គណៈកម្មការជំនាញផ្នែកច្បាប់នៃរដ្ឋសភា កំពុងពិចារណាលើសេចក្ដីព្រាងច្បាប់ស្ដីពីអង្គការ-សមាគម ក្រោយពីបានប្រជុំផ្ទៃក្នុងជជែកដេញដោលនៅវិមានរដ្ឋសភាថ្ងៃទី១ ខែកក្កដា រួចមក។ ទោះបែបនេះក្តី ក្រោយកិច្ចប្រជុំតំណាងគណបក្សកាន់អំណាច និងបក្សប្រឆាំងនៅតែបង្ហាញជំហរផ្សេងគ្នាចំពោះសេចក្ដីព្រាងច្បាប់នេះដដែល។
ក្រោយការស្រាវជ្រាវគណៈកម្មការជំនាញទាំង៣ របស់រដ្ឋសភា អាចនឹងបង្វិលសេចក្ដីព្រាងច្បាប់ស្ដីពីអង្គការ-សមាគមទៅរដ្ឋាភិបាល ឬក៏រុញទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានៅពេលដ៏ខ្លីខាងមុខ។
អ្នកនាំពាក្យរដ្ឋសភាលោក ឈាង វុន ប្រាប់អ្នកសារព័ត៌មានក្រោយប្រជុំថា ខ្លឹមសារនៃកិច្ចប្រជុំនេះ មិនបានកែប្រែខ្លឹមសារច្បាប់ទេ គ្រាន់តែកែប្រែពាក្យពេចន៍ខ្លះៗប៉ុណ្ណោះ។ លោក ឈាង វុន បន្តថា ការបង្កើតច្បាប់នេះ ដើម្បីទប់ស្កាត់អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលចង់ឲ្យប្រទេសជាតិមានបញ្ហា។
លោក ឈាង វុន៖ "អង្គការរដ្ឋាភិបាលដែលមិនទាន់ចង់ឲ្យមានច្បាប់ ក៏ដូចជា គណបក្សសំឡេងភាគតិចដែលមិនចង់ឲ្យមាន ព្រោះគាត់មានផលប្រយោជន៍។ ទី១ គេឲ្យលុយគាត់មកសម្រាប់តែធ្វើអ៊ីចឹងតែម្ដង។ គោលបំណងរបស់គេ គឺរដ្ឋាភិបាលនៅកម្ពុជា ដែលបម្រើគោលនយោបាយរបស់គេទៅតាមយុទ្ធសាស្ត្រ គេហៅថា ភូមិសាស្ត្រនយោបាយតំបន់។ យើងអត់ទទួលយកបានទេ ព្រោះភូមិសាស្ត្រតំបន់ដែលគេចង់បាននោះ បានធ្វើឲ្យកម្ពុជា យើងរលាយពីឆ្នាំ១៩៧០ រហូត ១៩៧៩"។
កិច្ចប្រជុំបិទទ្វារនៃគណៈកម្មការទី៤ ទទួលបន្ទុកមហាផ្ទៃ ការពារជាតិ និងកិច្ចការសាធារណៈ គណៈកម្មការទី៥ ទទួលបន្ទុកកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន និងគណៈកម្មការទី៦ ទទួលបន្ទុកនីតិកម្ម និងយុត្តិធម៌ កំណត់យកថ្ងៃទី៨ ខែកក្កដា ខាងមុខ ដើម្បីនឹងបើកឲ្យមានការពិភាក្សាជាមួយសង្គមស៊ីវិលជាតិ អន្តរជាតិ និងអង្គទូតនានា ទាក់ទងច្បាប់នេះ។
ប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ សម្ដែងការសោកស្ដាយចំពោះសេចក្ដីព្រាងច្បាប់នោះ ព្រោះថា សេចក្ដីព្រាងច្បាប់ចុងក្រោយនេះ មានការរឹតបន្តឹងលើសង្គមស៊ីវិល។ ជាងនេះទៅទៀត លោក អ៊ូ វីរៈ ថា ការជជែកគ្នារវាងភាគីពាក់ព័ន្ធនៅថ្ងៃទី៨ ខែកក្កដា នឹងមិនទទួលបានលទ្ធផលល្អនោះទេ៖ "ជារឿងមួយដែលខ្ញុំសោកស្ដាយមែនទែន ព្រោះអីរដ្ឋាភិបាលហាក់ដូចជាមិនមានឆន្ទៈក្នុងការជជែកគ្នាពីរឿង ខ្លឹមសារច្បាប់អង្គការក្រៅរដ្ឋាភិបាល"។
