ព័ត៌មានជាតិ

​ចំណូល​ពី​អង្គរ​ក្នុង​ឆមាស​ទី​១​បាន​ជាង​៣០​លាន​ដុល្លារ ថយ​ចុះ​ជិត​១​ភាគរយ​

ទេសចរទៅ​​ទស្សនា​ប្រាសាទអង្គរវត្ត​នា​ពេល​កន្លង​មក (រូបភាព៖ បូ សាវី)

អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យដឹងថាចំណូល​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ដ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៥​នេះ​បាន​ជាង​៣០​លាន​ដុល្លារ ថយ​ចុះ​ជិត​១​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤ ខណៈ​ចំនួន​អ្នក​មក​ទស្សនា​មាន​ការកើនឡើង ។​

​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​បង្ហាញថា ភ្ញៀវទេសចរ​បរទេស​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ក្នុង​ខែ​មិថុនា​មាន​ចំនួន១១៤ ០៦៦​នាក់ កើនឡើង​១៣,១៩​ភាគរយ​ធៀប​នឹង​ខែ​មិថុនា ឆ្នាំ​២០ ១៤​។ ឯ​ចំណូល​ដុល​នៅក្នុង​ខែ​មិថុនា​បាន​ចំនួន ៣ ១១២ ៦៦០​ដុល្លារ កើនឡើង ១០,៧៨​ភាគរយ​ធៀប​នឹង​ខែ​មិថុនា ឆ្នាំ​២០១៤ ។​

​របាយការណ៍​ឱ្យដឹងទៀតថា ចំណូល​ថវិកា​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​នៅ​ក្នុង​រយៈពេល​៦​ខែ​ក្នុង​ឆ្នាំ​២០១៥​នេះ​មាន​ចំនួន​សរុប៣០ ៩៤៨ ២៤០​ដុល្លារ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤​មាន​ការថយចុះ​០,៦៩​ភាគរយ ។ ចំណែក​ចំនួន​ភ្ញៀវ​ទិញ​ប័ណ្ណ​ចូល​ទស្សនា​មាន​ចំនួន ១ ០៨៤ ៤២៧​នាក់ កើនឡើង​១,៦១​ភាគរយ ។​

​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​លោក ឡុង កុសល មានប្រសាសន៍ថា ការ​ដែល​ប្រាក់​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​នេះ​មាន​ការថយចុះ ខណៈពេល​ដែល​ចំនួន​ភ្ញៀវ​ទេចរ​មាន​ការកើនឡើង​នោះ​គឺ​ដោយសារតែ​ក្នុង​ឆ្នាំ​នេះ​ភ្ញៀវ​ទេសច​រទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​រយៈពេល​ខ្លី​ច្រើន​ជាង​រយៈពេល​វែង ។

​ទោះយ៉ាងណា​ តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ជា​អនុប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា​លោក សុន ឆ័យ មានប្រសាសន៍ថា លោក​មិន​ជឿថា ចំណូល​ពី​ការលក់​ប័ណ្ណ​ទស្សនា​ប្រាសាទ​អង្គរ​នេះ​ត្រឹមត្រូវ​នោះ​ទេ​ដោយ​លោក​ថា ជា​ចំណូល​មិន​មាន​ភាព​តម្លាភាព ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​មិន​បាន​បង្ហាញ​ឯកសារ​បញ្ជាក់​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។ លោក​បន្ដថា លោក​នឹង​រៀបចំ​ដាក់​លិខិត​អញ្ជើញ​លោក សុខ អាន ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​មក​សាកសួរ​ពី​ករណី​ជួល​អង្គរវត្ដ​ទៅឱ្យ​ក្រុមហ៊ុន​បរទេស​និង​ពី​ភាពមិនប្រក្រតី​នៃ​ការលក់​សំបុត្រ​អង្គរ ព្រមទាំង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​ជា​ថ្មី​ទៀត​ក្នុងពេល​ឆាប់​នេះ​។

​សហប្រធាន​ក្រុមការងារ​អភិវឌ្ឍន៍​វិស័យ​ទេសច​រលោក ហូ វណ្ឌី សុំ​មិន​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​។​

​គួរបញ្ជាក់​ថា តម្លៃ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​សម្រាប់​ជនបរទេស​ចែកចេញ​ជា​៣ ប្រភេទ​គឺ តម្លៃ​២០​ដុល្លារ​សម្រាប់​រយៈពេល​១​ថ្ងៃ ៤០​ដុល្លារ​សម្រាប់​រយៈពេល​៣​ថ្ងៃ (​មាន​សុពលភាព​១​សប្ដាហ៍​) និង​៦០​ដុល្លារ សម្រាប់​រយៈពេល​៧​ថ្ងៃ (​មាន​សុពលភាព​១​ខែ​) ៕

ប្រភព៖ VOD
សូម​សរសេរ​មក​លោក បូ សាវី តាម​រយៈ savy@vodhotnews.com

0 comments:

Post a Comment

Powered by Blogger.