាប់​របស់​WBO ។​

​សារព័ត៌មាន​Telegraph របស់​អង់គ្លេស​បាន​ចុះផ្សាយ​នៅ​ថ្ងៃនេះ​ថា Floyd បាន​ខកខាន​ក្នុងការ​បង់​ប្រាក់​ចំនួន​២០០ ០០០​ដុល្លារ​អាមេរិក​សម្រាប់​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ជាមួយ Pacquiao កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា នៅ​ទីក្រុង Las Vegas ដែល​កីឡាករ​រូប​នេះ​ទទួលបាន​ប្រាក់​យ៉ាង​តិច​​២០០​លាន​ដុល្លារ​ពី​ការប្រកួត​នេះ។ WBO​បានកំណត់​ឲ្យ Floyd ត្រូវ​បង់ប្រាក់​នោះ​ត្រឹម​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ ច្បាប់​របស់​WBO ក៏​តម្រូវឲ្យ​ម្ចាស់​ខ្សែក្រវាត់​WBO ត្រូវ​បោះបង់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​ផ្សេង​ទៀត​ផង​ដែរ​។​

​នាពេល​បច្ចុប្បន្ន Floyd ក៏​ជា​ម្ចាស់​ខ្សែក្រវាត់ WBC​និង​WBA ផងដែរ​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​និង​ទម្ងន់​៦៦​គីឡូក្រាម​។​

WBO បានប្រកាសថា វា​ជា​ការផ្ទុយ​នឹង​ច្បាប់​សម្រាប់​អ្នក​ប្រដាល់​រូប​ណា​ដែល​គ្រង​តំណែង​ជើងឯក​ពិភពលោក​ក្នុង​ប្រភេទ​ទម្ងន់​ច្រើន​ផ្សេងគ្នា ហើយ Floyd ត្រូវតែ​សម្រេច​ថា​តើ​ទម្ងន់​ណា​ដែល​គាត់​ចង់​រក្សា​ទុក​។​

​គួរបញ្ជាក់​ថា ក្នុង​ការប្រកួត​ប្រចាំ​សតវត្សរ៍​កាលពីដើម​ខែ​ឧសភា Floyd​បាន​យក​ឈ្នះ​Pacquiao ដោយ​ពិន្ទុ​ឯកច្ឆន្ទ ដែល​ធ្វើឲ្យ​លោក​នៅតែ​អាច​រក្សា​កំណត់ត្រា​មិន​ដែល​ចាញ់​ដដែល (​ឈ្នះ​ទាំង​៤៨​លើក​និង​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​២៦​លើក​)៕

0 comments:

Post a Comment

Powered by Blogger.