ស្របពេលដែលរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បង្ហាញជំហរការពារសេចក្ដីព្រាងច្បាប់ស្ដីពីអង្គការ-សមាគមនេះ អង្គការក្រៅរដ្ឋាភិបាល សហជីព ប្រជាពលរដ្ឋ និងព្រះសង្ឃ ប្រឆាំងតវ៉ាស្ទើររាល់ថ្ងៃមិនឲ្យមានច្បាប់នេះ។
ទាក់ទងករណីនេះ តំណាងរាស្ត្រខាងគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន អះអាងថា អង្គការក្រៅរដ្ឋាភិបាលដែលប្រឆាំងនឹងច្បាប់នេះ ជាអ្នកដែលបានលុយពីប្រទេសម្ចាស់ និងចង់ធ្វើឱ្យកម្ពុជា មានភាពវឹកវរ ហើយធ្លាក់ចូលក្នុងវិបត្តិសង្គ្រាមដូចសម័យ ប៉ុល ពត។
សេចក្ដីព្រាងច្បាប់ស្ដីពីអង្គការ-សមាគម មាន ៩ជំពូក និង ៣៩មាត្រា បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានសម្រេចលុបចេញមាត្រាចំនួន២ ទាក់ទងនឹងថវិកាអង្គការ-សមាគម។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលបានចូលរួមផ្ដល់គំនិត និងអន្តរគណៈកម្មការសភា អះអាងថា សេចក្ដីព្រាងច្បាប់នេះ គឺចង់បិទសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិល ព្រោះក្រសួងមហាផ្ទៃ និងក្រសួងការបរទេស មានសិទ្ធិពិនិត្យរបាយការណ៍ ហើយក្រសួងមហាផ្ទៃ មានសិទ្ធិលុបឈ្មោះអង្គការ-សមាគមចោល។
តំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះបន្តថា ប្រសិនបើសេចក្ដីព្រាងច្បាប់នេះ មិនកែប្រែឲ្យស៊ីជម្រៅ គណបក្សសង្គ្រោះជាតិ នឹងមិនគាំទ្រនៅពេលអនុម័តនោះទេ៖ "ក្រសួងមហាផ្ទៃ ឬក្រសួងការបរទេសហ្នឹង មានសិទ្ធិលុបចេញពីបញ្ជីសម្រាប់អង្គការ សមាគមណាដែលមិនគោរពទៅតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង...។ ក្រសួងមហាផ្ទៃ ជាអ្នកចុះបញ្ជី ហើយក៏ជាអ្នកលុបឈ្មោះចេញពីបញ្ជីផងដែរ។ អ៊ីចឹងជាអ្នកទាត់បាល់ផង ជាអាជ្ញាកណ្ដាលផង ម៉េចត្រឹមត្រូវ?"។
ទោះបីជាយ៉ាងណាក្ដី លោក ឈាង វុន ថា នៅពេលមានច្បាប់នោះនឹងធ្វើឲ្យរដ្ឋាភិបាល និងសង្គមស៊ីវិល ក្លាយជាដៃគូពិត ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសគ្រប់ទីកន្លែង៕
ប្រភព៖ RFA
0 comments:
Post a Comment