តំណាងរាស្ដ្រគណបក្សសង្រ្គោះជាតិ១២រូប បានស្នើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យកបញ្ហាវៀតណាមរំលោភដីកម្ពុជាប្ដឹងទៅតុលាការអន្ដរជាតិ(ICJ) ក្រោមហេតុផលថាភាគីវៀតណាមមិនបានឆ្លើយតបនឹងកំណត់ទូតតវ៉ារបស់ក្រសួងការបរទេសកម្ពុជារហូតមកដល់ពេលនេះ។
យោងតាមលិខិតចុះថ្ងៃទី៣០ ខែមិថុនា និងត្រូវបានឆ្លងប្រធានរដ្ឋសភា លោក ហេង សំរិន ចារទទួលថ្ងៃទី២ ខែកក្កដា តំណាងរាស្ដ្របក្សប្រឆាំងបានលើកឡើងថាតំណាងរាស្ដ្រ ប្រជាពលរដ្ឋ យុវជននិងព្រះសង្ឃ បានរកឃើញថាវៀតតណាមបានសាងសង់ប៉ុស្តិ៍យោធាចូលទឹកដីកម្ពុជាប្រមាណ៣០០ម៉ែត្រ ដោយគិតពីព្រំដែនចាស់នៅព្រែកប៊ិញយី(ព្រែកស្បូង)ក្នុងភូមិព្រែកស្បូវ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្ដាល។ លិខិតបន្តថា កន្លងមក មន្ដ្រីទទួលបន្ទុកបញ្ហាព្រំដែន លោក វ៉ា គឹមហុង ធ្លាប់មានប្រសាសន៍ថាព្រំដែនកម្ពុជា-វៀតណាមកំណត់នៅពាក់កណ្ដាលទឹក ប៉ុន្តែព្រំដែនបណ្តោះអាសន្នតំបន់នោះស្ថិតនៅចម្ងាយជាង១០០ម៉ែត្រទៅ៣០០ម៉ែត្រពីព្រែកប៊ិញយី(ព្រែកស្បូវ)។ លិខិតបញ្ជាក់ថាតាមច្បាប់អន្ដរជាតិ ព្រំដែនត្រូវកំណត់ពាក់កណ្ដាលទឹក(ព្រែក)។
លិខិតឲ្យដឹងទៀតថារដ្ឋាភិបាលកម្ពុជាបានផ្ញើកំណត់ទូតចំនួនពីរលើកទៅស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជាឲ្យបញ្ឈប់ការសាងសង់ប៉ុស្ដិ៍យោធារបស់វៀតណាមដែរ ប៉ុន្ដែរដ្ឋាភិបាលវៀតណាមមិនបានឆ្លើយតបឡើយ ហើយថែមទាំងសាងសង់ប៉ុស្ដិ៍យោធានោះធំជាងមុនទៅទៀត។ តំណាងរាស្រ្តក៏បានលើកឡើងផងដែរថារដ្ឋាភិបាលកម្ពុជាក៏ផ្ញើកំណត់ទូតចំនួនពីរលើកទៅស្ថានទូតវៀតណាមឲ្យបញ្ឈប់ការជីកស្រះចំនួន៨កន្លែងក្នុងខេត្តរតនគិរី ប៉ុន្ដែវៀតណាមនៅមិនទាន់ឆើ្លយតប ឬលុបស្រះទាំងនោះតាមការស្នើរបស់រដ្ឋាភិបាលកម្ពុជាទៀត។
តំណាងរាស្រ្តបានបញ្ជាក់បន្ថែមថា៖«វៀតណាមបានរំលោភចូលទឹកដីកម្ពុជា ស្ទើរគ្រប់ទីកន្លែងនៅតាមព្រំដែន កម្ពុជា វៀតណាម។ សូមសម្ដេចនាយករដ្ឋមន្ដ្រី មេត្ដាពិនិត្យ និងប្ដឹងវៀតណាមទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ(ICJ)ពីបញ្ហារំលោភចូលទឹកដីកម្ពុជាដោយក្ដីអនុគ្រោះ»។
តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន មានប្រសាសន៍ថាមូលហេតុដែលលោកស្នើរដ្ឋាភិបាលប្ដឹងទៅតុលាការអន្ដរជាតិ ដោយសារលោកសង្កេតឃើញថា ការដោះស្រាយតាមការចរចានិង កំណត់ទូតមិនទទួលបានលទ្ធផល ហើយថាអាជ្ញាធរវៀតណាមនៅតែបន្ដឈ្លានពានយកដីកម្ពុជាដដែល។ លោកបន្តថារដ្ឋាភិបាលហាក់មិនហ៊ានប្ដឹងទៅតុលាការអន្ដរជាតិ ដោយសារខ្លាចគេដឹងថាខ្លួនប្រើប្រាស់ផែនទីក្លែងក្លាយ និងរដ្ឋាភិបាលជាប់ពាក់ព័ន្ធនឹងករណីវៀតណាមក្នុងអំឡុងឆ្នាំ១៩៨០។
លោកបញ្ជាក់ថា«ខ្ញុំសូមឲ្យប្ដឹងហ្នឹង មិនមែនសូមឲ្យគោរពដូចកាលឆ្នាំ១៩៨៥ ដូចកំណត់ទូកទៅកាន់ស្ថានទូតវៀតណាមនៅកម្ពុជាហ្នឹង ស្ដីអំពីការរំលោភឈ្លានពានទឹកដីខ្មែរយើងនៅតំបន់ ស្រុកអូរយ៉ាដាវ ខេត្តរត្ដនគិរីទេ គឺសូមឲ្យវៀតណាមគោរពទៅតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយគោរពទៅតាមសន្និសីទអន្ដរជាតិក្រុងហ្សឺណែវឆ្នាំ១៩៥៤ ដែលសន្និសីទហ្នឹងស្ដីអំពីបូរណភាពទឹកដីកម្ពុជា និងឯករាជ្យភាពកម្ពុជាផងដែរ ហើយសន្និសីទអន្ដរជាតិហ្នឹង ដែលគេសំដៅទៅលើផែនទីដែលបារាំងគូសនៅឆ្នាំ១៩៥២ ហើយដល់ឆ្នាំ១៩៥៤ ដែលតម្កល់នៅអង្គការសហប្រជាជាតិ»។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានរៀបចំសន្និសីទសារព័ត៌មានមួយតាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបង្ហាញផែនទីកំណត់បង្គោលព្រំដែន ដែលបក្សប្រឆាំងចោទថារដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ។ លោក វ៉ា គឹមហុង បានទទួលស្គាល់ថាដីខ្មែរនៅតាមព្រំដែនច្រើនកន្លែងត្រូវបានវៀតណាមកំពុងធ្វើស្រែឬចម្ការ ប៉ុន្តែលោកថាដីទាំងនោះនឹងបានមកលើកម្ពុជាវិញនៅពេលភាគីទាំងពីរសម្រេចបោះបង្គោលព្រំដែនចប់សព្វគ្រប់។
លោកមានប្រសាសន៍ថា៖«កន្លែងនេះយើងដឹងថាវៀតណាមធ្វើស្រែចូលដីយើង យើងដឹងហើយធ្វើយូរហើយ តាមគោលការណ៍ថ្ងៃ១៧ ខែមករា ឆ្នាំ១៩៩៥ អ្នកណាអ្នកណាធ្វើនៅឯណានៅទីហ្នឹង យើងអត់ទុកឲ្យគេទេ លុះត្រាតែយើងបោះបង្គោលខណ្ឌសីមារួច ធ្វើបែបបទបែបបច្ចេកទេសហើយ គេប្រគល់ដីហ្នឹងមកឲ្យយើងវិញ និងបើតាមគោលការណ៍ឯកភាពគ្នា មិនថាត្រឹមថាខេត្តស្វាយរៀងទេ ខេត្តណាទៀតក៏អញ្ចឹងដែរ នៅតាកែវក៏និយាយអញ្ចឹង នៅកំពង់ចាមក៏អញ្ចឹង យើងមានចម្ការកៅស៊ូគេធ្វើចូលដីយើង ក៏មាន គេមិនទាន់ប្រគល់ឲ្យយើងក៏មាន ប៉ុន្តែអានេះ យើងទុកឲ្យគេធ្វើចប់ អានេះជាសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីទាំងពីរ»។ លោកបានអះអាងថាមកដល់ពេលនេះ កម្ពុជាមិនទាន់ជ្រើសរើសយកយន្តការអន្តរជាតិ ដើម្បីប្តឹងករណីវៀតណាមរំលោភបូរណភាពទឹកដីខ្មែរនេះ ប្តឹងទៅតុលាការអន្តរជាតិនៅឡើយទេ បើទោះបីលោកទទួលស្គាល់ថា វៀតណាមពិតជាបានរំលោភលើកិច្ចព្រមព្រៀង កំណត់ព្រំដែននេះក៏ដោយ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ធ្លាប់អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទុកចិត្តរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។
ថ្មីៗនេះ ក្រសួងការបរទេសកម្ពុជាបានចេញកំណត់ទូតថ្មីមួយទៀតផ្ញើទៅកាន់ស្ថានទូតវៀតណាមនៅភ្នំពេញ ដោយទាមទារឲ្យរដ្ឋាភិបាលលវៀតណាមបញ្ឈប់ជាបន្ទាន់នូវការសាងសង់សំណង់ផ្សេងៗនៅតាមបន្ទាត់ព្រំដែនដែនដែលមិនទាន់បានបោះព្រំសីមា។ ក្នុងកំណត់ទូតនោះ ក្រសួងការបរទេសកម្ពុជាបានស្នើឲ្យភាគីវៀតណាមបញ្ឈប់ជាបន្ទាន់តាមដែលអាចធ្វើទៅបាន នូវការសាង់សង់សំណង់ក្នុងតំបន់៣តាមបណ្តោយព្រំដែនក្នុងខេត្តស្វាយរៀង ដែលមិនទាន់ត្រូវបានកំណត់ព្រំដែន។
បើតាមអះអាងរបស់រដ្ឋមន្រ្តីក្រសួងការបរទេស លោក ហោ ណាំហុង ក្រសួងការបរទេសកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយ បានធ្វើកំណត់ទូតទៅរដ្ឋាភិបាលវៀតណាមអំពីការរំលោភបំពានលើទឹកដីកម្ពុជានៅតំបន់ផ្សេងៗ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥នេះ ចំនួន១១ដងរួចមកហើយ។ រហូតមកដល់ពេលនេះ វៀតណាមមិនទាន់ឆ្លើយតបនឹងកំណត់ទូតដែលកម្ពុជាបានផ្ញើទៅថ្មីៗនេះនោះទេ៕
ប្រភព៖ ដោយ៖ យ៉ា រសាត់ និងស៊ុន ណារិន | ថ្ងៃសុក្រ ទី3 កក្កដា 2015, 05:59 PM
http://vodhotnews.com
សរសេរមកកាន់ លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com
Home / ព័ត៌មានជាតិ /
សេដ្ឋកិច្ចនយោបាយ
/ តំណាងរាស្រ្តបក្សប្រឆាំងស្នើលោក ហ៊ុន សែន ប្តឹងករណីវៀតណាមរំលោភដីទៅតុលាការអន្តរជាតិ
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment